កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo៖ ទាំង​ Ten Hag និងបុគ្គលក្នុងក្លិប Man Utd ពីរបីនាក់ ចង់កម្ចាត់ខ្លួនចេញពីក្រុម
14, Nov 2022 , 11:49 am        
រូបភាព
ខ្សែប្រយុទ្ធ Cristiano Ronaldo នៅថ្ងៃទី១៣ ខែវិច្ឆិកា បាននិយាយថារូបគេត្រូវបានក្រុម Manchester United ក្បត់គេ។ ប្រធានក្រុមព័រទុយហ្កាល់​​ អះអាងទៀតថា រូបគេគ្មានការគោរពទៅកាន់អ្នកចាត់ការបិសាចក្រហមលោក Erik ten Hag ទេ ដ្បិតអ្នកចាត់ាការហូឡង់ ក៏មិនបានផ្តល់ការគោរពដល់ខ្លួន និងឆ្លងកាត់រដូវកាលថ្មីដ៏ជូចត់។



Ronaldo បានត្រឡប់ចូលរួមជាមួយ Man United លើកទីពីរកាលពីរដូវកាល ២០២១-២២ ដោយអាចរកគ្រាប់បាល់បានដល់ ២៤គ្រាប់រាល់គ្រប់ការប្រកួត។ តែទោះជាយ៉ាងនេះក្តី Man United បរាជ័យក្នុងការឈ្នះកៅអី Champions league សម្រាប់រដូវកាលថ្មី ២០២២-​២៣ ស្របពេល Ronaldo ក៏ត្រូវបានកាសែតកីឡាល្បីៗជាច្រើនបានប្រកាសថាបានស្នើសុំក្រុមបិសាចក្រហមចាកចេញក្រោមហេតុផលមួយនេះ ហើយចាប់តាំងពីពេលនោះមក Ronaldo ហាក់បាត់ចំណាប់អារម្មណ៍លើក្រុមតាំងតែពីលោក ​Ten Hag មកដឹកនាំ។
មុនពេលត្រូវធ្វើដំណើរជាមួយព័រទុយហ្កាល់
 
ទៅកាន់ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា និងដែលជាការបង្ហាញខ្លួនលើកទី៥ Ronaldo បាននិយាយសំដៅចំៗដោយមិនលាក់បាំងទៅកាន់ក្រុមបិសាចក្រហមក្នុងកម្មវិធីជជែករបស់លោក Piers Morgan ថារូបគេត្រូវបុគ្គលមានតំណែងជាន់ខ្ពស់នៅ Old Trafford និងលោក Ten Hag ចង់កម្ចាត់គេ។ Ronaldo បង្ហាញអារម្មណ៍របស់គេថាត្រូវបានក្រុមបិសាចក្រហមក្បត់។
 
«ខ្ញុំអាចនិយាយបានថាពួកគេព្យាយាមកម្ចាត់ខ្ញុំចេញ ខ្ញុំមិនដឹងឡើយ តែពិតណាស់ ខ្ញុំមានអារម្មណ៍ថាត្រូវបានគេក្បត់ ហើយខ្ញុំក៏មានអារម្មណ៍ថាមនុស្សមួយចំនួនមិនចង់ឱ្យខ្ញុំនៅទីនេះនោះទេ មិនត្រឹមតែឆ្នាំនេះឡើយ តែឆ្នាំមុនក៏ដូចគ្នា។ ពិតណាស់នេះមិនត្រឹមតែ Ten Hag តែម្នាក់ឡើយ ប៉ុន្តែមានបុគ្គល ២ ឬ៣ នាក់ដែលស្ថិតនៅក្នុងក្លិបនេះដែលខ្ញុំមានអារម្មណ៍ថាក្បត់ខ្ញុំ ខ្ញុំក៏ចង់និយាយបន្ថែមថាប្រសិនបើគ្មានការគោរពសម្រាប់ខ្ញុំ ខ្ញុំក៏គ្មានថ្ងៃគោរពទៅកាន់នរណាឡើយ។»។ ​នេះបើតាមសម្តី Ronaldo បានប្រាប់ទៅលោក Morgan។

