ជាតិ
អាស៊ាន
ប្រធានាធិបតីអ៊ុយក្រែន ពុំទទួលបានឱកាសថ្លែងសារតាមវីដេអូមកកាន់កិច្ចប្រជុំអាស៊ាននៅកម្ពុជាឡើយ 
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ថ្លែងសុទ្ទរកថាតាមវីដេអូទៅកាន់សន្និសិទសារព័ត៌មានមួយនៅអាល្លឺម៉ង់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ រូបពី៖ AFP
×![]()
ដោយ៖ ទេពញាណ
អាស៊ាន មិនអាចឈានទៅដល់ការទទួលបានសេចក្តីសម្រេចរួមគ្នាជាឯកឆន្ទ ដើម្បីអនុញ្ញាតឲ្យលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងសុទ្ទរកថាតាមប្រព័ន្ធវីដេអូ ទៅកាន់កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាឡើយ។
សារព័ត៌មានខ្មែរថាមស៍ បានសួរស្ថានទូតអ៊ុយក្រែនប្រចាំវៀតណាម ហើយទទួលបានចម្លើយ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា គម្រោងអំពីការថ្លែងសុទ្ទរកថារបស់លោក ហ្សេលេនស្គី តាមវីដេអូទៅកាន់កិច្ចប្រជុំកំពូលអាស៊ាន ត្រូវបានលុបចោល ដោយសារមិនមានសំឡេងជាឯកឆន្ទពីសមាជិកទាំងអស់របស់អាស៊ាន ឬមិនគ្រប់កុងសង់ស៊ីស (Consensus)។
«គួរឲ្យសោកស្តាយ ការថ្លែងសុទ្ទរកថាតាមអនឡាញ [របស់លោកប្រធានាធិបតីអ៊ុយក្រែន ទៅកាន់កិច្ចប្រជុំកំពូលអាស៊ាន] មិនត្រូវបានរៀបចំឡើងនោះទេ»។ នេះជាការបញ្ជាក់របស់ស្ថានទូតអ៊ុយក្រែនប្រចាំវៀតណាមទៅកាន់ខ្មែរថាមស៍។
ជាគោលការណ៍ មុននឹងសម្រេចអ្វីមួយ អាស៊ាន ត្រូវទទួលបានការយល់ព្រមពីប្រទេសជាសមាជិកទាំង១០ ដោយមិនអាចខ្វះសមាជិកណាមួយឡើយ។
សូមរម្លឹកថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ាន បានសន្ទនាជាមួយលោក ហ្សេលេនស្គី តាមទូរស័ព្ទ។ ក្នុងកិច្ចសន្ទនានោះ លោកប្រធានាធិបតីអ៊ុយក្រែន បានស្នើសុំប្រធានអាស៊ាន ដើម្បីឲ្យលោក បានថ្លែងសុទ្ទរកថាតាមប្រព័ន្ធវីដេអូទៅកាន់កិច្ចប្រជុំកំពូលអាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ប្រព្រឹត្តទៅនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ក្រោមការរៀបចំរបស់កម្ពុជា ដែលជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះ។
ថ្វីបើលោក ហ្សេលេនស្គី ពុំមានឱកាសបានថ្លែងសុទ្ទរកថាតាមប្រព័ន្ធវីដេអូទៅកាន់កិច្ចប្រជុំកំពូលអាស៊ាន តែរដ្ឋមន្រ្តីការបរទេសរបស់លោក គឺលោក លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) កំពុងមានវត្តមាននៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយនេះ។ ភាគីរុស្ស៊ី ក៏មានរដ្ឋមន្រ្តីការបរទេសខ្លួន គឺលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ (Sergey Lavrov) សម្រាប់កិច្ចប្រជុំកំពូលអាស៊ានដែរ។ ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ជូនដំណឹងថា លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ នឹងមានវត្តមាននៅកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ រុស្ស៊ី និងអ៊ុយក្រែន បានប៉ះទង្គិចគ្នាជិត១ឆ្នាំហើយ ដោយចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ២០២២មក៕
Tag:
ប្រជុំអាស៊ាន
អ៊ុយក្រែន
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com