អន្តរជាតិ
អាស៊ាន
ប្រធានាធិបតីកូរ៉េខាងត្បូង សង្ឃឹមកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយជប៉ុននិងចិនអាចដំណើរការវិញឆាប់ៗ
12, Nov 2022 , 8:59 pm        
រូបភាព
ដោយ:
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅថ្ងៃទី១២ ខែវិច្ឆិកា បង្ហាញក្តីសង្ឃឹមថា យន្តការសហប្រតិបត្តិការត្រីភាគីរវាងកូរ៉េខាងត្បូង ចិន និងជប៉ុន នឹងអាចចាប់ផ្តើមឡើងវិញ ក្រោយប្រទេសទាំងបីខកខាកកិច្ចប្រជុំកំពូលជិតបីឆ្នាំមកហើយ។ នាកិច្ចប្រជុំកំពូលអាស៊ានបូកបី លោក យូន សង្ឃឹមថា បណ្តាប្រទេសទាំង១៣នឹងរួមគ្នាជម្នះរាល់វិបត្តិស្មុគស្មាញដែលកំពុងតែកើតឡើង។

 
កូរ៉េខាងត្បូង ចិន និងជប៉ុនតែងមានកិច្ចប្រជុំកំពូលត្រីភាគីជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០០៨ ដើម្បីរក្សាចំណងទំនាក់ទំនងប្រទេសទាំងបីឱ្យរឹងមាំ ក៏ដូចជាពង្រឹងសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា។ ប៉ុន្តែកិច្ចប្រជុំរវាងប្រទេសទាំងបីត្រូវបានខកខានជិតបីឆ្នាំហើយដែលកិច្ចប្រជុំលើកចុងក្រោយធ្វើនៅចិនកាលពីខែធ្នូ ឆ្នាំ២០១៩។ 
 
អំឡុងកិច្ចប្រជុំកំពូលអាស៊ានបូកបីដែលមានមេដឹកនាំអាស៊ានជាមួយប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង និងនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ លោក យូន បង្ហាញក្តីសង្ឃឹមថាយន្តការសហប្រតិបត្តិការត្រីភាគីខាងលើនឹងអាចចាប់ផ្តើមឡើងវិញយ៉ាងឆាប់រហ័ស។
 
«កូរ៉េខាងត្បូងនឹងដើរតួយ៉ាងសកម្មជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ចិន-ជប៉ុន ហើយអ្នកសម្របសម្រួលតំណាងកូរ៉េខាងត្បូង ចិន និងជប៉ុនសម្រាប់អាស៊ានបូកបី»។ លោក យូន ថ្លែងបែបនេះពីទីក្រុងភ្នំពេញនៅថ្ងៃទី១២ ខែវិច្ឆិកា។
 
បើតាមប្រធានាធិបតីកូរ៉េខាងត្បូង ឆ្នាំនេះជាខួបលើកទី២៥នៃការបង្កើតអាស៊ានបូកបី ហើយក្រុមនេះបានដើរតួយ៉ាងធំធេងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន និងអាស៊ីបូព៌ាកន្លងមក។ 
 
«ខ្ញុំសង្ឃឹមថា យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅមុខបន្ថែមទៀតដើម្បីជម្នះវិបត្តិជាច្រើនដែលយើងប្រឈម»។ លោក យូន លើកឡើងបែបនេះដោយសំដៅលើការបំពានសិទ្ធិមនុស្ស វិបត្តិស្បៀង និងវិបត្តិថាមពល។ 
 
មេដឹកនាំកូរ៉េខាងត្បូងរូបនេះបន្ថែមទៀតថា បើអាស៊ាន និងប្រទេសអាស៊ីខាងកើតទាំងបីនេះរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមតាមរយៈសាមគ្គីភាព និងកិច្ចសហប្រតិបត្តិ នោះនឹងនាំឱ្យមានវិបុលភាព និងសន្តិភាពអន្តរជាតិ៕

Tag:
 កូរ៉េខាងត្បូង
  ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com