ជាតិ
ជីវភាពក្រីក្រ និងជំងឺប្រចាំកាយ តែពលរដ្ឋស្រុកក្រូចឆ្មារ​ខ្លះ មិនទាន់មានបណ្ណក្រីក្រ
11, Nov 2022 , 3:02 pm        
រូបភាព
អ្នកស្រី សុះ សារ៉ស់ ស្ត្រីមេម៉ាយ រស់នៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កំពុងឈរនៅពីមុខផ្ទះតៀមជាប់ដី ប្រក់ដោយស័ង្កសី នៅថ្ងៃទី១៥ ខែតុលាឆ្នាំ២០២២។ រូបភាពដោយ ស៊ុល រ៉វី។
អ្នកស្រី សុះ សារ៉ស់ ស្ត្រីមេម៉ាយ រស់នៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កំពុងឈរនៅពីមុខផ្ទះតៀមជាប់ដី ប្រក់ដោយស័ង្កសី នៅថ្ងៃទី១៥ ខែតុលាឆ្នាំ២០២២។ រូបភាពដោយ ស៊ុល រ៉វី។
និងអ៊ីសា ហាសាណះ​

ស្រុកក្រូចឆ្មារ, ត្បូងឃ្មុំ៖ ពលរដ្ឋមួយចំនួន ក្នុងមូលដ្ឋានភូមិស្វាយឃ្លាំង ក្នុងខេត្តត្បូងឃ្មុំ ដែលមានជីវភាពក្រលំបាក មានជំងឺប្រចាំកាយ នៅមិនទាន់ទទួលបានបណ្ណសមធម៌ ឬបណ្ណក្រីក្រ ខណៈកន្លងមកពួកគេធ្លាប់ស្នើសុំទៅកាន់អាជ្ញាធរ។ អ្វីដែលចម្លែកចិត្តសម្រាប់ពលរដ្ឋទាំងនោះ គឺអាជ្ញាធរឱ្យរង់ចាំទៅវិញ។



ជាង១៥ឆ្នាំហើយ ដែលរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ បានដំណើរការកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅកម្ពុជា។ កម្មវិធីនេះ បានផ្ដល់ផលប្រយោជន៍ ដល់ពលរដ្ឋក្រីក្រ ឬជនងាយរងគ្រោះ តាមរយៈជំនួយជាថវិកា និងសេវាសុខាភិបាលជាដើម។  
 
ថ្វីបើកម្មវិធីនេះ បានដំណើរការជាងមួយទស្សវត្សរ៍ទៅហើយ ប៉ុន្តែការផ្ដល់បណ្ណសមធម៌ ឬបណ្ណក្រីក្រនេះ ត្រូវបានពលរដ្ឋ និង អង្គការក្រៅរដ្ឋាភិបាល មើលឃើញថា នៅមានភាពឆក់ល្វែង និងមិនទាន់មានតម្លាភាពពេញលេញនៅឡើយ។ ជាក់ស្ដែងពលរដ្ឋខ្លះរស់នៅភូមិទី៥ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មិនទាន់ទទួលបានបណ្ណសមធម៌នេះប្រើប្រាស់នៅឡើយ ខណៈជីវភាពក្រលំបាក។ 
 
អ្នកស្រី សុះ សារ៉ស់ ជាពលរដ្ឋមួយរូប រស់នៅក្នុងភូមិទី៥ ឃុំស្វាយឃ្លាំង។ អ្នកស្រីជាស្ត្រីមេម៉ាយ និងមានជំងឺលើសឈាម ដែលជាជំងឺប្រចាំកាយ និងរស់នៅក្នុងខ្ទមប្រក់ស័ង្កសី ដែលបាំងដោយក្រណាត់កៅស៊ូ សង់តៀមជាប់លើដី។ លំនៅដ្ឋានរបស់អ្នកស្រី ដែលកំពុងស្នាក់នៅបច្ចុប្បន្ននេះ គឺត្រូវបានបងប្អូនប្រជាពលរដ្ឋជិតខាងជួយធ្វើ ខណៈដីធ្វើទៀតសោត សង់លើដីអ្នកភូមិ ដែលអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្នតែប៉ុណ្ណោះ។
  

