FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ហូឡង់ប្រកាសកីឡាករទាំង ២៦ មានទាំងរបួស និងកីឡាករវ័យក្មេងចំណូលថ្មី
12, Nov 2022 , 7:29 pm        
រូបភាព
ក្រុមជម្រើសជាតិហូឡង់ដែលដឹកនាំដោយលោក Louis Van Gaal ថ្ងៃទី១១ បានប្រកាសសមាសភាពកីឡាករទាំង ២៦រូបចុងក្រោយសម្រាប់ការប្រកួត FIFA World Cup នៅកាតា។ ចំណោមកីឡាករទាំង ២៦រូប រួមមានខ្សែការពារឆ្នើម Virgil van Dijk ខ្សែប្រយុទ្ធ Memphis Depay ដែលសុទ្ធសឹងជាកម្លាំងដ៏សំខាន់ និងកីឡាករក្មេងៗ ដូចជា Xavi Simons ទើបមានវ័យ ១៩ឆ្នាំជាដើម។


 
Depay ត្រូវបានបាត់ឈ្មោះពីជម្រើសជាតិហូឡង់ចាប់តាំងពីរូបគេបានសម្រាកពីក្រុមដោយសាររបួសអំឡុងការប្រកួតពានរង្វាន់ UEFA Nations League ក្នុងខែកញ្ញាកន្លងទៅមកម្ល៉េះ ហើយសម្រាប់រដូវកាលនេះគេលេងមិនដល់ ១៥០នាទីផងសម្រាប់ក្រុមយក្សអេស្ប៉ាញ Barcelona។ 
 
Xavi Simons ដែលទើបមានវ័យ ១៩ឆ្នាំ ជាអតីតយុវជនរបស់ PSG នឹងបង្ហាញខ្លួនលើកដំបូងឱ្យក្រុមរហស្សនាមទឹកក្រូច ក្រោយរូបគេបានបង្ហាញភាពទាក់ទាញ ដោយការរកគ្រាប់បាល់បានដល់ទៅ ៨គ្រាប់ពីការប្រកួត ១៣លើក ឱ្យ PSV Eindhoven រដូវកាលនេះ។


 
សម្រាប់ដំណើរក្នុងការប្រកួត World Cup ដែលហូឡង់ក៏ជាក្រុមដ៏ខ្លាំងមួយដែរ ពួកគេធ្លាប់បានបង្ហាញខ្លួនចាប់តាំងពីវគ្គចែកពូលរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែយ៉ាងណាមិនសូវទទួលបានលទ្ធផលគាប់ប្រសើរខ្លាំងប៉ុន្មានបើគិតចាប់ពីឆ្នាំ ១៩៧៤ រហូតមកដល់ត្រឹមឆ្នាំ ១៩៩៨។ វិលត្រលប់លេងសាជាថ្មីនៅឆ្នាំ ២០១០ ហូឡង់ត្រួសត្រាយផ្លូវឡើងដល់វគ្គផ្តាច់ព្រ័ត្រតែចាញ់អេស្ប៉ាញ នៅឆ្នាំ ២០១៤ ហូឡង់ជាប់លេខ៣។ ឆ្នាំ ២០១៨ ហូឡង់គ្មានវត្តមានឡើយ។
 
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង ២៦ របស់ហូឡង់សម្រាប់ World Cup កាតា៖ 
 
អ្នកចាំទី៖ Justin Bijlow (Feyenoord), Andries Noppert (Heerenveen), Remko Pasveer (Ajax Amsterdam)
 
ខ្សែការពារ៖ Nathan Ake (Manchester City), Daley Blind (Ajax), Virgil van Dijk (Liverpool), Denzel Dumfries (Internazionale), Jeremie Frimpong (Bayer Leverkusen), Matthijs de Ligt (Bayern Munchen), Tyrell Malacia (Manchester United), Jurrien Timber (Ajax), Stefan de Vrij (Internazionale)
 
ខ្សែបម្រើ៖ Steven Berghuis (Ajax), Frenkie de Jong (Barcelona), Davy Klaassen (Ajax), Teun Koopmeiners (Atalanta Bergamo), Marten de Roon (Atalanta Bergamo), Xavi Simons (PSV Eindhoven), Kenneth Taylor (Ajax)
 
ខ្សែប្រយុទ្ធ៖ Steven Bergwijn (Ajax), Memphis Depay (Barcelona), Cody Gakpo (PSV), Vincent Janssen (Antwerp), Luuk de Jong (PSV), Noah Lang (Club Brugge), Wout Weghorst (Besiktas)៕
 

Tag:
 World Cup
  Qatar 2022
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com