ជាតិ
អាស៊ាន
មេដឹកនាំសិង្ហបុរី និងឥណ្ឌូណេស៊ីពិភាក្សាពីបញ្ហាមីយ៉ាន់ម៉ានាជំនួបនៅភ្នំពេញ 
×![]()
នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ជុំវិញកស្ថានការណ៍ក្នុងតំបន់ រួមទាំងជំហានបន្ទាប់របស់អាស៊ានចំពោះមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំទ្វេភាគីនាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា។ មេដឹកនាំប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរនេះ បានជួបគ្នានៅលើទឹកដីកម្ពុជាអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១។
ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង និង ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានធ្វើឡើងភ្លាមៗបន្ទាប់ពីលោក លី មកដល់ទីក្រុងភ្នំពេញថ្ងៃទី១០ ខែវិច្ឆិកា។ កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរពិភាក្សាពីបញ្ហាមីយ៉ាន់ម៉ា។
បើតាមការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី និងលោក ចូកូវី បានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាជាលក្ខណៈទ្វេភាគី រួមទាំងក្នុងសមាគមអាស៊ានអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបានកសាងទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អមួយទៀតផង។
«មេដឹកនាំទាំងពីរពិភាក្សាគ្នាបានយ៉ាងល្អលើទំនាក់ទំនងទ្វេភាគី។ មេដឹកនាំទាំងពីរបានអះអាងសារជាថ្មីអំពីអាទិភាពរួមគ្នារបស់សិង្ហបុរី និងឥណ្ឌូណេស៊ី ក្នុងការលើកកម្ពស់ការស្ដារសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងវឌ្ឍនភាពដែលធ្វើឡើងនៅក្នុងគំនិតផ្ដួចផ្ដើមប្រកបដោយនិរន្តរភាព»។ ការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរីលើកឡើងបែបនេះ។
ក្រៅពីកិច្ចពិភាក្សាអំពីការអភិវឌ្ឍក្នុងតំបន់ មេដឹកនាំទាំងពីរក៏បានគិតគូរពីជំហានបន្ទាប់របស់អាស៊ាន ឆ្លើយតបទៅនឹងការវិវដ្ដស្ថានភាពនៅមីយ៉ាន់ម៉ា។ លោក លី ក៏បានបង្ហាញពីជំហរគាំទ្ររបស់សិង្ហបុរី ចំពោះឥណ្ឌូណេស៊ីដែលនឹងធ្វើជាប្រធានអាស៊ាននាឆ្នាំ ២០២៣ ឱ្យបានទៅដល់គោលដៅរំពឹងទុក។
ក្រៅពីការពិភាក្សាអំពីស្ថានការណ៍នៅមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលអាស៊ាន បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ក៏មានកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូដទៃដូចជាអាម៉េរិក ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងកាណាដា៕
Tag:
សិង្ហបុរី
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com