ជាតិ
សេដ្ឋកិច្ច
អាស៊ាន
សម្តេច ហ៊ុន សែន៖ យើងត្រូវសហការគ្នា ដើម្បីធានាអាស៊ាននៅតែជាតំបន់ទាក់ទាញដ៏រស់រវើក
10, Nov 2022 , 2:29 pm        
រូបភាព
សម្តេច ហ៊ុន សែន កំពុងថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០វិច្ឆិកា
សម្តេច ហ៊ុន សែន កំពុងថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០វិច្ឆិកា
 ភ្នំពេញ៖ ជិតបីឆ្នាំមកនេះ​ប្រទេសក្នុងតំបន់អាស៊ាន បានខិតខំរួមគ្នាដាក់ចេញវិធានគោលនយោបាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ ក្នុងការកាត់បន្ថយផលប៉ះពាល់មកលើសង្គម និងសេដ្ឋកិច្ច។ សម្តេច ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ បានទាមទារ​ឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នា ដើម្បីធានាថា អាស៊ាននៅតែជាតំបន់ដែលមានភាពទាក់ទាញ និងរស់រវើក សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

 
អាស៊ានបានដាក់ចេញនូវ«ក្របខណ្ឌស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រាយរបស់អាស៊ាន(ACRF)» សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន និងការបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមជាមួយកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្តារឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩។ ការព្យាកររបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣(AMRO) បង្ហាញថា សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញជាមួយការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុក(GDP) ក្នុងអត្រា៣,១ភាគរយ នៅឆ្នាំ២០២១ និងឈានដល់អត្រា៥,៣ភាគរយ សម្រាប់ឆ្នាំ២០២២នេះ។ 
 
ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០វិច្ឆិកា  សម្តេច ហ៊ុន​ ​សែន ថ្លែងថា​ ទោះបីវិបត្តិកូវីដ-១៩ ​បានស្រាកស្រាន្តគួរឱ្យកត់សម្គាល់ ប៉ុន្តែស្ថានភាព ​និងទស្សនវិស័យសេដ្ឋកិច្ចសកល នៅតែមានភាពផុយស្រួយ និងងាយរងនូវវិបត្តិថ្មី ដោយអាស៊ាន​នៅតែបន្តប្រឈមនឹងបញ្ហាថ្មីៗ និងកាន់តែស្មុគស្មាញ ដែលកំពុងកើតឡើងជាបន្តបន្ទាប់ ទាំងទិដ្ឋភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភូមិសាស្រ្តនយោបាយ។ 
 
«ក្នុងស្មារតីនេះ អាស៊ានត្រូវតែប្រកាន់ភ្ជាប់នូវគោលការណ៍ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការបន្តជំរុញការធ្វើសេរីភាវូបនីយកម្ម ដើម្បីលើកកម្ពស់អាស៊ានឱ្យក្លាយជាតំបន់មួយដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ន»។ នេះជាការលើកឡើងរបស់សម្តេច ដោយបន្តថា  ទន្ទឹមនេះ ​អាស៊ានត្រូវបន្តរក្សាឱ្យបាននូវ«មជ្ឈភាព» និង «ឯកភាពអាស៊ាន» ក្នុងការកសាងទំនាក់ទំនងសកល និងតំបន់។​
 
លើសពីនេះ អាស៊ានក៏ត្រូវធ្វើឱ្យកាន់តែប្រសើរថែមទៀត​នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយនានា ដែលមានស្រាប់ សំដៅធានាថា កិច្ចព្រមព្រៀងទាំងនេះនៅតែរក្សាបាននូវទំនើបកម្ម ទាន់សម័យ មានលក្ខណៈកាន់តែប្រសើរ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះនិន្នាការធុរកិច្ច និងការវិនិយោគនាបច្ចុប្បន្ន។ 
 
ដើម្បីរក្សាបាននូវសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយនិរន្តរភាពនេះ សម្តេច​ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ក៏បានកំណត់បន្ថែមនូវគោលដៅយុទ្ធសាស្ត្រចំនួន៤ទៀត ដែលស្ថិតក្រោមសរស្តម្ភសហ-គមន៍សេដ្ឋកិច្ចអាស៊ាន។ ក្នុងនោះ មានការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន, ការជំរុញសមាហរណកម្ម  បរិយាប័ន្ន ភាពធន់ និងភាពប្រកួតប្រជែងរបស់អាស៊ានឱ្យខ្លាំងជាងមុន និងអាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។​
 
ប្រធានអាស៊ានប្តូរវេនរូបនេះបន្តមានប្រសាសន៍យ៉ាងដូច្នេះ៖ «យើងទាំងអស់គ្នា ត្រូវសហការគ្នា ដើម្បីធានាថា អាស៊ាននៅតែជាតំបន់ដែលមានភាពទាក់ទាញ និងរស់រវើកសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ»៕
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com