ជាតិ
សេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច នឹងដាក់ឱ្យដំណើរការថ្នាលឌីជីថលគន្លឹះCamDL
10, Nov 2022 , 9:59 am        
រូបភាព
លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជាអ្នកដឺកនាំរៀបចំ និងគ្រប់គ្រងគម្រោងថ្នាលឌីជីថលគន្លឹះ CamDL
លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជាអ្នកដឺកនាំរៀបចំ និងគ្រប់គ្រងគម្រោងថ្នាលឌីជីថលគន្លឹះ CamDL
ថ្នាលឌីជីថលគន្លឹះ Cambodia Distributed Ledger (CamDL) នឹងត្រូវដាក់ឱ្យដំណើរការ នៅថ្ងៃទី១៣វិច្ឆិកា ក្នុង «វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ» នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ នាមជ្ឈមណ្ឌលកោះពេជ្រ។ ថ្នាលនេះ នឹងបំពេញតួនាទីជាប្រព័ន្ធអេកូឡូស៊ី នៃវិស័យហិរញ្ញវត្ថុវិមជ្ឈការដំបូងគេនៅកម្ពុជា ។

 
CamDL គឺជាបណ្តាញបច្ចេកវិទ្យាចម្រុះមួយ (Hybrid Permissioned Blockchain) ដែលបង្កើតឡើង សម្រាប់សាធារណជនសិក្សាស្វែងយល់ ដកពិសោធ ឬអភិវឌ្ឍកម្មវិធីក្នុងទម្រង់ Web 3.0 ឬកម្មវិធីដែលដំណើរការក្នុងវិស័យហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Application - DApp) ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃនៅក្នុងសហគមន៍ និងនៅក្នុងឧស្សាហកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច។ 
 
បើតាមក្រសួងសេដ្ឋកិច្ច ការដាក់ឲ្យដំណើរការថ្នាល CamDL នេះ គឺជាជំហានថ្មីមួយនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការទាញយកសក្តានុពលពីបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញឱ្យមាននវានុវត្តន៍ នៅក្នុងវិស័យបច្ចេក-វិទ្យាហិរញ្ញវត្ថុ(FinTech) និងវិស័យហិរញ្ញវត្ថុជារួម។ 
 
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ៖ «សាធារណជន ជាពិសេសអ្នកអភិវឌ្ឍកម្មវិធីអាចពិសោធដោយផ្ទាល់ និងសិក្សាឱ្យបានកាន់តែច្បាស់លាស់ និងស៊ីជម្រៅ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា ព្រមទាំងដើម្បីកាត់បន្ថយហានិភ័យ ឱ្យស្ថិតក្នុងកម្រិតអប្បបរមាពីបច្ចេកវិទ្យាថ្មីៗ តាមរយៈការប្រើប្រាស់ថ្នាលនេះ»។ 
 
ការដាក់ឱ្យដំណើរការថ្នាលឌីជីថលគន្លឹះ CamDLនេះ នឹងរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ ជាពិសេសជំរុញសុចរិតភាព និងស្ថិរភាពហិរញ្ញវត្ថុ ក្នុងការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ក្រសួងសេដ្ឋកិច្ចបន្តរៀបរាប់ថា តួអង្គពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីវិស័យហិរញ្ញវត្ថុវិមជ្ឈការ គឺមានវិស័យសាធារណៈ វិស័យធនាគារ វិស័យធានារ៉ាប់រង វិស័យមូលបត្រ វិស័យគណនេយ្យនិងសវនកម្ម សហគ្រាសទូទៅ ក៏ដូចជាសាធារណជនទូទៅ អាចប្រើប្រាស់ និងទទួលបានសារប្រយោជន៍មួយចំនួនពីថ្នាលឌីជីថលគន្លឹះនេះ។
 
ការដាក់ឱ្យដំណើរការ CamDL គឺជាផ្នែកមួយដែលត្រូវបានកំណត់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥៕
 

Tag:
 វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ
  CamDL
© រក្សាសិទ្ធិដោយ thmeythmey.com