អន្តរជាតិ
នយោបាយអន្តរជាតិ
អ្នកនាំពាក្យ៖ អាស៊ានថ្កោលទោសរាល់អំពើទាំងឡាយណាជាអំពើហិង្សានៅមីយ៉ាន់ម៉ា លោក គង់_ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ រូបភាពយកពី ASEAN 2022
× អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន លោក គង់ ភោគ នៅថ្ងៃទី១១ ខែវិច្ឆិកា បានថ្លែងថា អាស៊ាន ថ្កោលទោសរាល់អំពើទាំងឡាយណា ជាអំពើហិង្សានៅមីយ៉ាន់ម៉ា។ ត្រង់ចំណុចនេះ លោក គង់ ភោគ បានសង្កត់ធ្ងន់ថា គ្រប់ភាគីទាំងអស់ ដែលមានកម្លាំងប្រដាប់អាវុធ និងបង្កអំពើហិង្សា ដែលនាំទៅដល់ការបាត់បង់ជីវិតប្រជាជនស្លូតត្រង់ គឺត្រូវទទួលខុសត្រូវ និងរងការថ្កោលទោសស្មើៗគ្នា។
ក្រោយស្ថានភាពមីយ៉ាន់ម៉ានៅតែមានភាពស្មុគស្មាញ មេដឹកនាំអាស៊ាន នៅថ្ងៃទី១១ ខែវិច្ឆិកា បានចេញសេចក្តីសម្រេចមួយ ដោយជំរុញឱ្យគ្រប់ភាគីទាំងអស់ បន្តអនុវត្តតាមកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច រួមទាំងការថ្កោសទោសរាល់អំពើហិង្សាទាំងឡាយណា ធ្វើឱ្យប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល។
ក្នុងសន្និសីទសារព័ត៌មានមួយនាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ បានអះអាងថា អាស៊ានថ្កោលទោសរាល់អំពើទាំងឡាយណាជាអំពើហិង្សានៅមីយ៉ាន់ម៉ា ហើយជំរុញឱ្យភាគីទាំងអស់រក្សាភាពអត់ធ្មត់។
ទន្ទឹមនេះ លោកក៏បានស្រង់ចំណុចថ្កោលទោស នៅក្នុងសេចក្តីសម្រេចរបស់មេដឹកនាំអាស៊ានចេញថ្ងៃទី១១ ខែវិច្ឆិកាផង។
«នរណាក៏ដោយ មិនមែនត្រឹមតែក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (យោធាមីយ៉ាន់ម៉ា)ទេ។ នរណាក៏ដោយ ដែលមានកម្លាំងប្រដាប់អាវុធ ដែលនាំទៅដល់អំពើហិង្សា និងការបាត់បង់ជីវិតរបស់ប្រជាជនស្លូតត្រង់ គឺយើងត្រូវតែឱ្យទទួលខុសត្រូវ ហើយត្រូវតែថ្កោលទោសស្មើៗគ្នា»។ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានបញ្ជាក់បែបនេះ។
នៅមីយ៉ាន់ម៉ា ក្រុមប្រដាប់អាវុធមានជាច្រើនក្រុម ដោយក្នុងនោះរួមមាន យោធាមីយ៉ាន់ម៉ា ក្រុមជនជាតិភាគតិចមួយចំនួន និងកម្លាំងការពារប្រជាជន (PDF) របស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) ផង។
ទន្ទឹមនេះ ស្របពេលកម្ពុជារៀបចំកិច្ចប្រជុំអាស៊ាន ប្រធានាធិបតីស្តីទីរបស់រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា លោក Duwa Lashi La នៅថ្ងៃទី៨ ខែវិច្ឆិកា បានអំពាវនាវឱ្យអាស៊ានអញ្ជើញខ្លួន និងភាគីពាក់ព័ន្ធផ្សេងទៀតទៅជំនួសវិញ ដោយសាររបបសឹកមីយ៉ាន់ម៉ា មិនបានបញ្ជូនតំណាងមិនមែននយោបាយទៅចូលរួម។
លើសពីនេះ មេដឹកនាំរដ្ឋាភិបាលស្រមោលរូបនេះ ក៏បានទទូចឱ្យអាស៊ាន ច្រានចោលការរៀបចំការបោះឆ្នោតដោយយោធាមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ២០២៣ ផង៕
Tag:
អាស៊ាន
មីយ៉ាន់ម៉ា
រដ្ឋាភិបាលស្រមោល
© រក្សាសិទ្ធិដោយ thmeythmey.com