ជាតិ
អាស៊ាន
រដ្ឋមន្រ្តីការបរទេសអាស៊ាន ជជែកពីការកំណត់ពេលជាក់លាក់ដើម្បីផ្ដល់សមាជិកភាពឱ្យទីម័រខាងកើត 
លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន។ រូបថត តន ចាន់រិទ្ធារ៉ា
×![]()
រដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន បានជជែកពីការកំណត់ពេលវេលាជាក់លាក់ដើម្បីទទួលទីម័រខាងកើតជាសមាជិក។ នេះបើតាមការបញ្ជាក់របស់លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលនៅថ្ងៃទី១០ ខែវិច្ឆិកា។
បេក្ខភាពរបស់ទីម័រខាងកើតក្នុងអង្គការអាស៊ាន ជាប្រធានបទសំខាន់មួយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាននៅថ្ងៃទី១០ ខែវិច្ឆិកា។ បើតាមលោក គង់ ភោគ រដ្ឋមន្រ្តីការបរទេសអាស៊ានដែលចូលរួមកិច្ចប្រជុំ បានពិនិត្យពីរបាយការណ៍របស់បេសកកម្មស្វែងរកការពិតរបស់អាស៊ានជុំវិញពាក្យស្នើសុំរបស់ទីម័រខាងកើត។
ថ្លែងក្នុងការផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា លោក គង់ ភោគ ដែលជារដ្ឋលេខាធិការក្រសួងការបរទេសផងនោះ ក៏បញ្ជាក់ បណ្ដារដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏ពិភាក្សាពីការពន្លឿនការបញ្ចូលទីម័រខាងកើតនេះដែរ។
«រដ្ឋមន្រ្តីការបរទេស ពិនិត្យពីពេលវេលាជាក់លាក់ដើម្បីទទួលទីម័រខាងកើត។» លោក គង់ ភោគ បន្ថែមបែបនេះ។
បើតាមអ្នកនាំពាក្យដដែល បេសកកម្មស្វែងយល់ការពិតពីទីម័រចាប់ផ្ដើមនៅឆ្នាំ២០១៩ ដោយផ្ដោតលើសក្តានុពល និងចន្លោះខ្វះខាតរបស់ទីម័រខាងកើត។ យ៉ាងណាមិញ លោក គង់ ភោគ អះអាងថា ការផ្ទុះឡើងជំងឺកូវីដ-១៩ បង្កការរាំងស្ទះដល់ការវាយតម្លៃពីសមាជិកភាពរបស់ទីម័រខាងកើតលើផ្នែកមួយចំនួន។
ជុំវិញរឿងទីម័រនេះដែរ បេក្ខភាពជាសមាជិកទី១១ ត្រូវរំពឹងថា នឹងសម្រេចបាននៅឆ្នាំក្រោយពេលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ។ ត្រង់នេះ លោក គង់ ភោគ លើកឡើងថា តាមពិតទៅ កម្ពុជាគាំទ្រទីម័រពេញទំហឹង និងត្រៀមជួយប្រទេសនេះទៀត ហើយចង់ឱ្យទីម័រខាងកើតចូលជាសមាជិកឱ្យបានលឿនតាមតែអាចធ្វើបាន។
បេក្ខភាពរបស់ទីម័រខាងកើតនេះដែរ ត្រូវរំពឹងថា នឹងត្រូវស្ថិតតុចរចានាជំនួបកំពូលអាស៊ានដែលបើកជាផ្លូវការនៅថ្ងៃទី១១ ខែវិច្ឆិកា៕
© រក្សាសិទ្ធិដោយ thmeythmey.com