ជាតិ
សេដ្ឋកិច្ច
សមាគមហិរញ្ញវត្ថុ៣ ប្រាប់ពលរដ្ឋឱ្យប្រយ័ត្នចំពោះក្រុមហ៊ុនPAYEER លើការ​ជួញដូរ​​រូបិយ​វត្ថុ​គ្រីប​តូ
14, Nov 2022 , 8:59 pm        
រូបភាព
រាល់ការ​ធ្វើ​ប្រតិបត្តិ​ការ​លើ​រូបិយ​វត្ថុ​គ្រីបតូ (Crypto) គឺ​មិនមាន​ការ​​ទទួល​ស្គាល់​ជាផ្លូវ​ការ​នៅ​កម្ពុជាឡើយ ។ នេះបើតាមសមាគមហិរញ្ញវត្ថុ៣ ដែលប្រាប់សាធារណជនឱ្យប្រយ័ត្នចំពោះក្រុមហ៊ុនPAYEER លើការ​ជួញដូរ​​រូបិយ​វត្ថុ​ប្រភេទគ្រីប​តូនេះ។



សមាគម​ធនាគារ​នៅ​កម្ពុជា(ABC)  ,សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា(CMA) និង​សមាគម​សហព័ន្ធ​ហិរញ្ញ​វត្ថុ និង​បច្ចេក​វិទ្យា​នៃ​កម្ពុជា (CAFT)​ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមថា ក្រុមហ៊ុន​ PAYEER ​បាន​​លួច​ឈ្មោះ​គ្រឹះ​ស្ថាន​ធនាគារ ​និង​ហិរញ្ញ​វត្ថុ ​ដែល​ជា​សមាជិក​របស់​សមាគម​ទាំង៣ទៅប្រើប្រាស់​ និង​ផ្សព្វ​ផ្សាយ​ពី​កិច្ច​សហការ​ជាមួយ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​មួយ​ចំនួន ​ក្នុង​ការ​ទូទាត់ ការ​​ដាក់​ប្រាក់ និង​ដក​ប្រាក់​លើ​ការ​វិនិ​យោគ​ និង​ការ​ជួញដូរ​លើ​រូបិយ​វត្ថុ​គ្រីបតូនេះ​។


 
សមាគមទាំង៣ខាងលើ បានប្រកាសនៅថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២២ ថា រាល់​ការ​ផ្សព្វ​ផ្សាយ ឬ​ប្រតិបត្តិ​ការ​ទូទាត់​របស់​ក្រុមហ៊ុន PAYEER គឺ​មិន​មាន​ការទាក់​ទង​នឹង​សមាគម​ឡើយ។ លើសពីនេះ ​គ្រប់​ប្រតិបត្តិ​ការ​របស់​ក្រុម​ហ៊ុន​លើការ​ជួញដូរ​​រូបិយ​វត្ថុ​ប្រភេទគ្រីប​តូ​ នៅកម្ពុជា ក៏​គ្មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ ដែរ។  
 
«​សមាគម​ ព្រម​ទាំង​សមាជិក​​ទាំង​អស់ សូម​​បដិសេធ​ចំពោះ​ការ​ផ្សព្វផ្សាយ​នេះ និង​ប្រកាស​មិន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ក្រុម​ហ៊ុន​ PAYEER ឬ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​ការ​ទូទាត់ ឬ​ការ​ជួញដូរ​លើ​ប្រភេទ​រូបិយ​វត្ថុ​គ្រីប​តូ ឡើយ»។ នេះបើយោងតាមសេចក្តី​ថ្លែង​ការណ៍របស់សមាគមABC, CMA និង CAFT។ 
 
ជាមួយគ្នានេះ សមាគម​ក៏ប្រាប់​សាធារណជនឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់រាល់​ប្រតិបត្តិ​ការ​ និង​សកម្មភាព​​ជួញដូរ​លើ​រូបិយ​វត្ថុ​គ្រីបតូ ដែល​ មាន Bitcoin, Ethereum និង កាបូប Crypto...ជាដើម ដើម្បីចៀស​វាង​ធ្លាក់​ក្នុង​ការ​បោក​បញ្ឆោត​អូស​ទាញ​វិនិយោគ​ ឬ ជួញដូរ​ឧបករណ៍​ហិរញ្ញ​វត្ថុ​នេះ ដែល​មិន​មាន​សុវត្ថិភាព និង​អាច​នឹង​នាំ​ឱ្យ​មាន​ការ​ខាត​បង់​៕
 

Tag:
 ហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com