 អ្នកស្រី សារ៉ស់ ស្ត្រីមេម៉ាយ រស់នៅភូមិទី៥ កំពុងអង្គុយលើអង្រឹង ស្ថិតក្នុងផ្ទះរបស់ខ្លួន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។ រូបភាពដោយ ស៊ុល រ៉វី។ 

ស្ត្រីវ័យ៦៦ឆ្នាំរូបនេះ រៀបរាប់ពីជីវភាពលំបាករបស់ខ្លួនទាំងអួលដើមកដូច្នេះ៖ «ជីវភាព(រាល់ថ្ងៃ)ពិបាកវាហួសពិបាកហើយ ពិបាកមែនទែន អត់មានលុយទិញថ្នាំសង្កូវលេបទេ រស់នៅម្នាក់ឯង ហើយកូនប្រុសៗនោះមានគ្រួសារ ហើយវាក្រវាដែរ»។ 
 
អ្នកស្រីលើកឡើងថា ប្រសិនបើមានបណ្ណក្រីក្រ នឹងអាចជួយជីវភាពរបស់អ្នកស្រីបានច្រើន ខណៈរៀងរាល់ខែអ្នកស្រីត្រូវចំណាយថវិកាប្រមាណ ១២ម៉ឺនរៀលទៅលើឱសថព្យាបាលជំងឺ ដែលកន្លងមកលុយទាំងនោះបានមកពីដើរសុំទានខ្លះ និងអ្នកជិតខាងជួយខ្លះ។  
 
ពាក់ព័ន្ធនឹងបណ្ណសមធម៌នេះកន្លងមក អ្នកស្រីក៏ធ្លាប់ស្នើសុំទៅកាន់មេភូមិ ជាច្រើនដងរួចមកហើយ ប៉ុន្តែខាងអាជ្ញាធរមិនដែលចុះមកសម្ភាស ឬវាយតម្លៃពីស្ថានភាពរបស់អ្នកស្រីឡើយ​ គឺបានត្រឹមឱ្យអ្នកស្រីរង់ចាំប៉ុណ្ណោះ។ អ្នកស្រីថា ការរងចាំដោយមិនឃើញអាជ្ញាធរចុះមក សម្ភាសខ្លួនបែបនេះ អ្នកស្រីពិតជាអស់សង្ឃឹម និងខកចិត្តទៅលើថ្នាក់ដឹកនាំមូលដ្ឋានរបស់ខ្លួនណាស់។
 
អ្នកស្រីថ្លែងបន្ថែមថា៖«(ខ្ញុំ)ធ្លាប់សុំ ប៉ុន្តែគេមិនឱ្យ! គេ(មេភូមិ)ថាតែឈប់សិនៗ វាមិនទាន់ធ្លាក់ មិនដឹងពេលណាបានគេធ្លាក់។ ខ្ញុំសុំប្រហែលជាង ១ឆ្នាំហើយ ហើយថ្មីៗនេះក៏ខ្ញុំសុំដែរ ប៉ុន្តែគេនៅតែឆ្លើយថា ចាំសិនដដែល។ ខ្ញុំក៏ធ្លាប់ទៅសួរនាំដល់មេឃុំផងដែរ ប៉ុន្តែគេ(មេឃុំ) ថាឱ្យតែមេភូមិកត់ឈ្មោះឱ្យ គឺគេធ្វើឱ្យហើយ។ អ្វីដែលសំខាន់ គឺខ្លួនខ្ញុំឈឺមិនមានលុយទិញថ្នាំទេ ហើយប្រសិនបើមានបណ្ណក្រីក្រទៅ ខ្ញុំមិនត្រូវអស់លុយពេលទៅបើកថ្នាំទេ»។
 
អ្នកស្រីបង្ហាញពីអារម្មណ៍ខកចិត្តរបស់ខ្លួនដូច្នេះថា៖ «គេឱ្យចាំៗ ខ្ញុំគិតថាមិនបាន(ប័ណ្ណក្រីក្រ)មកយើងទេ មើលទៅគេ(អាជ្ញាធរ)អត់ខ្វល់ពីយើងហ្មង យាយទៅភូមិហ្នឹងគេមិនសូវគិតគូរឱ្យយើងទេ ហើយកន្លែង(ផ្ទះ)ខ្ញុំលិចទឹកលិចអី គេមិនដែលមកមើលទេ។ ខ្ញុំខកចិត្តណាស់!»។ 
 
