ជាតិ
នាយករដ្ឋមន្ត្រីអូស្ត្រាលី បើកសម្ពោធពិព័រណ៍ឌីជីថលបែប 3D និយាយពីដំណើររឿងប្រជាជនអូស្ត្រាលី 
×![]()
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese អញ្ជើញចូលរួមសម្ពោធកម្មវិធីតាំងពិព័រណ៍ឌីជីថលបែប3D ឬ សងឡាញ (Walking Through a Songline) នៅរសៀលថ្ងៃទី១៣ វិច្ឆិកានេះ នៅ Factory Phnom Penh ។ ពិព័រណ៍សងឡាញ (Walking Through a Songline) ជាផ្នែកមួយនៃខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងអូស្ត្រាលី។
ពិព័រណ៍នេះ ជាផ្នែកមួយនៃការតាំងពិព័រណ៍ឌីជីថលល្បីថ្នាក់អន្តរជាតិរបស់សារមន្ទីរជាតិអូស្ត្រាលី ឈ្មោះថា សងឡាញបងប្អូនស្រី ៧នាក់(Songline: Tracking the Seven Sisters)។
Songline ឬ Dreaming Track ជាការគូសវាសផែនទីរបស់បបុព្វបុរស ដែលជាបងប្អូនស្រីទាំង៧នាក់ បានធ្វើដំណើរឆ្លងកាត់ប្រទេសអូស្ត្រាលី បង្កើតបានជាទឹកដី និងប្រជាជន។ ពិព័រណ៍នេះ ប្រើប្រាស់គំនូរ និងរូបថត ជាង៣០០ផ្ទាំង ព្រមទាំងឧបករណ៍ ចម្រៀង របាំ និងវីដេអូ ដើម្បីនិទានពីបងប្អូនស្រី៧នាក់ ដែលបានបង្កើតទ្វីបមួយ នៅពេលពួកគេធ្វើដំណើរពីខាងលិចទៅខាងកើត។
Songline: Tracking the Seven Sisters បង្ហាញពី Songline ចំនួនប្រាំ របស់ជនជាតិដើមដំបូងនៅវាលខ្សាច់ខាងលិច និងកណ្តាល ប្រទេសអូស្រា្តលី។ អ្នកទស្សនា នឹងមានអារម្មណ៍ដូចនៅជាមួយជនជាតិដើមភាគតិចអូស្ត្រាលី តាមរយៈបច្ចេកវិទ្យាថ្មីនេះ។
លោកនាយករដ្ឋមន្ត្រីអូស្រាលី លោក Anthony Albanese រួមជាមួយ លោក លី ធុច ទេសរដ្ឋមន្រី្ត និងជាអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា និងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី លោក Mathew Trinca នាយកសារមន្ទីរជាតិអូស្ត្រាលី ព្រមទាំង Pablo Chiho Kang ឯកអគ្គរាជទូតអូស្ត្រាលី ជាមនុស្ស៥នាក់ដំបូង ដែលបានចូលទស្សនា និងទទួលបទពិសោធន៍ នៃការតាំងពិព័រណ៍បែបឌីជីដល (3D) នេះ។
នាឱកាសនេះ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានលើកឡើងថា៖« ការតាំងពិព័រណ៍នេះ គឺជាផ្នែកមួយ នៃបេសកកម្ម របស់សារមន្ទីរជាតិអូស្ត្រាលី ដើម្បីប្រាប់ពីដំណើររឿងរបស់ប្រជាជនអូស្ត្រាលីទាំងអស់។ គំនិតនៅក្នុងការតាំងពិព័រណ៍នេះ គឺជាចំណុចកណ្តាលនៃទិដ្ឋភាពពិភពលោកនៃប្រជាជនដើមប្រទេសអូស្ត្រាលី»។

Walking Through a Songline ត្រូវបានផលិតដោយសារមន្ទីរជាតិអូស្ត្រាលី ក្នុងភាពជាដៃគូជាមួយ Mosster Studio។ សាធារណជនអាចចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីទី១៤ ខែវិច្ឆិកានេះ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅហ្វេកធឺរីភ្នំពេញ( Factory PhnomPenh)៕




Tag:
នាយករដ្ឋមន្ត្រីអូស្រាលី
Hon Anthony
លោក លី ធុច
ពិព័រណ៍ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com