ជាតិ
អាស៊ាន
ប្រធានាធិបតីទីម័រឡេស្តេអរគុណកម្ពុជាជាពិសេសដែលជួយគាំទ្រការចូលជាសមាជិកអាស៊ាន 
ប្រធានាធិបតីទីម័រឡេស្តេលោក José Ramos-Horta ចាប់ដៃជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាអំឡុងនៃដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា កាលពីចុងខែតុលា
×![]()
ប្រធានាធិបតីទីម័រឡេស្តេលោក José Ramos-Horta នៅថ្ងៃទី១១ ខែវិច្ឆិកា បានថ្លែងអំណរ គុណដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននាឆ្នាំនេះ និងរដ្ឋសមាជិកឯទៀតដែលបានជួយជ្រោមជ្រែងឥតឈប់ឈរសម្រាប់ការចូលជាសមាជិកអាស៊ាន។
«ពួកយើងសូមទទួលស្គាល់ និងអរគុណចំពោះជំនួយឥតឈប់ឈរ និងការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋសមាជិកអាស៊ានជាពិសេសចំពោះព្រះរាជាណាចក្រកម្ពុជាសម្រាប់ការគាំទ្រយ៉ាងសស្រាក់សស្រាំហើយពួកយើងកោតសរសើរចំពោះដៃគូខាងក្រៅសម្រាប់ការផ្តល់ជំនួយក្នុងការកសាងសមត្ថភាពផងដែរ»។ ប្រធានាធិបតីទីម័រឡេស្តេលើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុកជាផ្លូវការរបស់លោក។
ក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ មេដឹកនាំទីម័រឡេស្តេទទូចឱ្យសមាជិកអាស៊ានទាំងអស់ផ្ដល់ឱ្យប្រទេសខ្លួនទទួលបានសមាជិកភាពពេញលេញនៅឆ្នាំក្រោយ។
«ពួកយើងសូមស្នើសមាជិកអាស៊ានក្នុងការផ្ដល់សមាជិកភាពពេញលេញ ដល់ទីម័រខាងកើតនៅឆ្នាំ២០២៣ បន្ទាប់ពីការរៀបចំរយៈពេល១១ឆ្នាំ និងការអនុម័តផែនទីបង្ហាញផ្លូវ និងរបាយ ការណ៍ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២»។ លោក Ramos-Horta សង្កត់ធ្ងន់បែបនេះរួចបញ្ជាក់ថា ទីម័រឡេស្តេនឹងទន្ទឹងរង់ចាំធ្វើការជាមួយប្រធានអាស៊ានឆ្នាំក្រោយឥណ្ឌូណេស៊ីដើម្បីសម្រេចបានគោលដៅមួយនេះ។
គួរបញ្ជាក់ថា ទីម័រឡេស្តេបានដាក់ពាក្យដើម្បីចូលជាសមាជិកទី១១ក្នុងប្លុកមួយនេះតាំងពីឆ្នាំ ២០១១ ក៏ប៉ុន្តែការអនុម័តលើពាក្យស្នើសុំត្រូវបានពន្យារពេលព្រោះសិង្ហបុរី និងឡាវជំទាស់ដោយសារតែសមត្ថភាពសេដ្ឋកិច្ចទន់ខ្សោយរបស់ទីម័រឡេស្ត។ នៅក្រោមមាត្រាប្រាំមួយនៃធម្មនុញ្ញអាស៊ានការចូលជាសមាជិកថ្មីតម្រូវឱ្យមានការឯកភាពគ្នាក្នុងចំណោមសមាជិកទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com