ជាតិ
អាស៊ាន
មន្រ្តីសេតវិមាន៖ ដល់កម្ពុជា ប្រធានាធិបតីអាម៉េរិក អាចនឹងលើកឡើងពីប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងក្តីកង្វល់ផ្សេងទៀត 
លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាម៉េរិក ទទួលស្វាគមន៍សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ាន ពេលសម្តេចទៅចូលរួមធ្វើជាសហប្រធានជាមួយលោក ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅក្នុងសេតវិមានប្រធានាធិបតីអា
×![]()
ដោយ៖ ទេពញាណ
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នឹងមានវត្តមាននៅកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក និងកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា។ ប្រធានាធិបតីនៃប្រទេសមហាអំណាចរូបនេះ ក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ានផងដែរ។
ពេលទៅដល់កម្ពុជា លោកប្រធានាធិបតី ចូ បៃឌិន អាចនឹងនិយាយពីករណីរបស់អ្នកនាង សេង ធារី ជាស្រ្តីខ្មែរមានសញ្ជាតិអាម៉េរិក ដែលកំពុងជាប់ឃុំដែរឬទេ? អ្នកកាសែតម្នាក់ បានសួរសំណួរនេះទៅកាន់មន្រ្តីជាន់ខ្ពស់នៃសេតវិមានប្រធានាធិបតីអាម៉េរិក។
មន្រ្តីជាន់ខ្ពស់នៃសេតវិមាន ពុំបានផ្តល់ម្លើយឲ្យចំពីករណីរបស់អ្នកនាង សេង ធារី នោះទេ។ មន្រ្តីជាន់ខ្ពស់នៃសេតវិមាន ផ្តល់ចម្លើយបែបនេះថា៖«អ្នក អាចសន្និដ្ឋានថា លោកប្រធានាធិបតី នឹងលើកឡើងពីសារសំខាន់នៃការគាំទ្ររបស់អាម៉េរិក ដល់ប្រជាជនកម្ពុជា ដែលប្រាថ្នាចង់ឲ្យប្រទេសមានភាពរុងរឿង ប្រជាធិបតេយ្យ ឯករាជ្យ ការគោរពសិទ្ធិមនុស្ស និងអាចលើកឡើងពីការព្រួយបារម្ភរបស់យើងលើករណីជាក់លាក់មួយចំនួនទៀត»។
ការឆ្លើយឆ្លងរវាងមន្រ្តីជាន់ខ្ពស់នៃសេតវិមាន និងអ្នកកាសែត ត្រូវបានស្រង់យកទៅផ្សព្វផ្សាយតាមរយៈ
សេចក្តីប្រកាសព័ត៌មាន ដែលចេញដោយសេតវិមាន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-លើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត បានចាប់ផ្តើមជាផ្លូវការ ពីថ្ងៃទី១១នេះទៅ ហើយដំណើររហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រោមការរៀបចំរបស់កម្ពុជា ដែលជាប្រធានអាស៊ាន។
ក្រៅពីលោក ចូ បៃឌិន តំណាងប្រទេសដទៃទៀតនៅក្រៅតំបន់អាស៊ាន ដូចជា នាយករដ្ឋមន្រ្តីនៃមហាអំណាចចិន រដ្ឋមន្រ្តីការបរទេសនៃមហាអំណាចរុស្ស៊ី និងរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ជាដើម បូករួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផង ក៏មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាដែរ៕
Tag:
កម្ពុជា
អាម៉េរិក
ហ៊ុន សែន
ចូ បៃឌិន
កិច្ចប្រជុំអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com