ជាតិ
អាស៊ាន
កម្ពុជា ជំរុញឱ្យហ្វីលីពីន បង្កើនការ​នាំចូលអង្ករ​ និងផលិតផល​កសិកម្មផ្សេងទៀត​ពីកម្ពុជា
11, Nov 2022 , 1:56 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (ស្ដាំ) និងលោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតី ហ្វីលីពីន (ឆ្វេង) ក្នុងជំនួបពិភាក្សាការងារទ្វេភាគី កាលពីថ្ងៃទី១០ វិច្ឆិកា។ រូបភាព៖ ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (ស្ដាំ) និងលោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតី ហ្វីលីពីន (ឆ្វេង) ក្នុងជំនួបពិភាក្សាការងារទ្វេភាគី កាលពីថ្ងៃទី១០ វិច្ឆិកា។ រូបភាព៖ ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន។
ភ្នំពេញ៖ កម្ពុជា បានជំរុញឱ្យហ្វីលីពីន បង្កើនការនាំចូលអង្ករពីកម្ពុជា ក៏ដូចជាផលិតផលពាក់ព័ន្ធនឹងវិស័យកសិកម្មដទៃទៀត ឱ្យបានកាន់តែច្រើន។ ការជំរុញនេះ ធ្វើឡើងក្នុងជំនួប​ទ្វេភាគីរវាង សម្តេច ហ៊ុន​សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន នាថ្ងៃទី១០ ខែវិច្ឆិកា។ នេះបើតាមទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន ដែលបានចុះផ្សាយពីលទ្ធផលនៃជំនួបទ្វេភាគីនេះ នាយប់ថ្ងៃទី១០ វិច្ឆិកា។



បើតាមទំព័រហ្វេសប៊ុកដដែល ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រាប់ទៅប្រធានាធិបតីហ្វីលីពីនថា  ក្រុមហ៊ុនហ្វីលីពីន អាចដាក់ទុនវិនិយោគទាំងស្រុងលើការសង់រោងម៉ាស៊ីនកិនស្រូវ , ឡសម្ងួត ​និងឃ្លាំងស្តុក សម្រាប់ប្រមូលទិញស្រូវ ដើម្បី​សម្ងួត និងកិននាំចេញ ទៅ​ហ្វីលីពីន។  មិនតែប៉ុណ្ណោះ ក្រុមហ៊ុនហ្វីលីពីន ក៏អាចឱ្យកសិករកម្ពុជា ដាំដុះប្រភេទស្រូវ ដែលជាតម្រូវការរបស់ប្រជាជនហ្វីលីពីនផងដែរ។ 
 
បន្ថែមពីលទ្ធផលដែលផ្សាយនៅទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ​ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្តីព័ត៌មានអំពីលទ្ធផលនៃជំនួបទ្វេភាគីនេះដែរ។ បើតាមក្រសួងការបរទេស នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានបង្ហាញបំណងដូចគា្នក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសគឺក្នុងវិស័យការពារជាតិ, កសិកម្ម, ពាណិជ្ជកម្ម, ទេសចរណ៍, ព័ត៌មានវិទ្យា, ឡូជីស្ទីកផងដែរ។  ថ្នាក់ដឹកនាំទាំងពីរ ក៏មិនភ្លេចលើកឡើងពីការពេញចិត្តចំពោះការវិវត្តដ៏ល្អនៃចំណងការទូត ៦៥ឆ្នាំកន្លងមក រវាងកម្ពុជា និងហ្វីលីពីនផងដែរ។  
 
សូមជម្រាបថា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករគ្រប់ប្រភេទ ទៅកាន់ទីផ្សារអន្តរជាតិ ចំនួន ៥០៩ ២៤៩តោន  គិតឡើង១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។ ទឹកប្រាក់សរុបពីការនាំចេញអង្ករចេញនេះ មានចំនួន ៣២៣.៩០ លានដុល្លារ​អាម៉េរិក។ ប្រទេសចិន និងបណ្តាប្រទេសនៅតំបន់អឺរុប ជាទីផ្សារនាំចេញអង្ករធំជាងគេរបស់កម្ពុជា ខណៈប្រទេសសមាជិកអាស៊ានចំនួន ៤ បាននាំចូលអង្ករពីកម្ពុជាក្នុងបរិមាណជាង ៤.៨ម៉ឺនតោនផងដែរ ក្នុងរយៈពេល១០ខែឆ្នាំ២០២២នេះ៕
 

Tag:
 កសិកម្ម
  កិច្ចប្រជុំកំពូលអាស៊ានលើក
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com