ជាតិ
រថយន្ត
ស្ថានីយប្រេងមួយនៅសៀមរាប ​ដាំផ្កា និងរុក្ខជាតិលម្អក្នុងសម្បករថយន្តធុនធ្ងន់ដែល ជិះលែងកើត
14, Nov 2022 , 7:59 pm        
រូបភាព
សៀមរាប៖ ស្ថានីយ​ឥន្ទនៈ តេលា 7Lay នៅ​ក្រុង​សៀមរាប ប្រើ​រថយន្ដ​ធុនធ្ងន់​កញ្ចាស់​ ពណ៌​ខៀវ ១គ្រឿង ដែល​ជិះ​មិន​កើតទេ ដើម្បី​​លម្អ​ស្ថានីយ។ គឺ​ជាឡានធំ​ម៉ាក北京吉普 ដែលកម្រមាន​នៅ​​កម្ពុជា ហើយឈ្មោះ​នេះ​បកប្រែ​ថា JEEP នៃទីក្រុង​ប៉េកាំង។ វាគឺ​ជាប្រភេទ​ដំបូង​របស់ម៉ាក 北京吉普 : 北京212 ។ ជំនាន់​ទី១នេះ​ ត្រូវបាន​ផលិត​ពី​ឆ្នាំ​១៩៦៥ រហូត​ដល់​ឆ្នាំ​១៩៨១។ មុន​នឹង​ឈប់​ប្រើ​ឡាន​ធុន​ធ្ងន់​នេះ មក​ដក​ម៉ាស៊ីន​ចេញទុកចតដាំដើមផ្កា ​នៅស្ថានីយ​ឥន្ទនៈ ត្រូវ​បាន​កែ​វា​ច្រើន។ ខាង​ក្នុង​កាប៊ីន ​ត្រូវ​ដូរ​តាប្លូ ចង្កូត និង​កៅអី​ទាំង​អស់។ ខាង​លើ​ ត្រូវបាន​ដក​ដំបូល​ក្រណាត់​កៅស៊ូ​ចេញ ដាក់​ដែក​វិញ។ ហើយ​ខាង​ក្រោយ ត្រូវ​កាត់​ទ្រង់ទ្រាយ​ចេញ​តែ​ម្ដង ដាក់​បែន​មួយ ដើម្បី​ដឹក​ទំនិញវិញ។ ពេល​បច្ចុប្បន្ន​នេះ មាន​ដី​ក្នុង​បែន ដើម្បី​ដាំ​កូន​ឈើ។

 
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
 
 
តាំង​ពី​ដំបូង ឆ្នាំ​១៩៦៤ វិស្វករ​របស់ 北京吉普 បាន​ច្នៃប្រឌិតរថយន្ដ​បង្វិល​កង់ទាំង៤មួយ ដែលស្រាល​ល្មម ដោយ​ចម្លង​តាម ប្រភេទ​រថយន្ដ​​សូវៀត УАЗ-469 តែម្ដង។ វា​បាន​ក្លាយ​ទៅ​ជា​ប្រភេទ 北京212 ហើយប្រភេទ 北京2020 បន្ទាប់​ពី​បាន​​សហការជាផ្លូវការ ជាមួយ​ក្រុមហ៊ុន​អាម៉េរិកាំង JEEP និង​យក​ឈ្មោះ Beijing JEEP Corporation វិញ (ក្រុមហ៊ុន JEEP នៃទីក្រុង​ប៉េកាំង)។ ត្រូវបាន​ផលិតរថយន្ដ​ប្រភេទ 北京212 ពី​ឆ្នាំ​១៩៦៥ រហូត​ដល់​ឆ្នាំ​១៩៨៦។ បន្ទាប់​មកត្រូវ​ផលិត​ឡាន​ប្រភេទ 北京2020 វិញ ពី​ឆ្នាំ​១៩៨៦ រហូត​ដល់​ឆ្នាំ២០០៥។ តាម​ពិត 北京212 និង 北京2020 ជា​ប្រភេទ​តែ​មួយ ​​​ខុសគ្នា​បន្តិចបន្តួច។ ​គេ​បន្ត​ផលិត​រថយន្ដ​ប្រភេទ​នេះ​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ ប៉ុន្តែ​​មាន​ឈ្មោះ​ផ្សេង។ រថយន្ដ​ប្រភេទ 北京212 ត្រូវ​បាន​នាំ​ចេញ​ខ្លះ ​ទៅ​ប្រទេសក្រៅ ដូចជា អាល់បានី ឆាដ លីបី កូរ៉េ​ខាង​ជើង ប៉ាគីស្ថាន និង ស៊ីរី។ 北京212 មួយ​ចំនួន​ធំ បាន​បំរើ​​​​តម្រូវការ​យោធា។
 
រហូត​ដល់​ឆ្នាំ​១៩៨៤ 北京吉普 ប្រើ​ឈ្មោះ​ JEEP ដោយ​មិនមានសិទ្ធិ អនុញ្ញាតពី​ក្រុមហ៊ុនអាម៉េរិកាំង JEEP ! តាម​ពិត ​ក្រុមហ៊ុន​ចិន​មួយនេះ ​មិន​ចង់​បន្លំ​អតិថិជន​របស់​ខ្លួនទេ។ គឺ​វា​ប្រើ​ឈ្មោះ JEEP ចង់តំណាង​ឱ្យ​ឡាន​បែប​ JEEP មិន​មែន​ឡានម៉ាក JEEP ទេ។ ឆ្នាំ​២០០៥ ដោយសារ​ត្រូវ​សហការ​ជា​មួយ​​ក្រុមហ៊ុន​រថយន្ដ​​អាល្លឺម៉ង់ MERCEDES-BENZ វិញ វា​ដូរ​ឈ្មោះ​ទៅ​ជា​ Beijing BENZ ។ ពេល​បច្ចុប្បន្ន ក្រុម​ហ៊ុន​នេះ ​ស្ថិត​នៅ​ក្នុង​ក្រុម​សម្ព័ន្ធ ​Beijing AUTOMOBILE WORKS ៕
 
 








Tag:
 យានយន្ត
  រថយន្ត
  រថយន្តធុនធ្ងន់
© រក្សាសិទ្ធិដោយ thmeythmey.com