សេដ្ឋកិច្ច
អន្តរជាតិ
យន្តហោះ Made in China ទទួលបានការបញ្ជាទិញជាបន្តបន្ទាប់
13, Nov 2022 , 8:00 am        
រូបភាព
យន្តហោះប្រភេទ C919 ហោះហើរនៅក្នុងទីក្រុង Zhuhai កាលពីថ្ងៃទី ៨ ខែវិច្ឆិកា។ រូបថត៖ VCG។
យន្តហោះប្រភេទ C919 ហោះហើរនៅក្នុងទីក្រុង Zhuhai កាលពីថ្ងៃទី ៨ ខែវិច្ឆិកា។ រូបថត៖ VCG។
សាជីវកម្មយន្តហោះពាណិជ្ជកម្មនៃប្រទេសចិន (The Commercial Aircraft Corporation of China - COMAC) ទទួលបានការបញ្ជាទិញបន្ថែមចំនួន ៣០០គ្រឿងបន្ថែម ដែលជាយន្តហោះប្រភេទ Comac C919 បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណ  ជាងមួយខែប៉ុណ្ណោះ ។


 
ក្រោយការអភិវឌ្ឍអស់រយៈពេល ១៤ឆ្នាំ យន្តហោះប្រភេទ Comac C919 ត្រូវបានផ្តល់អាជ្ញាប័ណ្ណ ដោយរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិន កាលពីចុងខែកញ្ញា។ នៅឯពិព័រណ៍យន្តហោះដ៏ធំបំផុតរបស់ប្រទេសចិន នៅទីក្រុង Zhuhai នាពេលថ្មីៗនេះ យន្តហោះប្រភេទ C919 បានបង្ហាញរូបរាងដ៏គួរឱ្យទាក់ទាញ ហោះសំកាំងនៅលើអាកាស អមដោយផ្ទៃមេឃពណ៌ខៀវ មុនពេលចុះចតនៅព្រលានយន្តហោះ។
 
នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួនប្រាំពីរ បានបញ្ជាទិញយន្តហោះប្រភេទ Comac C919 ចំនួន ៣០០គ្រឿង។ គិតត្រឹមចុងខែកញ្ញា ក្រុមហ៊ុន Comac បានទទួលការបញ្ជាទិញសម្រាប់យន្តហោះប្រភេទ C919 ចំនួន ៨១៥គ្រឿង ពីក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ២៨។ បន្ថែមពីលើការបញ្ជាទិញទាំងនេះ Comac ក៏ទទួលបានការបញ្ជាទិញបន្ថែម នូវយន្តហោះប្រភេទ ARJ21 ចំនួន ៣០ គ្រឿង ដែលមានសមត្ថភាពហោះក្នុងរយៈចម្ងាយខ្លី ហើយអាចផ្ទុកអ្នកដំណើរបាន ៩០នាក់។
 
ក្រុមហ៊ុន Comac បានឱ្យដឹងថា ខ្លួនគ្រោងប្រគល់យន្តហោះ C919 ដំបូង ដល់ក្រុមហ៊ុន China Eastern Airlines នៅចុងឆ្នាំនេះ។ ក្រុមហ៊ុនអាកាសចរណ៍ ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានបញ្ជាទិញយន្តហោះ C919 ទាំងបួនគ្រឿងនេះ កាលពីខែឧសភាក្នុ ងតម្លៃ ៩៩លានដុល្លារ ក្នុងមួយគ្រឿង។ ម៉ូដែលរាងតូចល្មម ដែលផលិតដោយប្រទេសចិននេះ អាចផ្ទុកអ្នកដំណើរបានពី ១៥៨ ទៅ ១៦៩ នាក់ ក្នុងចម្ងាយផ្លូវជាង ៥ ៥០០ គីឡូម៉ែត្រ។
 
លោក Yang Yang អនុប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Comac បាននិយាយថា ក្រុមហ៊ុនគ្រោងបង្កើនសមត្ថភាពផលិត C919 បន្ទាប់ពីភ្ជាប់ទំនាក់ទំនងពេញលេញ ជាមួយក្រុមហ៊ុនអាកាសចរណ៍នានា ជុំវិញពិភពលោក។
 
ទីក្រុងប៉េកាំងសង្ឃឹមថា C919 នឹងជួយចិន កាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស។ ទោះជាយ៉ាងណាក៏ដោយ សមាសធាតុភាគច្រើន របស់ C919 ត្រូវបាននាំចូលពីក្រុមហ៊ុនផលិតអន្តរជាតិ រួមទាំងម៉ាស៊ីន ប្រព័ន្ធអេឡិចត្រូនិក ប្រព័ន្ធនៃការបញ្ជា ប្រព័ន្ធទំនាក់ទំនង និងសម្ភារៈចុះចត។
 
ទន្ទឹមនឹងនេះ ចិនក៏ចង់នាំ Comac ចូលក្នុងឧស្សាហកម្មអាកាសចរណ៍ពិភពលោក។ C919 ត្រូវបានលើកឡើងដោយប្រធានាធិបតីចិន Xi Jinping នៅក្នុងរបាយការណ៍កាលពីឆ្នាំ ២០១៧។ លោក Xi បានហៅវា ថាជាកម្លាំងជំរុញនៅពីក្រោយ «គំរូអភិវឌ្ឍន៍ថ្មី» របស់ប្រទេសចិន រួមជាមួយនឹងសមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកទេសផ្សេងទៀត។ យន្តហោះប្រភេទ C919 ក៏ជួយដាក់ប្រទេសចិនក្នុងបញ្ជីប្រទេសមួយចំនួន ដែលអាចរចនា និងផលិតយន្តហោះផ្ទាល់ខ្លួន ដូចជាអាម៉េរិក រុស្ស៊ី ប្រេស៊ីល កាណាដា អង់គ្លេស បារាំង និងអាល្លឺម៉ង់ជាដើម៕

Tag:
 ចិន
  យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com