ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន រំពឹងថា ការប្រមូលពន្ធដារឆ្នាំនេះ លើសផែនការយ៉ាងតិច១៥ភាគរយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងថ្លែងក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ នៅសណ្ឋាគារភ្នំពេញ។ រូបថត៖ SPM
× ១០ខែប៉ុណ្ណោះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលជាតិ លើសផែនការនៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ។
«យើងខ្ញុំប្រមូលប្រាក់ចំណូលពន្ធ តាមច្បាប់ថវិការបស់យើងត្រឹមតែជាង១០ខែប៉ុណ្ណោះ គឺយើងខ្ញុំសម្រេចបានលើស១០០ភាគរយនៃផែនការ»។ សម្តេច បានថ្លែងបែបនេះ ក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ នៅសណ្ឋាគារភ្នំពេញ នាល្ងាចថ្ងៃទី៨ វិចិ្ឆកា។ ប្រមុខរដ្ឋាភិបាល បានប្រាប់ថា ការប្រមូលពន្ធផ្ទៃក្នុងរបស់កម្ពុជា គឺអាចសម្រេចបានប្រមាណ១១៥ភាគរយ យ៉ាងតិច នាដំណាច់ឆ្នាំ២០២២នេះ ខណៈច្បាប់កំណត់ឱ្យប្រមូលចំណូល២ ៨១៩,៥៤ លានដុល្លារ។
សម្តេច ហ៊ុន សែន បានបន្ថែមថា៖ «នេះ គឺជាចំណែកមួយ ដើម្បីជួយទ្រទ្រង់ទៅដល់បញ្ហានៃការចំណាយដែលយើងកំពុងតែត្រូវរ៉ាប់រងជីវភាពរបស់ប្រជាជនរបស់យើង»។
សូមជម្រាបថា កាលឆ្នាំ២០២១អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបានចំនួន ១១,២៦៦.៧៩ប៊ីលានរៀល(ប្រមាណ ២,៧៨១.៩២ លានដុល្លារ)។ ប្រាក់ចំណូលដែលពន្ធដារប្រមូលបាននេះ គឺលើសផែនការរហូតដល់ ២៤,០២ភាគរយ នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១៕
Tag:
ពន្ធដារ
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com