FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អតីតប្រធាន FIFA ថា ការផ្តល់សិទ្ធិរៀបចំព្រឹត្តិការណ៍ World Cup នៅកាតាជាកំហុស 
×![]()
លោក Sepp Blatter អតីតប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ដែលធ្លាប់កាន់កាប់ការងារអំឡុងពេលប្រទេសកាតាត្រូវបានផ្តល់សិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ World Cup 2022 កាលពីឆ្នាំ ២០១០ នាថ្ងៃទី៨ ខែវិច្ឆិកា បាននិយាយថាការផ្តល់សិទ្ធិឱ្យកាតាគឺជាកំហុសដ៏ធំ និងជាជម្រើសដ៏អាក្រក់បំផុត។
ដូចដែលលោក Sepp Blatter បានលើកឡើងប្រទេសកាតាដែលត្រូវរៀបចំការប្រកួត World Cup គឺតែងត្រូវបានយាយីពីការរិះគន់នានា អំពីបញ្ហាចម្រូងចម្រាស និងការចោទប្រកាន់ពីអំពើពុករលួយ កត្តាសិទ្ធិមនុស្សជាដើម តាំងពីពេលប្រកាសលើកដំបូងពី FIFA កាលឆ្នាំ ២០១០ មក។
លោក Blatter ដែលធ្លាប់ដឹកនាំតំណែងកំពូល FIFA រយៈពេល ១៧ឆ្នាំ ក៏ជាបុគ្គលម្នាក់ត្រូវបានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបញ្ហាអំពើពុករលួយអំឡុងពេលលោកកាន់តំណែង។ អតីតប្រធាន FIFA រូបនេះទើបតែបញ្ចប់ការជុំនំជម្រះក្តីរួចរាល់នៅតុលាការប្រទេសស្វីសកាលពីខែមិថុនា កន្លងទៅផងដែរ។
មូលហេតុដែលលោក Blatter បានលើកថាការរៀបចំ World Cup នៅកាតាជាកំហុសក៏ព្រោះតែកាតាជាប្រទេសមួយដែលតូច ក្នុងការរៀបចំព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោកដ៏ធំ បើធៀបទៅប្រទេសដែលធ្លាប់ធ្វើម្ចាស់ផ្ទះពីមុនៗមក។
«វាគឺជាប្រទេសមួយដ៏តូច បាល់ទាត់ និង World Cup គឺធំខ្លាំងសម្រាប់ប្រទេសនេះ ហើយចាប់តាំងពីពេលប្រកាសមកដល់ពេលនេះ ការគិតគូពីបរិបទសង្គមនិងបញ្ហាសិទ្ធិមនុស្សតែត្រូវបានគេយកមកពិចារណា។ នេះជាកំហុសមួយដ៏ធំ នឹងជាជម្រើសដ៏អាក្រក់បំផុត។»។ លោក Blatter បាននិយាយប្រាប់កាសែតស្វីស Tages Anzeiger បែបនេះ។
កាតាជាប្រទេសស្ថិតនៅក្នុងតំបន់មជ្ឈឹមបូពា៍ដំបូងគេដែលរៀបចំព្រឹត្តិការណ៍ World Cup ហើយក៏ជាប្រទេសអារ៉ាប់ដំបូងគេផងដែរ។ បើតាមលោក Blatter ដដែល កាលពីឆ្នាំ ២០១២ FIFA ធ្លាប់បានធ្វើវិសោធនកម្មលើលក្ខណៈវិនិច្ឆ័យដែលខ្លួនបានជ្រើសរើសប្រទេសកាតាឡើងវិញ ដោយសារព្រួយបារម្ភអំពីលក្ខខណ្ឌការងារសាងសង់សំណងសម្រាប់ការរៀបព្រឹត្តិការណ៍នេះ។
មិនត្រឹមតែប៉ុណ្ណោះ World Cup 2022 ដែលចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ អតីតប្រធាន FIFA ដដែលនេះបានប្រាប់ឱ្យដឹងថាលោកក៏នឹងទស្សនាការប្រកួតនេះ ពីផ្ទះរបស់លោកក្នុងទីក្រុង Zurich ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com