ជាតិ
អាស៊ាន
លោក ចូ បៃ​ឌិន សរសើរ​សម្តេច ហ៊ុន សែន ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន
12, Nov 2022 , 9:47 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង) និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន(ស្តាំ) នាជំនួបពិភាក្សាការងារនៅល្ងាចថ្ងៃទី១២ វិច្ឆិកា នៅសណ្ឋាគារសុខាដែលជាទីរៀបចំប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ រូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង) និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន(ស្តាំ) នាជំនួបពិភាក្សាការងារនៅល្ងាចថ្ងៃទី១២ វិច្ឆិកា នៅសណ្ឋាគារសុខាដែលជាទីរៀបចំប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ រូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
ក្នុងជំនួបទ្វេភាគី ជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅល្ងាចថ្ងៃទី១២ វិច្ឆិកានេះ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានកោតសរសេរ សម្តេច ហ៊ុន សែន នៅក្នុងការដឹកនាំអាស៊ានក្នុងមានជាប្រធាននៃអង្គការតំបន់មួយនេះ។ ក្រៅពីនេះប្រធានាធិបតីអាម៉េរិកក៏គូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់អាស៊ាន នៅក្នុងការស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងជំហអាស៊ានចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងដែរ។ ទោះជាយ៉ាងនេះក្តី ក្នុងជំនួបនាល្ងាចនេះ លោក ចូ បៃឌិន ក៏មិនភ្លេចលើកឡើងពីកង្វល់របស់ខ្លួន ជុំវិញការកសាងមូលដ្ឋានទ័ពរាម និងការអំពាវនាវឱ្យមានការដោះលែង កញ្ញា សេង ធារី និងសកម្មជននយោបាយដែលកំពុងជាប់ឃុំដទៃទៀតដែរ។

 
លោក បៃឌិន ក៏បានកោតសរសើរកម្ពុជា ចំពោះការដឹកនាំអាស៊ាន ក្នុងឋានៈជាប្រធាន នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ មេដឹកនាំប្រទេសមហាអំណាចរូបនេះ ក៏សរសើរកកម្ពុជាចំពោះការគាំទ្រ ដំណោះស្រាយរបស់អង្គការសហប្រជាជាតិ លើសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែនផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ សេត វិមាន ដែលបានបន្តបញ្ជាក់ទៀតថា ក្នុងជំនួបនេះ  ថ្នាក់ដឹកនាំកម្ពុជា និងអាម៉េរិក ក៏បានពិភាក្សាគ្នា ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា និងការឆ្លើយតបរបស់អាស៊ានក្រោមក្របខណ្ឌនៃអង្គការតំបន់ ដែលមានតួនាយ៉ាងសំខាន់ក្នុងការនាំយកលទ្ធិប្រជាធិបតេយ្យ និងស្ថិរភាពមីយ៉ាន់ម៉ា ព្រមទាំងការគាំទ្រឱ្យអនុវត្តនូវកិច្ចព្រមព្រៀង ៥ចំណុច ។
 
ក្រៅពីកោតសរសើរកម្ពុជា លោកប្រធានាធិបតីអាម៉េរិក ក៏បានលើកឡើងពីកង្វល់របស់ខ្លួន ទាក់ទងនឹងស្ថានការណ៍នៅមូលដ្ឋានទ័ពជើងទឹករាម និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្ហាញតម្លាភាពពេញលេញ អំពីសកម្មភាពរបស់កងទ័ពចិននៅទីនោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន។ 
 
សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងទៀតថា ក្រៅពីក្តីបារម្ភជុំវិញការសាងសង់មូលដ្ឋានទ័ពរាមនេះ លោក ចូ បៃឌិន ក៏បានជំរុញឱ្យ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បើកឡើងវិញ នូលំហនយោបាយ និងពលរដ្ឋ នៅមុនការបោះថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខនេះ។ ភ្ជាប់នឹងរឿងនេះដែរ មេដឹកនាំប្រទេសមហាអំណាចនេះ ក៏បានអំពាវនាវឱ្យមានការដោះលែងកញ្ញា សេង ធារី  ពលរដ្ឋខ្មែរ-អាម៉េរិក និងសកម្មជននយោបាយផ្សេងទៀត ដែលកំពុងជាប់ឃុំ។
 
ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ សេតវិមាន មិនបានបញ្ជាក់ថាកម្ពុជា បានឆ្លើយតបយ៉ាងណាឡើយ ខណៈទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន ដែលបានចុះផ្សាយពីលទ្ធផលនៃជំនួបទ្វេភាគីនេះដែរនោះ ក៏មិនបានលើកឡើងពីបញ្ហាទាំងនេះទេ។
 
ទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន បានបញ្ជាក់ តែការលើកឡើងពីការជជែកគ្នារបស់ សម្តេច ហ៊ុន សែន និងលោក ចូ បៃឌិត អំពីវិបត្តិនៅមីយ៉ាន់ម៉ា និងការប្រកាសជំហរបស់អាស៊ាន នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ លោកប្រធានាធិបតីអាម៉េរិក បានកោតសរសើរវិធានការរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការប្រឹងប្រែងដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ នេះបើតាមទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន។
 
សម្រាប់សម្តេច ហ៊ុន សែន វិញ បានអរគុណលោក ចូ បៃឌិត ដែលបានធ្វើដំណើមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា វត្តមានរបស់ប្រធានាធិបតីអាម៉េរិកនៅកម្ពុជា នាពេលនេះ សបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ របស់អាម៉េរិកចំពោះអាស៊ាន។ សម្ដេច ហ៊ុន សែន ក៏ អរគុណអាម៉េរិក ដែលបានបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញផងដែរ ដោយសម្តេច បានគូសបញ្ជាក់ថា ហរដ្ឋអាមេរិក ជាប្រទេសនាំមុខលំដាប់លេខ១ ក្នុងការបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com