រថយន្ត
អន្តរជាតិ
ការលក់រថយន្តនៅទីផ្សារធំចំនួន៦នៅអាស៊ាន កើន៥៣ភាគរយនៅត្រីមាសទីបី 
×![]()
ទីផ្សារយានយន្តនៅតំបន់អាស៊ាន បានងើបឡើងវិញជាបណ្តើរៗ ក្រោយឆ្លងកាត់កម្រិតដ៏យ៉ាប់យ៉ឺនជាច្រើនឆ្នាំ។ យោងតាមទិន្នន័យ Just Auto ការលក់ចេញនៅត្រីមាសទីបី ឆ្នាំ២០២២ នេះ មាន ៨៤៦ ៥៦២គ្រឿង ពោលគឺ ៥៣ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំមុន ដែលមានចំនួន ៥៥៣ ៥៦៤គ្រឿង។
របាយការណ៍បានបង្ហាញពីការងើបឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដែលផ្តើមចេញពីវិស័យទេសចរណ៍។ សម្រាប់ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី កំណើនទីផ្សាររថយន្ត ដោយសារតែតម្រូវការដ៏ខ្លាំងសម្រាប់ទំនិញ និងថាមពល ដែលជួយលើកកម្ពស់ការវិនិយោគ។
តម្រូវការដ៏ខ្លាំងសម្រាប់ទំនិញ និងថាមពលក៏បានជួយលើកកំពស់ទិន្នផល និងការវិនិយោគនៅក្នុងប្រទេសដូចជាឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
នៅត្រីមាសទីបីនេះ វៀតណាម មានកំណើនខ្ពស់ជាងគេ ពោលគឺឡើងដល់២៤៨ភាគរយ បន្ទាប់មកម៉ាឡេស៊ី ដែលកើន១៦៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំចាស់។ ឥណ្ឌូណេស៊ី ថៃ និងហ្វីលីពីន ក៏រីករាយនឹងកំណើនលក់យានយន្តផងដែរ ដោយសារខ្សែច្រវាក់ផ្គត់ផ្គង់បន្តមានភាពប្រសើរឡើង។
តាមរបាយការណ៍របស់សមាគមសហគ្រាសយានយន្តវៀតណាម (Vama) ការលក់ចេញនៅវៀតណាមនាត្រីមាសទីបី មានដល់ទៅ ៦៤ ៧៨៩គ្រឿង រីឯម៉ាឡេស៊ី កើនជាង២៨ភាគរយ ដោយឡើងពី៥៨ ៨៣៨គ្រឿង ទៅ៩៣ ២៨០គ្រឿង។
នៅឥណ្ឌូណេស៊ី សមាគមឧស្សាហកម្ម Gaikindo បានបង្ហាញពីកំណើនលក់ចេញយានយន្តថ្មី ជិត២៧ភាគរយ។ លោក Jongkie Sugiarto នាយក Gaikindo រំពឹងថា ទីផ្សារនឹងកើនដល់ការលក់ចេញចំនួន៩៥០ ០០០គ្រឿងនៅឆ្នាំ២០២២ទាំងមូល ។
រីឯនៅថៃវិញ ការលក់យានយន្តថ្មីកើន៣២ភាគរយ ខណៈសិង្ហបុរី បែរជាមានការធ្លាក់ចុះជាង២០ភាគរយទៅវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com