អន្តរជាតិ
ពាក់ព័ន្ធបញ្ហាតំណាងមីយ៉ាន់ម៉ា អាស៊ានប្រកាន់ជំហរមិនទទួលស្គាល់ភាគីណាមួយឡើយ
12, Nov 2022 , 8:09 pm        
រូបភាព
លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅថ្ងៃទី១២ ខែវិច្ឆិកា។ រូបភាពថតដោយកញ្ញា អ៊ូ សុខមាន
លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅថ្ងៃទី១២ ខែវិច្ឆិកា។ រូបភាពថតដោយកញ្ញា អ៊ូ សុខមាន
លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅថ្ងៃទី១២ ខែវិច្ឆិកា បានលើកឡើងថា ពាក់ព័ន្ធនឹងបញ្ហាតំណាងមីយ៉ាន់ម៉ា អាស៊ាន មិនបានប្រកាន់ជំហរទទួលស្គាល់ភាគីណាមួយឡើយ។ ត្រង់ចំណុចនេះ លោកគង់ ភោគ បានពន្យល់ថា ដោយសារមិនទទួលស្គាល់ភាគីណាមួយហើយ ទើបអាស៊ានអញ្ជើញតំណាងមិនមែននយោបាយមីយ៉ាន់ម៉ាចូលរួម។

 
រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា (NUG) នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញថ្ងៃទី៨ ខែវិច្ឆិកា បានអំពាវនាវឱ្យអាស៊ានច្រានចោលការបោះឆ្នោតនៅមីយ៉ាន់ម៉ា រួមទាំងអញ្ជើញខ្លួន និងភាគីពាក់ព័ន្ធផ្សេងទៀតឱ្យចូលរួមកិច្ចប្រជុំអាស៊ានជំនួសវិញ។ 
 
ក្រោយការអំពាវនាវបែបនេះ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានអះអាងថា អាស៊ាន មិនបានប្រកាន់ជំហរទទួលស្គាល់ភាគីណាមួយឡើយ។ 
 
«ពាក់ព័ន្ធនឹងបញ្ហាតំណាង អាស៊ានមិនបានប្រកាន់គោលជំហរទទួលស្គាល់ភាគីមួយនេះ ឬភាគីមួយនោះទេ»។ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានបញ្ជាក់បែបនេះទៅកាន់សំណួររបស់អ្នកសារព័ត៌មានថ្មីៗ ដែលបានសួរជុំវិញសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា។ 
 
ជុំវិញគោលជំហរទទួលស្គាល់តំណាងមីយ៉ាន់ម៉ានេះ លោកគង់ ភោគ បានពន្យល់ថា អាស៊ានបានអញ្ជើញតំណាងមីយ៉ាន់ម៉ាមិនមែននយោបាយ ដោយសារកង្វះការរីកចម្រើនលើការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ ប្រាំចំណុច។
 
មិនតែប៉ុណ្ណោះ មន្រ្តីក្រសួងការបរទេសកម្ពុជារូបនេះ បានសង្កត់ធ្ងន់ទៀតថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ា គឺមិនមែនពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុចនោះទេ។ បើតាមលោកគង់ ភោគ ទាក់ទិនបញ្ហានេះហើយ ការបោះឆ្នោតនៅមីយ៉ាន់ម៉ា មិនត្រូវបានលើកយកមកជជែកនៅក្នុងកិច្ចប្រជុំអាស៊ាននោះទេ។ 
 
ក្នុងសន្និសីទសារព័ត៌មានដដែល អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានជំរុញជាថ្មីឱ្យភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ចូលតុចរចាផងដែរ ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេស៕ 
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
  NUG
© រក្សាសិទ្ធិដោយ thmeythmey.com