ជាតិ
ពីនេះ ពីនោះ
ឥណ្ឌា នឹងជួយស្ដារសត្វខ្លាធំ និងជំរុញការអភិរក្សជីវៈចម្រុះ នៅកម្ពុជា
14, Nov 2022 , 9:59 pm        
រូបភាព
 រូបភាពសត្វខ្លាធំ ថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិចុងក្រោយបង្អស់ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០០៧។ រូបភាពពី ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។
រូបភាពសត្វខ្លាធំ ថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិចុងក្រោយបង្អស់ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០០៧។ រូបភាពពី ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។
ភ្នំពេញ៖ «ខ្លាធំ» ត្រូវបានសន្មតថាផុតពូជ ពីព្រៃឈើធម្មជាតិប្រទេសកម្ពុជា។ ទន្ទឹមនឹងបញ្ហាប្រឈមនេះ ឥណ្ឌា និង កម្ពុជា តាមរយៈក្រសួងប្រទេសទាំង២ បានចុះអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តភាព និង យុទ្ធសាស្ត្រស្ដារនិងទីជម្រកសត្វខ្លាធំនេះ។



កិច្ចព្រមព្រៀងខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ រវាងរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា​ និង ក្រសួងបរិស្ថានព្រៃឈើ និងប្រែប្រួលអាកាសធាតុឥណ្ឌា។ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការឥណ្ឌា-កម្ពុជានេះ នឹងអនុវត្តជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ បន្ទាប់មកអនុវត្តនៅតំបន់អភិរក្សកែវសីម៉ា។ 


 អនុស្សរណៈ នៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្ដារសត្វខ្លាធំ និងទីជម្រករបស់វា រវាងក្រសួងបរិស្ថានកម្ពុជា និង ឥណ្ឌា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ 
 
អនុស្សរណៈនៃការយោគយល់នេះ នឹងផ្ដល់ប្រយោជន៍ដល់ប្រទេសទាំងពីរ លើការជំរុញការអភិរក្សជីវៈចម្រុះដោយផ្តោតលើការអភិរក្ស និង ស្ដារសត្វខ្លានៅប្រទេសកម្ពុជា ជាពិសេសនៅតំបន់ទេសភាពសំខាន់ៗរួមមាន ជួរភ្នំក្រវាញ និង ខ្ពង់រាបភាគខាងកើតកុំឱ្យផុតពូជពីកម្ពុជា។ 
 
កិច្ចសហការនេះ ឥណ្ឌាក៏នឹងផ្ដល់ពូជសត្វខ្លាធំមកកាន់កម្ពុជា និង ជំរុញកិច្ចសហប្រតិបត្តិការការពារសត្វខ្លាធំ ឱ្យរស់នៅក្នុងព្រៃធម្មជាតិដោយជោគជ័យ, ចែករំលែក និងផ្លាស់ប្ដូរជំនាញ និងសមត្ថភាព ក្នុងគោលដៅ ជំរុញការអភិរក្សសត្វខ្លាធំ នៅប្រទេសទាំងពីរ។ 
 
កិច្ចសហការរវាងប្រទេសទាំង២នេះ ក៏ជំរុញការអភិរក្សសត្វព្រៃ ដោយចែករំលែកបទពិសោធន៍ល្អៗ នៃការអនុវត្តបច្ចេកវិទ្យា ការរកចំណូលចិញ្ចឹមជីវិតសម្រាប់សហគមន៍ រស់នៅក្នុងដែនជម្រកសត្វព្រៃ និង ការគ្រប់គ្រងជីវៈចម្រុះប្រកបដោយនិរន្តរភាព។ កម្ពុជា និងឥណ្ឌា ក៏នឹងគាំទ្រឱ្យមានការវិវឌ្ឍន៍តៅមុខ នៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការនេះ និង គោរពទស្សនៈគ្នាទៅវិញទៅមក។ 
 
គួរជម្រាបផងដែរថា កន្លងមកកម្ពុជាបានចូលរួមក្នុងវេទិកាអន្តរជាតិកាលឆ្នា២០១០ស្ដីពីការអភិរក្ស និង បង្កើនចំនួនសត្វខ្លាធំ នៅក្នុងព្រៃឱ្យបានចំនួនទ្វេដង នៅឆ្នាំ២០២២ ហើយកម្ពុជាក៏បានរៀបចំផែនការសកម្មភាពស្ដីពីសត្វខ្លាធំឆ្នាំ២០១៥-២០២៤ ផងដែរ៕ 
 

Tag:
 ThmeyThmey25
  ស្ដារខ្លាធំ
  ក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com