ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានី៖ កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលនានា
11, Nov 2022 , 7:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ានី
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ានី
ភ្នំពេញ៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលនានា។ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានសរសេរសាររម្លឹក​ដោយអារម្មណ៍មោទកភាព ដែលកម្ពុជាដឹកនាំ​កិច្ចប្រជុំអាស៊ានលើកទី៤០ និងទី៤១ ឆ្នាំ២០២២។

 
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា បានបង្ហោះរូបភាពចំនួន ៣សន្លឹក នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលរួមមាន ​ព្រះ​ឆាយា​ល័ក្ខណ៍ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា , រូបថតសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងរូបភាពអនុស្សាវរីយ៍ នៃព្រះរាជវត្តមានព្រះមហាក្សត្រ និងប្រមុខដឹកនាំបណ្តាអាស៊ានចំនួន៩រូបទៀត (អវត្តមានថ្នាក់ដឹកនាំសិង្ហបុរី)។ ជាកម្រងរូបភាពដែលត្រូវបានផ្តិតយក នាឱកាសព្រះរាជសវនាការ របស់ព្រះមហាក្សត្រកម្ពុជា ជាមួយបណ្តាថ្នាក់ដឹកនាំកំពូលនៃសមាជិកអាស៊ាន នាព្រះទីនាំងទេវាវិនិច្ឆ័យ នៅមុនពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ក្នុងនាមព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅ​ព្រឹកថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះបរមរាជវាំង។
 
សម្រាប់លោក ហ៊ុន ម៉ានី រូបភាពទាំងនេះ មានអត្ថន័យជ្រាលជ្រៅណាស់ និង​បង្ហាញថា ​​កម្ពុជាមាន​សន្តិភាពពេញលេញ ហើយ​មានលទ្ធភាពគ្រប់គ្រាន់ក្នុងការ ទទួលស្វាគមន៍​វត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗ របស់ពិភពលោក និងតំបន់ ក៏ដូចជាប្រធានស្ថាប័ន និងអង្គការអន្តរជាតិធំៗ។ មិនត្រឹមតែប៉ុណ្ណោះទេ កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលនានា ជាអាទិ៍ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលសម្រាប់លោក ហ៊ុន ម៉ានី ទិដ្ឋភាពនេះ គឺឆ្លុះបញ្ជាំងឲ្យឃើញពីសមត្ថភាពនៃការដឹកនាំ ធនធានមនុស្សដ៏មានសក្តានុពល និងបរិយាកាសដែលអំណោយផលរបស់កម្ពុជា។
 
​ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ​គូសបញ្ជាក់ទៀតថា កម្ពុជា មានសិទ្ធិ និងអំណាចស្មើមុខស្មើមាត់ដូចបណ្តាប្រទេសនានាក្នុងពិភពលោក​ ដូចជា​មានសិទ្ធិក្នុងការផ្តួចផ្តើម កំណត់ចក្ខុវិស័យបង្កើតយន្តការដោះស្រាយបញ្ហាតំបន់ និងពិភពលោក​។
 
«កម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់បានញ៉ាំញីដោយ​ភ្លើងសង្រ្គាម និងជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ភាពអត់ឃ្លាន ការរំលោភសិទ្ធិមនុស្ស មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងជាប្រទេសនីតិរដ្ឋពិតៗ»។ នេះជាសំណេររបស់លោក ហ៊ុន ម៉ានី ដោយលោកបានបន្តយ៉ាងមោទកទៀតថា កម្ពុជា កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ និងក្រោមការដឹកនាំដ៏​ប៉ិនប្រសព្វរបស់សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ហ៊ុន ម៉ានី បានបញ្ចប់សំណេររបស់ខ្លួន ដោយជំរុញឱ្យ ប្រជាជាតិខ្មែរ ត្រូវបន្តសាមគ្គី ដើម្បីភាពរុងរឿងរបស់មាតុភូមិកម្ពុជា។
 
គួរជ្រាបថា កម្ពុជា គឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងតែប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com