ជាតិ
ក្រសួងអប់រំ​ នឹងសាកល្បងអនុវត្តកម្មវិធីរៀនភាសាចិន នៅវិទ្យាល័យចំនួន២០
10, Nov 2022 , 5:29 pm        
រូបភាព
កម្ពុជា​ នឹងអនុវត្តសាកល្បងលើកម្មវិធីរៀនភាសាចិន នៅតាមវិទ្យាល័យចំនួន២០។ គម្រោងសាកល្បងអនុវត្តកម្មវិធីរៀនភាសាចិននេះ​ គឺត្រូវបានលើកឡើងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំប្រទេសចិន ស្តីពី ការអភិវឌ្ឍកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា។

 
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់សារព័ត៌មានថ្មីៗនារសៀលថ្ងៃទី១០វិច្ឆិកានេះ​ថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំកម្ពុជា និងក្រសួងអប់រំចិន ស្តីពីការអភិវឌ្ឍកម្មវិធីអប់រំភាសាចិនរួមគ្នានៅតាមសាលាមធ្យមសិក្សា គឺបានឈានដល់ដំណាក់កាលសាកល្បងអនុវត្តកម្មវិធីអប់រំភាសាចិន នៅតាមវិទ្យាល័យចំនួន២០ ដែលស្ថិតនៅក្នុងខេត្ត ២ ទៅ៣ ប៉ុណ្ណោះ។ តែយ៉ាងមិញលោក មិនបញ្ជាក់ឈ្មោះខេត្តដែលមានសាលាត្រូវអនុវត្តកម្មវិធីអប់រំភាសាចិននេះឡើយ។​
 
លោករស់ សុវាចា បានរៀបរាប់យ៉ាងខ្លីដូច្នេះ៖ «សម្រាប់កិច្ចការបច្ចេកទេស ក្រសួងអប់រំ យុវជន និងកីឡានឹងបង្កើតគណៈកម្មការ ដើម្បីបន្តកិច្ចការជាមួយភាគី ចិន»។
 
សូមជម្រាបថា​ កម្ពុជា-ចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាក្នុងការអភិវឌ្ឍ កម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមអធិបតីរបស់សម្តេច ហ៊ុន សែន និង លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព កាលពីថ្ងៃទី៩វិច្ឆិកា នាឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាមុននឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០​-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តិនៅរាជធានីភ្នំពេញពីថ្ងៃទី១១ដល់១៣វិច្ឆិកា៕ 
 

Tag:
 ភាសាចិន
  លោក រស់ សុវាចា
© រក្សាសិទ្ធិដោយ thmeythmey.com