កីឡាជាតិ
ជាតិ
អាស៊ាន
ប្រវត្តិ នៃសហព័ន្ធកីឡាបាល់ទាត់អាស៊ាន និងការប្រកួតជើងឯកកីឡាបាល់ទាត់អាស៊ាន 
រូបពានរង្វាន់ AFF Mitsubishi Electric Cup 2022 រូបពីវេបសាយ AFF Mitsubishi Electric Cup
×![]()
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (Asean Football Federation) ឬហៅកាត់ថា AFF ត្រូវបានបង្កើតឡើងដោយប្រទេសអាស៊ានចំនួន៦ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៨៤ ដើម្បីឲ្យមានតុល្យភាព នៃវិស័យបាល់ទាត់ និងការពង្រឹងសាមគ្គីភាពប្រទេសក្នុងតំបន់អាស៊ាន ។ ដោយឡែក ការប្រកួតជើងឯក កីឡាបាល់ទាត់អាស៊ាន ចាប់បង្កើតឡើងដំបូងនៅឆ្នាំ១៩៩៦ ដោយមានឈ្មោះថា Tiger Cup។ បច្ចុប្បន្នពានរង្វាន់នេះ មានឈ្មោះថា AFF Mitsubishi Electric Cup ដោយប្ដូរតាមក្រុមហ៊ុនឧបត្ថម្ភ។
ប្រទេសចំនួន៦ ក្នុងចំណោមសមាជិកអាស៊ាន មាន ព្រុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន និងថៃ។ ពួកគេបានចាប់ផ្ដើមការប្រកួតប្រជែងក្នុងវិស័យបាល់ទាត់ ដោយរំពឹងថាក្រុមបាល់ទាត់ក្នុងតំបន់អាស៊ាន អាចក្លាយជាក្រុមខ្លាំងមួយ និងទទួលស្គាល់លើពិភពលោក។ ប្រទេសទាំងនោះ បានផ្ដើមគំនិតនេះ នៅអំឡុងឆ្នាំ១៩៨២។ លុះចូលដល់ឆ្នាំ១៩៨៤ ពួកគេ បានព្រមព្រៀងបង្កើត AFF បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី៣១ ខែមករា។
គោលដៅមួយទៀត ក្នុងការបង្កើត AFF នោះ គឺការធ្វើឲ្យមានតុល្យភាព នៃវិស័យបាល់ទាត់។ កីឡាបាល់ទាត់ ក្នុងប្រទេសនៃតំបន់អាស៊ាន មានកម្រិតខុសគ្នាខ្លាំង។ ដូចនេះ ការបង្កើតសហព័ន្ធនេះឡើង ដើម្បីចែករំលែក និងការដកស្រង់បទពិសោធន៍ពីប្រទេសដែលមានកម្រិតខ្ពស់ជាង។ នៅអំឡុងពេលនោះ អាស៊ាន គឺជាអង្គភាពនយោបាយដ៏រឹងមាំ ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍សម្រាប់ប្រទេសសមាជិកអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ ដូចនេះ កិច្ចសហប្រតិបត្តិការជិតស្និទ្ធ នៅកម្រិតបាល់ទាត់ ធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃកីឡាបាល់ទាត់នៅទូទាំងតំបន់ ហើយធ្វើឲ្យកាន់តែមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង។ បច្ចុប្បន្ន ស្ថាប័ននេះ មានសមាជិកចំនួន ១២ប្រទេសចូលរួម។ ប្រទេសចំនួន៤ មានកម្ពុជា, វៀតណាម, ឡាវ និងមីយ៉ាន់ម៉ា បានចួលរួមជាមួយ AFF នៅឆ្នាំ១៩៩៦ ចំណែក ទីម័រខាងកើត ចូលរួមឆ្នាំ២០០៤ រីឯ អូស្ដ្រាលី នៅឆ្នាំ២០១៣។
ស្ថាប័នកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ាននេះ ចាប់ពីបង្កើតមកដល់ពេលឆ្នាំ២០២២ មានរយៈពេល៦អាណត្តិ ហើយអាណត្ដិទី៦នេះ លោក ខៀវ សាមេត ជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន។ ដោយការប្រកួតប្រជែងកីឡាបាល់ទាត់ក្នុងតំបន់ កាន់តែប្រកួតប្រជែងឡើងៗ ហើយបណ្ដាក្រុមនីមួយៗ មានកម្រិតកើនឡើង ដែលនេះ បានបង្ហាញពីការចូលរួមយ៉ាងសកម្ម ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន។
លុះចូលដល់ឆ្នាំ១៩៩៦ AFF បានបង្កើតព្រឹត្តិការណ៍ប្រកួតក្នុងតំបន់ឡើង គឺ AFF Championship ដែលត្រូវបានដាក់ឈ្មោះដំបូងថា Tiger Cup ព្រោះក្រុមហ៊ុន Tiger ជាអ្នកឧបត្ថម្ភធំ។ ប៉ុន្ដែពេលនោះ កម្ពុជា, ឡាវ, វៀតណាម និងមីយ៉ាន់ម៉ា នៅជាប្រទេសដែលត្រូវបានគេអញ្ជើញឲ្យចូលរួមទេ។ ព្រឹត្តិការណ៍ប្រកួតនេះ ធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង។ ក្រុមហ៊ុន Tiger បានឧបត្ថម្ភចាប់ពីឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ២០០៤។ លុះចូលដល់ការប្រកួតនាឆ្នាំ២០០៧ AFF មិនមានក្រុមហ៊ុនណា ដេញថ្លៃឧបត្ថម្ភនោះទេ។ ចូលមកឆ្នាំ ២០០៨-២០២០ ក្រុមហ៊ុន Suzuki បានធ្វើជាអ្នកឧបត្ថម្ភ ដោយបានផ្ដូឈ្មោះថា AFF Suzuki Cup។ បច្ចុប្បន្ន ពានរង្វាន់នេះ បានប្ដូឈ្មោះថា AFF Mitsubishi Electric Cup ដោយក្រុមហ៊ុន Mitsubishi Electric ជាអ្នកឧបត្ថម្ភធំ។ ព្រឹត្តិការណ៍នេះ គឺជាការប្រកួតរដូវកាលទី១៤ ហើយចាប់តាំងពីឆ្នាំ១៩៩៦៕
Tag:
អាស៊ាន
បាល់ទាត់
AFF
AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com