ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
អាស៊ាន
កម្ពុជា-ចិន បង្កើនកិច្ចសហការបង្រ្កាបការជួញដូរមនុស្ស ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងឧក្រិដ្ឋកម្ម
11, Nov 2022 , 5:39 pm        
រូបភាព
សម្តេច ហ៊ុន សែន ជល់កែវជាមួយលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នាពិធីលៀងសាយភោជន៍នៅវិមានសន្តិភាព កាលពីថ្ងៃទី៩វិច្ឆិកា
សម្តេច ហ៊ុន សែន ជល់កែវជាមួយលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នាពិធីលៀងសាយភោជន៍នៅវិមានសន្តិភាព កាលពីថ្ងៃទី៩វិច្ឆិកា
ភ្នំពេញ៖ កម្ពុជា-ចិន សម្រេចបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ និងពង្រឹងបន្ថែមលើកការបង្រា្កបការជួញដូរមនុស្ស ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងឧក្រិដ្ឋកម្មនានា។ នេះបើយោងតាមសេចក្តីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១១វិច្ឆិកា។

 
កម្ពុជា-ចិន បានឯកភាពគ្នាថា នៅក្នុងយុគសម័យថ្មី ការពន្លឿនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គឺជាបំណងប្រាថ្នារួម និងស្រមតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរ ព្រមទាំងមានលក្ខណៈអំណោយផលចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញការអនុវត្ត «ផែនការសកម្មភាព ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន» ដែលបានចុះហត្ថលេខាកាលឆ្នាំ២០១៩ និងធ្វើបច្ចុប្បន្នផែនការសកម្មភាព។ 
 
ប្រទេសទាំងពីរសម្រេចរួមគ្នាក្នុងការប្រើប្រាស់ឱ្យអស់សក្តានុពលនូវយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធា ដោយការបង្កើនទំនាក់រវាងស្ថាប័នការពារជាតិ និងយោធាគ្រប់កម្រិតប្រទេសទាំងពីរ។ ការបង្កើនកិច្ចសហការនេះ គឺធ្វើឡើងតាមរយៈការបណ្តុះបណ្តាល និងហ្វឹកហាត់រួមគ្នា ការផ្តល់បរិក្ខាយោធា​ បច្ចេកវិទ្យា​ សេវាសុខាភិបាល ឡូជីស្ទីក និងសន្តិសុខពហុភាគី។ 

កម្ពុជា-ចិន ក៏បានបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ នឹងត្រូវបានពង្រឹងបន្ថែមទៀត ដោយផ្តោតលើកការបង្រា្កបការជួញដូរមនុស្ស ល្បែងអនឡាញ ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងឧក្រិដ្ឋកម្មនានា។ កិច្ចការទាំងនេះ គឺធ្វើឡើងតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ លើការកសាងសមត្ថភាព និងការផ្លាស់ប្តូរព័ត៌មាន។ សេចក្តីប្រកាសរួមខាងលើបានបញ្ជាក់ថា៖ « កិច្ចប្រឹងប្រែងនឹងផ្តោតបន្ថែមទៅលើការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបតិ្តការក្នុងក្របខណ្ឌក្រុមការងាររួមគ្នា កម្ពុជា-ចិន ស្តីពីសុវត្ថិភាព និងសន្តិសុខខ្សែក្រវ៉ាត់ និងផ្លូវ»។ 
 
ក្រៅពីនេះ កម្ពុជា-ចិន នឹងលើកកម្ពស់កិច្ចសហប្រតិបតិ្តការខ្សែក្រវ៉ាត់ និងផ្លូវគុណភាពខ្ពស់ តាមរយៈការធ្វើឱ្យកាន់តែខ្លាំងក្លាលើយុទ្ធសាស្ត្រអភិវឌ្ឍ។ ប្រទេសទាំងពីរ នឹងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការវិនិយោគលើសមត្ថភាពផលិតកម្ម ក្នុងគោលដៅជួយកម្ពុជាពន្លឿនការអភិវឌ្ឍឧស្សាហកម្មទំនើបចម្រុះ និងធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណងដោយពង្រឹងខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ទៅវិញទៅមក។​ 
 
ដើម្បីកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ  កម្ពុជា-ចិន កំពុងអនុវត្តរួមគ្នាលើការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប គម្រោងបណ្តាញខ្សែកាបអុកទិកក្រោមបាតសមុទ្រក្រុងព្រះសីហនុ-ហុងកុង និងគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាថែមទៀត ដូចជា ផ្លូវថ្នល់ ស្ពាន ឡូជីស្ទីក និងឃ្លាំងស្តុក នឹងត្រូវបានពង្រឹង ផងដែរ។ ជាមួយគ្នានេះ ភាគីទាំងពីរ​ គាំទ្រកិច្ចសហប្រតិបតិ្តការយ៉ាងជិតសិទ្ធលើថាមពលស្អាត ដើម្បីគាំទ្រសេដ្ឋកិច្ចបៃតង ការសន្សំសំចៃ និងស័ក្តិសិទ្ធិភាពនៃថាមពល ព្រមទាំងការកាត់បន្ថយការបញ្ចេញឧស្ម័នពុល នៅកម្ពុជា។
 
សូមជម្រាបថា កិច្ចសហការខាងនេះ​ត្រូវបានបង្កើនឡើងក្នុងវត្តមានរបស់លោក លី ខឹឈាំង    នាយករដ្ឋមន្ត្រីនៃប្រទេសចិនដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី៨ដល់១១វិច្ឆិកា មុននឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​​ នៅរាជធានីភ្នំពេញ ពីថ្ងៃទី១១ដល់១៣វិច្ឆិកា ឆ្នាំ២០២២៕ 
 

Tag:
 អាស៊ាន
  កម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com