មិនខុសពីអ្នកស្រី សារ៉ស់ ប៉ុន្មានឡើយ លោក ម៉ាត់ ណាសៀត ដែលជាអ្នកភូមិជាមួយអ្នកស្រីដែរនោះ ក៏មានជីវភាពលំបាកផងដែរ។ បុរសវ័យ៤៧ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានថា ជីវភាពគ្រួសាររបស់ខ្លួនជួបការលំបាក ដោយសារកូន២នាក់មានជំងឺប្រចាំកាយ រួមនឹងប្រពន្ធផង ដែលត្រូវការចំណាយថវិកាលើថ្នាំសង្កូវជាប្រចាំ។ លោកបានប្រាប់ថា​ កូនប្រុសច្បងរបស់លោក មានជំងឺពកក ប៉ុន្តែមិនទាន់អាចវះបាននៅឡើយ ដោយមានមេរោគក្នុងបំពង់ក ត្រូវលេបថ្នាំជាប្រចាំ ជាសះស្បើយសិនទើបអាចវះបាន។ចំណែកកូនស្រីទី២វិញ ដុះសាច់ដែលត្រូវវះកាត់ ឯរូបលោកផ្ទាល់ ក៏ប្រតិកម្មជាមួយស៊ីម៉ងត៍ផងដែរ។ 
  

 លោក ម៉ាត់ ណាសៀត ជាមួយនឹងគ្រួសារ ឈរនៅពីមុខផ្ទះរបស់ពួកគេ ស្ថិតក្នុងភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។ រូបភាពដោយ ស៊ុល រ៉វី។ 

លោកថា៖« ជីវភាពខ្វះខាតខ្លាំងពេក អ្នកជិតខាងធ្លាប់បានស្នើសុំបណ្ណក្រីក្រពីមេភូមិឱ្យគ្រួសារខ្ញុំដែរ ប៉ុន្តែមេភូមិតែងតែប្រាប់ថា ចាំលើកក្រោយ ហើយរយៈពេលនៃការស្នើសុំនេះគឺមានរយៈពេលជាងពីរឆ្នាំមកហើយ»។
 
លោកបានឱ្យដឹងបន្ថែមថា បច្ចុប្បន្នលោកទៅស៊ីឈ្នួលគេធ្វើសំណង់ ទោះខ្លួនមានប្រតិកម្មទៅនឹងស៊ីម៉ងត៍ក្តី ដើម្បីបានប្រាក់ខ្លះចិញ្ចឹមគ្រួសារ និងខ្លះទៀតទិញថ្នាំឱ្យកូន។ ការងារសំណង់នេះ ជាការងារបន្ទាប់បន្សំប៉ុណ្ណោះ បន្ទាប់ពីរបរដាំថ្នាំជក់ ប៉ុន្តែដោយសារថ្នាំជក់រយៈពេល២ ឬ៣ឆ្នាំនេះ គឺមិនអំណោយផលសោះ។
 
លោកបន្តទៀតថា៖«ប្រហែលកន្លះខែមុន ក៏គាត់(មេភូមិ) ប្រាប់ថាចាំសារក្រោយដែរ ដោយក្នុងកំឡុងខែ១០(ខែតុលា)នេះ គេចាប់ផ្តើមកត់ឈ្មោះសារថ្មី ដូច្នេះគេថា ចាំគេ(មេភូមិ)ដាក់ឈ្មោះឱ្យមួយ ដល់ពេលអ៊ីចឹងខ្ញុំក៏ចេះតែនៅស្ងៀមចាំមើលគេសិនទៅ»។ 
 
លោកក៏បានបញ្ជាក់ដែរថា កាលដែលអ្នកភូមិស្នើសុំឱ្យគ្រួសារលោកដំបូង គឺគេតែងតែលើកហេតុផលថា គ្រួសាររបស់លោកមានផ្ទះហើយ ប៉ុន្តែជាក់ស្តែងផ្ទះដែលលោករស់នៅសព្វថ្ងៃនេះ គឺជាកេរ្តិ៍ពីជីដូនជីតាមក និងគ្រាន់តែជាសំបកផ្ទះមួយប៉ុណ្ណោះមិនមានអ្វីនោះទេ។
 
