អន្តរជាតិ
អាស៊ាន
លោក បៃដិន នឹងជំរុញឱ្យលោក ស៊ី ដាក់សម្ពាធលើកូរ៉េខាងជើងអំឡុងជំនួប G20
13, Nov 2022 , 8:59 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ពេលមកដល់កម្ពុជា។ រូបថត ឈន សុផាត
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ពេលមកដល់កម្ពុជា។ រូបថត ឈន សុផាត
ដោយ:
ក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០(G20) នៅឥណ្ឌូណេស៊ី ប្រធានាធិបតីអាម៉េរិក ចូ បៃដិន នឹងជជែកជាមួយសមភាគី លោក ស៊ី ជិនភីង ជុំវិញការដាក់សម្ពាធលើកូរ៉េខាងជើងដែលបន្តតេស្តមីស៊ីលឥតឈប់ឈរ។ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan ប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី១២ ខែវិច្ឆិកា។ បញ្ហានានាដូចជាបញ្ហាតៃវ៉ាន់ និងពាណិជ្ជកម្មជាដើមក៏ទំនងជាត្រូវដាក់លើតុចរចាផងដែរ។

 
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ទើបមកដល់ទីក្រុងភ្នំពេញនៅថ្ងៃទី១២ ខែវិច្ឆិកាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកលើកទី១០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ចេញពីកម្ពុជានៅថ្ងៃទី១៣ ខែវិច្ឆិកា លោកនឹងទៅចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០(G20) នៅឥណ្ឌូណេស៊ី។ ក្រៅកិច្ចប្រជុំG20 លោក បៃដិន នឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនភីងដោយផ្ទាល់ជាលើកដំបូងដែលកន្លងមកបានពិភាក្សាគ្នាជាច្រើនដងតាមទូរស័ព្ទ។
 
បើតាមទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan នៅថ្ងៃទី១២ ខែវិច្ឆិកា ប្រធានាធិបតីអាម៉េរិកនឹងប្រាប់លោក ស៊ី ថាចិនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ក្រុងព្យុងចាប់អារម្មណ៍ក្នុងការដើរតួនាទីស្ថាបនាទប់ស្កាត់សកម្មភាពដ៏អាក្រក់បំផុតរបស់កូរ៉េខាងជើង។ លោក បៃដិន នឹងប្រាប់លោក ស៊ី ទៀតថា បើកូរ៉េខាងជើងបន្តអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលបែបនេះ អាម៉េរិកនឹងបង្កើនវត្តមានយោធាក្នុងតំបន់ដើម្បីរក្សាសន្តិសុខ។
 
«កូរ៉េខាងជើងបង្ហាញការគំរាមមិនត្រឹមតែអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនទេ ប៉ុន្តែសន្តិភាព និងស្ថិរភាពទូទាំងតំបន់»។ លោក Sullivan ប្រាប់អ្នកកាសែតបែបនេះដោយបន្ថែមថា លោក បៃដិននឹងមិនទាមទារឱ្យចិនដាក់សម្ពាធលើកូរ៉េខាងជើងទេ ដោយវាអាស្រ័យលើការសម្រេចចិត្តរបស់ក្រុងប៉េកាំងផ្ទាល់ ហើយលោកគ្រាន់តែចង់បញ្ជាក់ពីទស្សនៈខ្លួនប៉ុណ្ណោះ។
 
មួយរយៈចុងក្រោយនេះ កូរ៉េខាងជើងតេស្តមីស៊ីលជាច្រើនគ្រាប់ និងច្រើនប្រភេទដែលមានមួយគ្រាប់ហោះរំលងជប៉ុនផងដែរ។ ទន្ទឹមនេះ អាម៉េរិក ជប៉ុន ក៏ដូចជាកូរ៉េខាងត្បូងជឿថា ក្រុងព្យុងយ៉ាងកំពុងត្រៀមតេស្តនុយក្លេអ៊ែលើកទី៧ ក្រោយខកខានតាំងពីឆ្នាំ២០១៧៕ 

Tag:
 ចិន
  អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com