អន្តរជាតិ
លោកស៊ីប្រាប់បៃឌិន៖ ពិភពលោករំពឹងថាចិននិងអាម៉េរិកនឹងគ្រប់គ្រងទំនាក់ទំនងបានល្អ
14, Nov 2022 , 9:46 pm        
រូបភាព
លោកស៊ី ជិនភីង ប្រធានាធិបតីចិន ចាប់ដៃជាមួយសមភាគីអាម៉េរិក លោកចូ បៃឌិន នាកោះបាលី ឥណ្ឌូណេស៊ី ក្នុងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពយកពីគណនី Twitter របស់អ្នកនាំពាក្យចិន លោកស្រី Hua Chunying
លោកស៊ី ជិនភីង ប្រធានាធិបតីចិន ចាប់ដៃជាមួយសមភាគីអាម៉េរិក លោកចូ បៃឌិន នាកោះបាលី ឥណ្ឌូណេស៊ី ក្នុងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពយកពីគណនី Twitter របស់អ្នកនាំពាក្យចិន លោកស្រី Hua Chunying
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង  នៅថ្ងៃទី១៤ ខែសីហា បានប្រាប់សមភាគីអាម៉េរិក លោក ចូ បៃឌិន ដោយផ្ទាល់ថា ពិភពលោករំពឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង នឹងគ្រប់គ្រងទំនាក់ទំនងទ្វេភាគីបានល្អ។ ជំនួបដោយផ្ទាល់ជាលើកដំបូងរវាងមេដឹកនាំអាម៉េរិក និងចិននេះ ធ្វើឡើងស្របពេលមហាអំណាចសេដ្ឋកិច្ចទាំងពីរ កំពុងមានភាពចម្រូងចម្រូលជាមួយគ្នាជុំវិញបញ្ហាកោះតៃវ៉ាន់។

 
ទំនាក់ទំនងអាម៉េរិក និងចិន កាន់តែធ្លាក់ចុះ ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេនឡូស៊ី ប្រធានសភាតំណាងអាម៉េរិកនៅកោះតៃវ៉ាន់។ ស្របពេលប្រទេសទាំងពីរកំពុងមានភាពចម្រូងចម្រាស ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានជួបជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន ដែលទើបចាកចេញពីកិច្ចប្រជុំអាស៊ាន នៅក្រុងភ្នំពេញ។ 
 
ក្នុងជំនួបដោយផ្ទាល់លើកដំបូងចាប់តាំងពីលោកបៃឌិន ចូលកាន់តំណែង នាកោះបាលី ឥណ្ឌូណេស៊ី លោកស៊ី បានប្រាប់ថា ពិភពលោក ដើរដល់ចំណុច ដែលត្រូវគិតពិចារណា ហើយទំនាក់ទំនងអាម៉េរិក និងចិន ត្រូវរៀបចំឱ្យត្រូវផ្លូវ ដើម្បីអាចឱ្យវាមានភាពរីកចម្រើន និងអាចឈានដល់ការដំឡើង កម្រិតទំនាក់ទំនងទ្វេភាគី។ 
 
«ពិភពលោក រំពឹងថា ចិននិងអាម៉េរិក នឹងគ្រប់គ្រងទំនាក់ទំនងបានត្រឹមត្រូវ»។ លោកស៊ី បានសង្កត់ធ្ងន់បែបនេះ ទៅកាន់លោកបៃឌិន នៅក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ដោយបន្តថា ប្រវត្តិសាស្រ្ត ជាសៀវភៅសិក្សាដ៏ល្អបំផុតមួយ ដែលអាចឱ្យប្រទេសទាំងពីរ យកវាធ្វើជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំង និងរៀបចំខ្លួនសម្រាប់អនាគត។ 
 
បើតាមលោកស៊ី រដ្ឋាភិបាលក្រុងប៉េកាំង បានត្រៀមខ្លួនជាស្រេចសម្រាប់ធ្វើការជាមួយអាម៉េរិក ដើម្បីឱ្យទំនាក់ទំនងត្រលប់មកផ្លូវត្រូវវិញ។ លោកស៊ីបានអះអាងផងដែរថា ប្រទេសទាំងពីរ គួរធ្វើការរួមគ្នាជាមួយបណ្តាប្រទេសទាំងអស់ ដើម្បីនាំក្តីសង្ឃឹមសម្រាប់សន្តិភាពពិភពលោក ស្ថិរភាព និងការអភិវឌ្ឍរួម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CGTN។
 
អង្គុយនៅទល់មុខលោកស៊ី លោកបៃឌិន បានបញ្ជាក់ផងថា ទីក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន មានការទទួលខុសត្រូវរួមគ្នា ដើម្បីបង្ហាញពិភពលោកថា ប្រទេសទាំងពីរអាចគ្រប់គ្រងការខ្វែងគំនិតគ្នា និងបង្ការការប្រកួតប្រជែងចេញពីជម្លោះ៕
 
 

Tag:
 ចិន
  ឥណ្ឌូណេស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com