បើតាមលោក ណាសៀត ផ្ទាល់ជំងឺរបស់កូនប្រុសរបស់លោកត្រូវការថវិកាប្រមាណ ៨០០ដុល្លារអាម៉េរិក ដើម្បីធ្វើការវះកាត់ ហើយប្រសិនបើមានបណ្ណសមធម៌ ឬបណ្ណក្រីក្រ ប្រហែលជាអាចសម្រាលបន្ទុកគ្រួសាររបស់លោកបានច្រើន និងអាចជួយឱ្យកូនៗរបស់លោកទាំងពីរឱ្យទទួលបានការវះកាត់ផងដែរ។ លោកក៏សង្ឃឹមថា អាជ្ញាធរភូមិ ឃុំ និងជួយសម្រួលដល់គ្រួសាររបស់លោកបានឆាប់ៗខាងមុខនេះ។ 
 
ជាមួយគ្នានេះដែរ លោកស្រី ម៉ាត់ ខត់ជះ ជាស្ត្រីមេម៉ាយមួយរូបទៀតនៅក្នុងភូមិនេះ ក៏បានប្រាប់អ្នកសារព័ត៌មានទាំងអួលដើមកដែរថា លោកស្រីធ្លាប់បានស្នើសុំបណ្ណក្រីក្រនេះពីមេភូមិចំនួនពីរលើករួចមកហើយ ប៉ុន្តែអ្វីដែលលោកស្រីទទួលបាន គឺការប្រើប្រាស់ពាក្យសម្តីមិនគួរសមពីសំណាក់លោកមេភូមិ។ 
  

 អ្នកស្រី ម៉ាត់ ខត់ជះ ជាស្ត្រីមេម៉ាយ នៅក្នុងភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កំពុងផ្ដល់បទសម្ភាស ជាមួយអ្នកសារព័ត៌មាន នៅលើផ្ទះរបស់ខ្លួន នាម៉ោងប្រមាណជា ៧យប់។ រូបភាពថតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ដោយ ស៊ុល រ៉វី។ 

លោកស្រីថា៖«គេ(មេភូមិ)ប្រាប់ថាយើងមានផ្ទះនៅហើយ មានកូននៅជាមួយហើយ ខ្លួននៅមានកម្លាំង ចង់បានបណ្ណក្រីក្រអីទៀត? ខ្ញុំក៏ប្រាប់គេវិញថា ខ្ញុំមិនមានអ្វីទេ ខ្លួនមេម៉ាយនៅជាមួយកូនស្រី ហើយកូនក៏មេម៉ាយត្រូវចិញ្ចឹមកូនរបស់គេដល់ទៅបីនាក់ទៀត។ ស្ថានភាពក៏ពិបាក តែគេនៅតែបដិសេដមិនឱ្យដដែល។ ពេលនោះខ្ញុំឈឺចិត្តតែម្តង និយាយមិនចង់រួច រកតែទឹកភ្នែក គេមិនអាសូរយើង ខណៈដែលខ្ញុំក្រប៉ុណ្ណឹងហើយ គេថាខ្ញុំមានផ្ទះធំនៅទៀត ទាំងដែលផ្ទះកំពុងរស់នៅនេះ ជាផ្ទះកេរ្តិ៍ពីម្តាយប៉ុណ្ណោះ»។ 
 
អ្នកស្រីពិតជាមានការខកចិត្តពីសំណាក់មេភូមិរបស់លោកស្រីជាពន់ពេក ដែលមើលរំលងពីភាពលំបាករបស់ប្រជាពលរដ្ឋក្នុងភូមិ។ អ្នកស្រីថា ប្រសិនបើពេលអ្នកស្រីទៅស្នើសុំបណ្ណក្រីក្រ ហើយមេភូមិបានត្រឹមចុះមកមើលពីស្ថានភាពរស់នៅរបស់ខ្លួនរាល់ថ្ងៃនេះ ក៏អស់ចិត្តដែរ តែនេះមិនមានសូម្បីតែការចុះមកមើលពីស្ថានភាពរបស់អ្នកស្រី ថែមទាំងទទួលបានការបដិសេធជាមុនទៅវិញ។ 
 
ពាក់ព័ន្ធនឹងការផ្ដល់បណ្ណសមធម៌នេះ លោក សា សាត ជាមេភូមិទី៥ នៃឃុំស្វាយឃ្លាំង មានប្រសាសន៍ថា  ខ្លួនក៏មិនមានសិទ្ធិក្នុងការសម្រេច លើការផ្ដល់បណ្ណសមធម៌ ឬបណ្ណក្រីក្រនោះទេ គឺត្រូវអនុវត្តន៍តាមគោលការណ៍ និងលក្ខខណ្ឌដែលបានកំណត់។
  

