ជាតិ
អាស៊ាន
សម្តេច ហ៊ុន សែន ជំរុញឱ្យអាស៊ានរក្សាឯកភាពគ្រប់កាលៈទេសៈ ដើម្បីប្រយោជន៍តំបន់ទាំងមូល
13, Nov 2022 , 4:59 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានជំរុញឱ្យអាស៊ាន រក្សានូវឯកភាពគ្នា គ្រប់កាលៈទេសៈ ដើម្បីប្រយោជន៍សម្រាប់តំបន់ទាំងមូល។ ក្នុងសុន្ទរកថាបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៣ វិច្ឆិកានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា  មជ្ឈភាពអាស៊ាន គឺជាកម្លាំងចលករចម្បងសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន។

 
«ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ យើងត្រូវរក្សាឯកភាពអាស៊ាន ដើម្បីអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់តំបន់ទាំងមូល»។  នេះជាការបញ្ជាក់បន្ថែមរបស់ សម្តេច ហ៊ុន សែន ដោយសម្តេច បានបន្តជឿជាក់ថា ឥណ្ឌូណេស៊ី ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៣ នឹងបន្តដឹកនាំអាស៊ានសម្រេចបំណងចម្បង គឺសហគមន៍អាស៊ានប្រកបដោយសុខសន្តិភាព ភាពធន់ និងបរិយាប័ន្ន។
 
គួរកត់សម្គាល់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលត្រូវបានរៀបចំចាប់ពីថ្ងៃទី៨ ដល់ទី១៣ វិច្ឆិកានៅរាជធានីភ្នំពេញ បានបិទបញ្ចប់ទៅដោយជោគជ័យ និងមានលទ្ធផលវិជ្ជមានជាច្រើន។ 
 
បើតាមសម្តេច ហ៊ុន សែន ក្នុងរយៈពេល ៤ថ្ងៃកន្លងមកនេះ អាស៊ានបានសម្រេចនូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ និងលទ្ធផលជាផ្លែផ្កាជាច្រើនលើកិច្ចការបន្តទៅមុខ ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងគុណតម្លៃរបស់យើងក្នុងកិច្ចទំនាក់ទំនងជាមួយដៃគូខាងក្រៅ និងជាពិសេសនៅពេលដែលសកលលោក កំពុងជួបប្រទះបញ្ហាដ៏ស្មុគស្មាញ ទាំងក្នុងតំបន់ និងអន្តរជាតិ។ «យើងបានអនុម័ត និងកត់សម្គាល់នូវឯកសារសមិទ្ធផល និងសេចក្តីប្រកាសចំនួន ៧០ ដែលក្របដណ្តប់លើសរសរស្តម្ភទាំង៣ របស់អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ចសហប្រតិបត្តិការមួយចំនួន ជាមួយនឹងដៃគូសន្ទនារបស់យើង»។ នេះគឺសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចប្រជុំ៤ថ្ងៃមកនេះ ដែលត្រូវបានលើកឡើងដោយ ប្រធានអាស៊ាន សម្តេច ហ៊ុន សែន។ 
 
មិនតែប៉ុណ្ណោះ នាកិច្ចប្រជុំកំពូលលើកទី ៤០ និង៤១ នេះ បានយល់ព្រមបញ្ចូលអ៊ុយក្រែនក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍(TAC) ដើម្បីពង្រឹង និងបន្តទំនាក់ទំនងជាមួយដៃគូ អាស៊ាន។ អង្គការតំបន់ដ៏មានឥទ្ធិពលនេះ ក៏បានចេញសេចក្តីថ្លែងការណ៍រួមនៃខួបលើកទី២០ នៃសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង(DOC) ផងដែរ។ 
 
សម្រាប់ការកសាងសហគមន៍អាស៊ានវិញ សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា អាស៊ាន បានអនុម័តនូវសេចក្តីថ្លែងការណ៍ចំនួន៤ផ្សេងទៀតដែរ រួមមានសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពី« អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា, សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីខួបលើកទី៥៥របស់អាស៊ាន ,​ សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីរបៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ តាមរយៈការបំផុសសហគ្រិនភាពស្ត្រីអាស៊ាន បន្ទាប់ពីកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ដែលរៀបចំកាលពីខែតុលា បានបញ្ចប់ទៅដោយជោគជ័យ៕

Tag:
 សម្តេច ហ៊ុន សែន
  អាស៊ាន២០២២
© រក្សាសិទ្ធិដោយ thmeythmey.com