ជាតិ
សេដ្ឋកិច្ច
មេពន្ធដារ តម្រូវឱ្យម្ចាស់សហគ្រាសតាំងឯកសារនៃការចុះបញ្ជី​ពន្ធដារ នៅកន្លែងធ្វើសកម្មភាពសេដ្ឋកិច្ច
15, Nov 2022 , 7:59 pm        
រូបភាព
 លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
អគ្គនាយកពន្ធដារ ​តម្រូវឱ្យម្ចាស់សហគ្រាស  នាយក និងបណ្ណាធិការ បំពេញកាតព្វកិច្ចនូវការដាក់តាំង ឬព្យួរបង្ហាញឯកសារបញ្ជាក់ការចុះបញ្ជីពន្ធដារ ដែលមានសុពលភាព នៅកន្លែងធ្វើសកម្មភាពសេដ្ឋកិច្ចនីមួយៗ។ លោក គង់ វិបុលអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា​ អ្នកដែលមិនអនុវត្តតាមការណែនាំនេះ នឹងត្រូវរងទោសទណ្ឌ។

 
លោក គង់ វិបុល បានបញ្ជាក់ថា វិញ្ញបនបត្រចុះបញ្ជីពន្ធដារ ឬលិខិតបញ្ជាក់ពីការចុះបញ្ជីពន្ធដារ  និងប័ណ្ណពន្ធប៉ាតង់ ត្រូវដាក់តាំងនៅទីចាត់ការសហគ្រាស។ ចំពោះសាខាសហគ្រាស ក៏ត្រូវតាំងបង្ហាញលិខិតទាំងនេះដែរ។
 
បើតាមលោក គង់​​ វិបុល ការធ្វើបែបនេះគឺមានគោលគ្រប់គ្រងការប្រមូលពន្ធប៉ាតង់  និងការបញ្ជាក់អំពីសិទ្ធិ និងកាតព្វកិច្ចជាភ្នាក់ងារកាត់ទុកនិងប្រមូលអាករលើតម្លៃបន្ថែម(VAT) ពីអតិថិជន សម្រាប់ប្រកាសបង់ពន្ធមករដ្ឋបាលសារពើពន្ធ។ លោក បានបន្ថែមថា ចំពោះអ្នកមិនអនុវត្តមានសសេចក្តីណែនាំនេះទេ នឹងត្រូវចាត់ទុកថាប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទបញ្ញត្តិស្តីពីពន្ធដារ និងត្រូវទទួលរងទោសទណ្ឌស្រមតាមមាត្រា ១៣៣ នៃច្បាប់ស្តីពីសារពើពន្ធ។
 
ជាមួយគ្នានេះ អគ្គនាយកពន្ធដារសង្ឃឹមខ្ពស់ថា ម្ចាស់សហគ្រាស  នាយក និងបណ្ណាធិការទាំងអស់ ​នឹងអនុវត្តតាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ នេះបើយោងតាមសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធ ស្តីពីការដាក់តាំង ឬព្យួរបង្ហាញឯកសារបញ្ជាក់ការចុះបញ្ជីពន្ធដារ នៅទីកន្លែងធ្ចើសកម្មភាពសេដ្ឋកិច្ច ដែលចុះហត្ថលេខាដោយ លោក គង់​ វិបុល នាថ្ងៃទី១៤វិច្ឆិកា​ ឆ្នាំ២០២២ ៕ 
 

Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com