 លោក សា សាត ជាមេភូមិទី៥ នៃឃុំស្វាយឃ្លាំង កំពុងផ្ដល់សម្ភាស ដល់អ្នកសារព័ត៌មាន នៅពីមុខផ្ទះរបស់ខ្លួន។ រូបភាពថតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ដោយស៊ុល រ៉វី។ 

 លោកថា៖ «យើងជ្រើសរើសជាក់ស្ដែង ហើយយើងអនុម័តគ្នា ជ្រើសរើសឈ្មោះ ដោយហៅប្រធានភូមិ អនុភូមិ ក្រុមប្រឹក្សាម្នាក់ ហើយពិភាក្សាគ្នាតើយើងគួរដាក់ ឬទេ បើពិនិត្យទៅត្រូវដាក់ គឺដាក់។ រួចហើយពេលរើសបាន ៣០ ឬ៤០នាក់ហើយ យើងពិភាក្សាគ្នាទៀត តើត្រូវគូស ឬខ្វែង ថាត្រូវសម្ភាសគាត់ឬទេ»។
 
លោកបន្តថា ឈ្មោះអ្នកដែលលោកបានដាក់ទៅថ្នាក់លើ ក៏មិនប្រាកដថាទទួលបានបណ្ណដែរ គឺត្រូវឆ្លងកាត់ដំណាក់កាលសម្ភាសផ្ទាល់របស់មន្ត្រីអនុវត្តការងារនេះបន្តទៀត។ ជាមួយគ្នានេះ លោកក៏បានបដិសេដ លើការចោទប្រកាន់ លើការផ្តល់បណ្ណនេះធ្វើតាមនិន្នាការបក្ស ឬក៏ប្រកាន់បក្សផងដែរ។ 
 
លោកបញ្ជាក់ថា៖ «ការធ្វើបណ្ណនេះ គឺធ្វើឡើងតាមលក្ខខណ្ឌជាក់ស្តែង មិនមានការប្រកាន់បក្សពួក ឬសាច់ញាតិនោះទេ ប៉ុន្តែគឺមើលទៅតាមស្ថានភាពគ្រួសាររបស់ពួកគាត់ជាក់ស្តែង ទោះបីអ្នកជិតផ្ទះរបស់ខ្ញុំផ្ទាល់ដែលមានជីវភាពខ្វះខាតមួយចំនួនក៏មិនទទួលបណ្ណនេះដែរ ដោយហេតុថា ជាការអនុម័តជាក់ស្តែងពីថ្នាក់លើប៉ុណ្ណោះ មិនមែនជាការសម្រេចរបស់ខ្ញុំនោះទេ»។ 
 
តាមរយៈការបកស្រាយ របស់លោកមេភូមិខាងលើនេះ ទំនងការជ្រើសរើស ឬសម្រេចការផ្ដល់បណ្ណសមធម៌ គឺត្រូវឆ្លងកាត់ការពិភាក្សាជាមុន នឹងចុះទៅសម្ភាសវាយតម្លៃ ពីស្ថានភាពគ្រួសាររបស់ពួកគេ។ ការណ៍នេះ ហាក់ចាកពីការពន្យល់ពីលោក កែវ អ៊ូលី ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រួសងផែនការ ដែលថា រាល់សំណើដែលពលរដ្ឋស្នើសុំធ្វើបណ្ណសមធម៌នេះ គឺត្រូវតែចុះសម្ភាស។ 


 លោក កែវ អ៊ូលី ប្រធាននាយកដ្ឋាន អត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ក្នុងពិធីប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់នូវនីតិវិធីថ្មី ស្ដីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ រូបភាពពីទំព័រហ្វេសប៊ុក ID Poor Cambodia ។

