ជាតិ
បើម្ចាស់បុរី និងអគារ ទារលុយពេលភ្ជាប់សេវាអ៊ីនធឺណិត សូមរាយការណ៍ទៅ Hotline ៦៧៨៩
15, Nov 2022 , 10:35 am        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាមគមន៍
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាមគមន៍
ដោយ: រួបរួម
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី១១ ខែវិច្ឆិកា បានចេញលិខិតអំពាវនាវ ដល់ម្ចាស់បុរី  និងអគារសហកម្មសិទ្ធិ ឲ្យបញ្ឈប់ការទារលុយជាថ្នូរ នឹងការអនុញ្ញាតឲ្យតភ្ជាប់បណ្តាញអ៊ីនធឺណិត។

 
សេចក្តីអំពាវនាវ ធ្វើឡើងបន្ទាប់ពីក្រុមការងារលើកកម្ពស់គុណភាពសេវានៅតាមបុរី ក្នុងរាជធានីភ្នំពេញចំនួន៨ក្រុម បានចុះពង្រឹងគុណភាពសេវាទូរគមនាគមន៍តាមបុរី និងអគារសហកម្មសិទ្ធិរយៈពេលកន្លងមក ហើយទទួលបានព័ត៌មានជាក់លាក់ អំពីឧបសគ្គមួយចំនួនដែលធ្វើឲ្យមានការលំបាកក្នុងការតភ្ជាប់បណ្តាញ។
 
ក្រៅពីណែនាំឲ្យបញ្ឈប់ការទារលុយជាថ្នូរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានស្នើឲ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិ បញ្ឈប់ប្រតិបត្តិការផ្តល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅក្នុងបុរី និងអគារសហកម្មសិទ្ធិ។
 
ក្នុងករណីម្ចាស់បុរី  និងអគារសហកម្មសិទ្ធិមួយចំនួន នៅតែបន្តសកម្មភាពបែបនេះ ក្រសួងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្ត។ 
 
ជាមួយគ្នានេះ ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជន ដែលមានព័ត៌មានអំពីសកម្មភាពខាងលើក អាចទូរសព្ទរាយការណ៍ទៅលេខ Hotline ៦៧៨៩ ឬទៅកាន់អ៊ីម៉ែល [email protected]
 

© រក្សាសិទ្ធិដោយ thmeythmey.com