ជាតិ
ឥណ្ឌា បន្តគាំទ្រកម្ពុជា ក្នុងការធ្វើឌីជីថលូបនីយកម្មតំបន់បេតិកភណ្ឌ និងអភិរក្សគំនូរនៅវត្តរាជបូណ៌
13, Nov 2022 , 10:59 am        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (ខាងស្ដាំ) និងលោក Jagdeep Dhankha អនុប្រធានាធិបតី ឥណ្ឌា (ខាងឆ្វេង)
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (ខាងស្ដាំ) និងលោក Jagdeep Dhankha អនុប្រធានាធិបតី ឥណ្ឌា (ខាងឆ្វេង)
ភ្នំពេញ៖ ឥណ្ឌា បន្តគាំទ្រកម្ពុជា ក្នុងការធ្វើឌីជីថលូបនីយកម្មតំបន់បេតិកភណ្ឌ និងអភិរក្សគំនូរបុរាណនៅវត្តរាជបូណ៌។ ទន្ទឹមនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអរគុណរដ្ឋាភិបាលឥណ្ឌាដែលផ្តល់ជំនួយលើការអភិវឌ្ឍធនធានមនុស្ស ការអភិរក្សប្រាសាទបុរាណ និងការអភិវឌ្ឍធនធានទឹក សម្រាប់វិស័យកសិកម្ម។


 
ជំនួបពិភាក្សាការងារទ្វេភាគីនៅថ្ងៃទី ១២ ខែវិច្ឆិកា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាមួយលោក Jagdeep Dhankha អនុប្រធានាធិបតីឥណ្ឌា សម្ដេច ហ៊ុន បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង ប្រពៃណី និងកិច្ចសហការនៃប្រទេសទាំងពីរ ជាពិសេស នៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។ 
 
លើសពីនេះ សម្ដេច បានបញ្ជាក់ ពីការគាំទ្ររបស់កម្ពុជា ចំពោះប្រទេសឥណ្ឌា ដែលជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ ឥណ្ឌា គឺជាប្រទេសភ្ជាប់ទំនាក់ទំនងការទូតទីមួយ ដែលបានទទួលស្គាល់កម្ពុជាក្រោយការរំដោះប្រទេស ហើយនឹងបានរំលឹកឡើងវិញអំពីដំណើរ ទស្សនកិច្ចជាលើកទី១របស់ សម្ដេច ទៅកាន់ប្រទេសឥណ្ឌា នៅឆ្នាំ១៩៨១ ដែលជាការបើកទំព័រថ្មីក្នុងទំនាក់ទំនងកម្ពុជា-ឥណ្ឌា។ 
 
ក្នុងជំនួបនេះដែរ កម្ពុជា-ឥណ្ឌា បានព្រមព្រៀងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញវត្ថុរវាងរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា លើការជួសជុល និងអភិរក្សគំនូរវត្តរាជបូណ៌ ក្នុងខេត្តសៀមរាប និង អនុស្សរណៈយោគយល់ (MOU) រវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌាជូដពរ (IIT Jodhpur) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឌីជីថលូបនីយកម្មតំបន់បេតិកភណ្ឌកម្ពុជា។
 
ក្រៅពីនេះ ភាគីទាំងពីរ បានចុះអនុស្សរណៈយោគយល់ លើកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វា រវាង ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងបម្រែបម្រួលអាកាសធាតុឥណ្ឌា និង អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាព និងឱសថ រវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាល និងសង្គមកិច្ចគ្រួសារឥណ្ឌាផងដែរ។
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានលើកទឹកចិត្តឱ្យភាគីទាំងពីរស្វែងរកលទ្ធភាព ដើម្បីជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀត បូកថែមទាំង កិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីន ដើម្បីធ្វើយ៉ាងជួយកម្ពុជាឱ្យសម្រេចបាន នូវគោលដៅ «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»៕ 
 

Tag:
 ឥណ្ឌា
  អាស៊ាន
  វប្បធម៍
© រក្សាសិទ្ធិដោយ thmeythmey.com