«ប្រព័ន្ធរបស់យើងនេះ គឺដាក់ឱ្យស្នើសុំ បើគាត់(ពលរដ្ឋ)យល់ថាគាត់ក្រ គាត់មានជីវភាពលំបាក គាត់ដាក់ពាក្យស្នើសុំទៅឃុំ-សង្កាត់ ហើយឃុំសង្កាត់ នឹងចុះទៅវាយតម្លៃ ហើយគេនឹងចុះទៅសម្ភាសពួកគាត់។ ជួនកាលគាត់(ពលរដ្ឋ)ថាក្រ ប៉ុន្តែគាត់អត់ទៅដាក់ពាក្យស្នើសុំ អត់ទៅអីផង ជួនកាលអាជ្ញាធរចុះមិនទៅដល់កន្លែងហ្នឹង អ៊ីចឹងគាត់អត់ដឹង»។ នេះជាការពន្យល់របស់ លោក កែវ អ៊ូលី។ 
 
ជុំវិញការរង់ចាំការវាយតម្លៃពីសំណាក់អាជ្ញាធរ លើពលរដ្ឋស្នើសុំបណ្ណនេះ ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្ររូបនេះថា មិនមានឡើយការរង់ចាំ ប្រសិនបើពលរដ្ឋស្នើសុំបណ្ណក្រីក្រនេះ។ លោកអះអាងដូច្នេះ៖ «ខាងក្រសួងផែនការ មិនដែលថាឱ្យចាំ! គឺរាល់សំណើទាំងអស់ត្រូវតែពិនិត្យ ហើយនឹងអនុម័ត ដើម្បីសម្ភាសពួកគាត់(ពលរដ្ឋ) ប្រសិនបើគាត់ក្រមែន។ យើងអត់បានណែនាំឱ្យពួកគាត់ ត្រូវតែចាំថ្ងៃនេះ ថ្ងៃនោះផង»។
 
ជាមួយគ្នានេះដែរ កញ្ញា ហ្សាការីយ៉ា ហ្វាទីឡះ មន្ត្រីចុះសម្ភាសការងារនេះផ្ទាល់នៅក្នុងឃុំស្វាយឃ្លាំងក៏បានឱ្យដឹងដែរថា កន្លងមកតែងមានមតិមួយចំនួនលើកឡើងថា អ្នកដែលមានលទ្ធភាពបែរជាទទួលបានបណ្ណសមធម៌នេះ​ ខណៈអ្នកដែលមិនមានលទ្ធភាពបែរជាមិនទទួលបានទៅវិញ គឺជាការយល់ច្រឡំមួយ ដោយសារបណ្ណនេះមានសុពលភាពរយៈពេល ៣ឆ្នាំ ដូច្នេះក្នុងកំឡុងពេលដែលពួកគេទទួលបាន ជីវភាពគ្រួសាររបស់ពួកគេអាចមានការប្រែប្រួលទៅតាមជាក់ស្តែង។
 
 កញ្ញាថា៖« ពីមុនមកពេលយើងរើសអ្នកក្រីក្រ គាត់ហ្នឹងជីវភាពគាត់ខ្វះខាតមែនទែន តែ២ឬ៣ឆ្នាំក្រោយមក កូនៗគាត់ធ្វើចំណាកស្រុកទៅក្រៅអ៊ីចឹង ធ្វើឱ្យជីវភាពរបស់ពួកគាត់ប្រសើរឡើងទៅ ហើយពួកគាត់ក៏មិនបានមកដាក់ពាក្យស្នើសុំដកឈ្មោះរបស់ពួកគាត់នោះទេ និងនៅតែប្រើប្រាស់បណ្ណនោះដដែល។ ក្នុងនាមខ្ញុំជាអាជ្ញាធរ គឺគ្មានសិទ្ធិទៅដកបណ្ណរបស់ពួកគាត់ឱ្យឈប់ប្រើប្រាស់បានទេ គឺរហូតដល់បណ្ណនោះអស់សុពលភាព​ ទើបត្រូវស្រាវជ្រាវជ្រើសរើសសារជាថ្មី»។ 
 
ទន្ទឹមនឹងនេះដែរ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ក៏បានបញ្ចេញមតិដែរថា វិសាលភាពនៃការផ្តល់បណ្ណក្រីក្រកន្លងមក ក៏ធ្លាប់បានដឹងលឺពីបញ្ហាមិនប្រក្រតីមួយចំនួន ខណៈក្រសួងផ្ទាល់ ក៏ធ្លាប់បានទទួលស្គាល់ពីបញ្ហាទាំងនោះដែរ។ 


លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា នាកម្មវិធីប្រគល់ពានរង្វាន់នៃការប្រកួតសរសេរអត្ថបទស្តីពី «តម្លាភាព គណនេយ្យភាពនៃថវិកាជាតិ និងការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ» កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុក អង្គការតម្លាភាពកម្ពុជា។ 
 