នាកម្មវិធីជជែកអំពីអាថកំបាំងជាមួយនឹងលោក Piers Morgan ដដែលខ្សែប្រយុទ្ធវ័យ ៣៧ បាននិយាយបន្ថែមអំពីការវិលមកដឹកដី Old Trafford របស់គេ ព្រមទាំងបញ្ហានៃការដឹកនាំអំឡុងរូបគេមានវត្តមានពេលនោះ។
 
«ខ្ញុំធ្វើតាមបេះដូងខ្ញុំ ហើយ Sir Alex បាននិយាយមកកាន់ខ្ញុំថាវានឹងក្លាយជារឿងដ៏ភ្ញាក់ផ្អើលបើខ្ញុំទៅកាន់ Man City ខ្ញុំក៏បាននិយយយល់ព្រមជាមួយគាត់វិលមកវិញ ហើយចាប់តាំងពី Sir Alex ចាកចេញ ខ្ញុំមើលមិនឃើញការកែប្រែអ្វីជាកត់សំគាលឡើយក្នុងក្លិប វឌ្ឍនភាពទីនេះគឺគ្មានសោះ។ បន្ទាប់ពីបណ្តេញ Ole Gunnar Solskjaer ពួកគេ​បាននាំប្រធានផ្នែកកីឡាលោក Raft Rangick មកដឹកនាំដែលធ្វើឱ្យមនុស្សគ្រប់គ្នាលើពិភពលោកមិនអាចយល់ ព្រោះគេមិនមែនជាគ្រូបង្វឹក វាក៏ភ្ញាក់ផ្អើលសម្រាប់ខ្ញុំក្លិបធំដូច ​Man United យកប្រធានផ្នែកកីឡាមកដឹកនាំ។ Ronaldo បានលើកឡើងក្នុងកម្មវិថី ​Piers Morgan Uncensored បែបនេះ។
 
លើសពីនេះ ​Ronaldo អះអាងបន្ថែមថា អ្នកគាំទ្រគួរដឹងការពិតរបស់គេ ការមកកាន់ក្រុមបិសាចក្រហមក៏ព្រោះតែនេះជាក្លិបដ៏ល្អដែលរូបគេចង់មកលេង។ Ronaldo ក៏បានសំដៅចំៗទៀតថាបញ្ហាផ្ទៃក្នុងក្លិបគឺមិនបានជួយឱ្យក្លិប Man United អាចឈានដល់ភាពខ្លាំងដូច Man City, Liverpool ឬក៏ Arsenal ផងដែរ៕
 
សម្រាប់ Man United រដូវកាលនេះ Ronaldo តែងបង្ហាញអាកប្បកិរិយាមិនសមរម្យអំឡុងការប្រកួតនានា ដោយកាលពីខែតុលាកន្លងទៅពេលការប្រកួតឈ្នះ ២-០ លើក្រុម Tottenham Hotspur ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ បានដើរចេញពីក្រុមមុនពេលការប្រកួតបញ្ចប់ក្រោយមិនត្រូវបានក្រុមប្តូរឱ្យចូលលេង។ Ronaldo រដូវកាលថ្មីនេះទើបតែរកបានត្រឹម ១គ្រាប់ប៉ុណ្ណោះនៅក្របខណ្ឌ​ Premier League ព្រោះមិនសូវទទួលបានពេលវេលាលេងប៉ុន្មានឡើយក្រោមការដឹកនាំរបស់លោក Ten Hag។
 
Man United ពីរប្រកួតចុងក្រោយមកនេះមិនបានដាក់ឈ្មោះខ្សែប្រយុទ្ធឆ្នើមវ័យ ៣៧ឆ្នាំឱ្យរួមដំណើរជាមួយក្រុមឡើយ ខណៈដែលក្របខណ្ឌ ​Premier League សប្តាហ៍ទី១៦ មិនទាន់បញ្ចប់បើទោះ World Cup ជិតមកដល់៕
 
 

Tag:
 Cristiano Ronaldo
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com