ជាតិ
អាស៊ាន
លោក លី សៀនឡុង ថា សម្តេច​ ហ៊ុន សែន ជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន
14, Nov 2022 , 12:19 pm        
រូបភាព
ដោយ: រួបរួម
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀន​ឡុង បាន​ទៅ​ដល់​ប្រទេស​របស់ខ្លួន​វិញ កាលពីល្ងាច​ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ក្រោយចូលរួម​កិច្ច​ប្រជុំកំពូល​អាស៊ាន​លើកទី​៤០ និងទី៤១ រួមទាំងកិច្ច​ប្រជុំកំពូលពាក់ព័ន្ធ ក្នុង​រាជធានីភ្នំពេញ។

 
«សូមអរគុណ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ចំពោះ​បដិសណ្ឋារកិច្ច​យ៉ាងកក់ក្តៅ និងសម្រាប់​ភាពជោគជ័យ​ក្នុង​ឆ្នាំ​ដែល​សម្តេច​ធ្វើ​ជា​ប្រធាន​អាស៊ាន»។ លោក លី សៀនឡុង បាន​សរសេរបែបនេះ នៅ​លើ​បណ្តាញសង្គម Twitter និងហ្វេសប៊ុក​របស់ខ្លួន។
 
តាម​រយៈការ​បង្ហោះជាបន្ត​បន្ទាប់ លោកក៏បាន​សរសើរ​ពីសិល្បៈវប្បធម៌ដ៏សម្បូរ​បែប​របស់កម្ពុជា ជាពិសេស​ការសម្តែងនាអំឡុងពេល​បើក​កិច្ច​ប្រជុំ រួមទាំង​ទេសភាព​ដ៏ស្រស់ស្អាត​នានា​ក្នុងរាជធានីភ្នំពេញ​ផងដែរ។
 
 
នៅ​ភ្នំពេញ លោក លី បាន​ចូលរួម​កិច្ច​ប្រជុំកំពូល​ជាមួយបណ្តាមេដឹកនាំ​អាស៊ាន រួមទាំងកិច្ច​ប្រជុំអាស៊ីបូព៌ា​លើកទី​១៧ (EAS) ដោយពិភាក្សា​លើ​បញ្ហាយុទ្ធសាស្ត្រ នយោបាយ និង​សេដ្ឋកិច្ច។ «យើង​ជាក្រុម​ដ៏ចម្រុះ ប៉ុន្តែ​ភាព​រឹងមាំ​របស់​អាស៊ាន និង EAS បាន​នាំឲ្យ​បណ្តា​មេដឹកនាំ​រួម​គ្នា​សម្រាប់​ការ​ចរចា និងពិភាក្សា»។ លោក​បាន​សរសេរយ៉ាងដូច្នេះ។
 
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បាន​ចូលរួម​កិច្ច​ប្រជុំជាច្រើនទៀត ដូច​ជា អាស៊ានបូក​បី, អាស៊ាន-អាម៉េរិក, អាស៊ាន​-កាណាដា, អាស៊ាន-ឥណ្ឌា, អាស៊ាន-អូស្ត្រាលី ជាដើម។
 
លោក លី សៀនឡុង កំពុតត្រៀមខ្លួនបន្ត​ទៀត​ដើម្បីធ្វើ​ការ​ជាមួយ​លោក​ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលជាប្រធាន​អាស៊ាន​សម្រាប់​កិច្ច​ប្រជុំ​បន្ទាប់៕
 


Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com