លោកមានប្រសាសន៍ថា៖« យើងឃើញថា ទោះបីជាភាគច្រើនការកំណត់អត្តសញ្ញាណហ្នឹងធ្វើឡើងល្អប្រសើរ ក៏មានបញ្ហាខ្លះដែលអាជ្ញាធរក៏ដឹង និងអង្គការសង្គមស៊ីវិលដែលទទួលកិច្ចការហ្នឹងក៏គាត់ដឹងដែរ។ កន្លែងនេះយើងគិតថា បើសិនជាអាចខាងអាជ្ញាធរគួរតែធ្វើការត្រួតពិនិត្យឡើងវិញនូវបញ្ជីនៃប្រជាពលរដ្ឋដែលត្រូវបានកំណត់អត្តសញ្ញាណថាជាជនក្រីក្រពិតប្រាកដដែលគួរទទួលបានបណ្ណសមធម៌ ព្រោះជួនកាលរយៈពេលយូរទៅ អ្នកដែលមានលទ្ធភាពធូរធារឡើងវិញ ក៏គាត់មិនគួរទទួលបានបណ្ណនេះដែរ»។ 
 
លោកក៏បានឱ្យដឹងថា ការផ្តល់បណ្ណសមធម៌កន្លងមក ក៏ធ្លាប់បានពលរដ្ឋចោទប្រកាន់ថា​ធ្វើឡើងដោយមិនមានតម្លាភាព និងក្នុងរូបភាពប្រកាន់បក្សពួកជាដើម។ ចំណុចនេះលោកថា អាជ្ញាធរគួរតែពិនិត្យឡើងវិញ និងមិនគួររើសអើងចំពោះការផ្តល់បណ្ណទេ​ ហើយចំពោះលោកផ្ទាល់ លោកជឿជាក់ថា ការអនុវត្តនេះមិនពឹងផ្អែកទៅលើការប្រកាន់និន្នាការបក្សនោះទេ តែការលើកឡើងមួយចំនួនទាមទារឱ្យមានការត្រួតពិនិត្យស៊ីជម្រៅឡើងវិញ ដើម្បីរកឃើញឬសគល់នៃបញ្ហាដែលបង្កឱ្យមានការឆកល្វែងបែបនេះ។ 
 
ចំពោះការលើកឡើងពីបញ្ហានៃការផ្ដល់បណ្ណក្រីក្រខាងលើនេះ លោក កែវ អ៊ូលី ឆ្លើយតបដូច្នេះ៖ «បញ្ហានេះ កន្លងមកអ្នកលើកចេះតែលើក តែពេលមានមួយករណី ឬពីរករណីកើតឡើង យកធ្វើជាមូលដ្ឋានក្នុងការវាយតម្លៃ អាការផ្ដល់(បណ្ណក្រីក្រ)ហ្នឹង មិនសុក្រិត្យ។ អ្វីដែលធ្វើចំពោះប្រជាពលរដ្ឋទូទាំងប្រទេស តែអត់មានការសរសើរ»។ 
 
ជាមួយគ្នានេះ លោកក៏បានសំណូមពរឱ្យពលរដ្ឋ ដែលគិតថាខ្លួនមានជីវភាពខ្វះខាត ឬក្រីក្រ ឱ្យពួកគេ ទៅស្នើសុំធ្វើបណ្ណក្រីក្រនេះផងដែរ។ 
គួរជម្រាបផងដែរថា បើតាមរបាយការណ៍ពីរដ្ឋបាលឃុំស្វាយឃ្លាំង ដែលមានភូមិចំនួន៦ ក្នុងនោះមានប្រជាពលរដ្ឋដែលទទួលបានបណ្ណប្រភេទក្រ១មានចំនួន ៩១គ្រួសារ និងប្រភេទក្រ២មានចំនួន ១៧៧គ្រួសារ។ ជាក់ស្តែងនៅក្នុងភូមិទី៥ ពលរដ្ឋដែលទទួលបានបណ្ណក្រីក្រប្រភេទក្រ១ មានចំនួន ១៤គ្រួសារ និងប្រភេទក្រ២មានចំនួន ៤៥គ្រួសារ ក្នុងចំណោមពលរដ្ឋសរុបចំនួន ៤៨៥គ្រួសារ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com