កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សម្តេច​ ហ៊ុន សែន អញ្ជើញមេដឹកនាំប្រទេសអាស៊ានចូលរួមពិធីបើកស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា
14, Nov 2022 , 5:29 pm        
រូបភាព
 សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ នៅថ្ងៃទី១៣ ខែវិច្ឆិកា នាសណ្ឋាគារសុខាភ្នំពេញ។
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ នៅថ្ងៃទី១៣ ខែវិច្ឆិកា នាសណ្ឋាគារសុខាភ្នំពេញ។
ដោយ:
សម្តេច​ ហ៊ុន សែន អញ្ជើញមេដឹកនាំប្រទេសអាស៊ានចូលរួមពិធីបើកកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។ សម្ដេច ថ្លែងអញ្ជើញមេដឹកនាំអាស៊ានបែបនេះ នៅក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ នៅថ្ងៃទី១៣ ខែវិច្ឆិកា នាសណ្ឋាគារសុខាភ្នំពេញ។

 
«ខ្ញុំសូមយកឱកាសនេះអញ្ជើញថ្នាក់ដឹកនាំប្រទេសតំបន់អាស៊ានចូលរួមក្នុងកម្មវិធីបើកកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី៥ ខែឧសភា និងកម្មវិធីបើកព្រឹត្តិការណ៍កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាព កិច្ចខិតខំប្រឹងប្រែង និងមិត្តភាពរបស់យើង»។ នេះជាប្រសាសន៍សម្តេច ហ៊ុន សែន មុនពេលផ្ទេរញញួរប្រធានអាស៊ានជូនលោក Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
 
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងប្រារព្ធធ្វើនៅប្រទេសកម្ពុជា ដែលមានប្រទេសទាំង១១ ក្នុងតំបន់អាស៊ានចូលរួម។ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានសម្រេចដាក់ចេញនូវ៣៨ ប្រភេទកីឡា រួមទាំងកីឡាស្មើនឹង៦០៨វិញ្ញាសា ទៅក្នុងការប្រកួតដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៥-១៧ ខែឧសភា ខាងមុខ។
 
ចំណែកព្រឹត្តិការណ៍កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមបានសម្រេចដាក់ចេញនូវ ១២ប្រភេទកីឡា គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងពិធីបើកកម្មវិធីប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន នឹងអញ្ជើញធ្វើពិធីបើកដោយផ្ទាល់នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ។
 
គួររំឭកផងដែរថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម ប្រារព្ធធ្វើរៀងរាល់ពីរឆ្នាំម្តង ដែលមានប្រទេសទាំង១១ ក្នុងតំបន់អាស៊ានទទួលធ្វើជាម្ចាស់ផ្ទះតាមវេនរបស់ខ្លួន។ ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កម្ពុជា សម្រេចបានសមិទ្ធផលមេដាយមាស៩ ប្រាក់១៣ និងសំរឹទ្ធ៤១ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី កម្ពុជាសម្រេចបានមេដាយមាស៧ ប្រាក់១០ និងសំរឹទ្ធ១១៕
 
 

Tag:
 កីឡាស៊ីហ្គេម
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com