ជាតិ
សេដ្ឋកិច្ច
ចិនផ្តល់ជំនួយជាង២៧លានដុល្លារ ដើម្បីជួយកែលម្អជីវភាពពលរដ្ឋកម្ពុជា
11, Nov 2022 , 8:59 am        
រូបភាព
លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃប្រទេសចិន ជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេច ហ៊ុន សែន មុននឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២
លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃប្រទេសចិន ជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេច ហ៊ុន សែន មុននឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២
 ភ្នំពេញ៖ ប្រទេសចិនសម្រេចផ្តល់ជំនួយ ២០០លានយ័​ន(ប្រមាណ២៧លានដុល្លារអាម៉េរិក) ដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា។ ជំនួយនេះត្រូវបានលើកឡើងក្នុងជំនួបទ្វេភាគីរវាង លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយ សម្តេច ហ៊ុន សែន នៅវិមានសន្តិភាព  នាថ្ងៃទី៩វិច្ឆិកា។​

 
ទោះបីជា​យ៉ាងណាក៏ដោយ ចិននឹងបន្តជួយកម្ពុជា ឱ្យមានវឌ្ឍនភាពបន្ថែមទៀត ក្នុងនោះចិននឹងផ្តល់ជំនួយបន្ថែមដល់កម្ពុជា ទៅលើវិស័យ។ លោក លី ខឺឈាង បានអះអាងបែបនេះ​នៅចំពោះមុខសម្តច ហ៊ុន សែន។ ក្នុងនោះ ចិនប្រកាសផ្តល់ជំនួយជាង២៧លានដុល្លារ ដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា។ 
 
លើសពីនេះ ចិនបន្តជួយដល់ការស្តារឡើងវិញនូវបេតិកភណ្ឌកម្ពុជា, បង្កើនចំនួននិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន, ជួយដល់សកម្មភាពដោះមីន ជាពិសេសចិន គឺជួយដល់ការរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣។ នេះជាការរៀបរាប់របស់លោក លី ខឺឈាង ដោយបន្ថែមថា ចិន នឹងជួយការស្ថាបនាស្ពានឆ្លងទន្លេមេគង្គ, ផ្លូវដែកតភ្ជាប់កម្ពុជា-ថៃ-ឡាវនិងប្រទេសចិន ព្រមទាំងជួយកម្ពុជាក្នុងវិស័យកសិកម្ម ដោយធ្វើយ៉ាងណាឱ្យផលិតផលកសិផលរបស់កម្ពុជាមានគុណភាពអាចនាំចេញទៅប្រទេសចិនស្របតាមកូតាដែលប្រគល់ជូន ក៏ដូចជាមានគុណភាពសម្រាប់នាំចេញទៅប្រទេសក្រៅ ផងដែរ។
 
លោក លី ខឺឈាង បានថ្លែងថា​៖ «ទំនាក់ទំនងរវាងកម្ពុជា និងចិន ជាទំនាក់ទំនងស៊ីជម្រៅលើគ្រប់វិស័យ។ ខ្ញុំ មានសេចក្តីរីករាយចំពោះទំនាក់ទំនងនេះ ជាពិសេសបានឃើញកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័សបែបនេះ»។
 
ជុំវិញនៃជំនួយខាងលើនេះ សម្តេច ហ៊ុន សែន ​បានថ្លែងអំណរគុណ និង បញ្ជាក់នៅចំពោះមុខលោក លី ខឺឈាង ថា៖ «ជំនួយទាំងនេះ នឹងជួយកម្ពុជាឱ្យមានវឌ្ឍនភាពកាន់តែខ្លាំងឡើង ថែមទៀត»។  លើសពីនេះសម្តេច ក៏ដឹងគុណដល់ភាគីចិន ដែលកន្លងមកធ្វើជាបង្អែកផ្តល់វ៉ាក់សាំងឱ្យកម្ពុជា បានឆ្លងផុតអំពីការរីករាលដាលជំងឺកូវីដ-១៩ និងបើកប្រទេសឡើងវិញ ផងដែរ។ 
 
 

Tag:
 សម្តេច ហ៊ុន សែន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com