FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Messi ជ្រើសរើសបារាំង ប្រេស៊ីល និងអង់គ្លេស ជារនាំងអាហ្សង់ទីន ដើម្បីប្រជែង World Cup 2022 
×![]()
Lionel Messi ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអាហ្សង់ទីន ជ្រើសរើស ប្រេស៊ីល បារាំង និងអង់គ្លេស ជាក្រុមខ្លាំងដែលនឹងគម្រាមកំហែងដល់ក្តីស្រមៃចុងក្រោយរបស់ខ្លួនក្នុងការជួយអាហ្សង់ទីនដណ្តើមពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។
ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ មកពីក្រុម Paris Saint Germain នឹងត្រូវស្ពាយក្តីសង្ឃឹមរបស់ប្រទេសអាហ្សង់ទីនរាប់លាននាក់សារជាថ្មីសម្រាប់ការប្រកួតនៅប្រទេសកាតា ខណៈក្រុមជម្រើសជាតិនៃប្រទេសមកពីទ្វីបអាម៉េរិកខាងត្បូងមួយនេះបានសន្យានាំពាន World Cup លើកទី៣ ទៅអាហ្សង់ទីនវិញ គិតចាប់តាំងពីឆ្នាំ ១៩៨៦។
បើទោះបីជាអតីតខ្សែប្រយុទ្ធក្រុម Barcelona រូបនេះបានជួយក្រុមយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០១៨ មក ដោយជួយអាហ្សង់ទីនឈ្នះពាន Copa America ឆ្នាំ ២០២១ ក៏ដោយ តែតារាឆ្នើមរូបនេះបានបង្ហាញក្រុមដែលរូបគេបានជ្រើសរើសថាជាក្រុមខ្លាំងនិងពិបាកប្រកួតប្រជែងប្រចាំ World Cup 2022 លើកនេះ។
«នៅពេលយើងនិយាយអំពីបេក្ខភាពល្អៗ ពិតណាស់គឺយើងតែងនិយាយសម្រាប់ក្រុមដដែលមួយចំនួនដូចធ្លាប់និយាយពីមុនមក ប្រសិនបើឱ្យខ្ញុំរើសយក ខ្ញុំគិតថាប្រេស៊ីល បារាំង និងអង់គ្លេស។ តែការប្រកួត World Cup គឺពិបាកខ្លាំងហើយដូច្នេះការប្រកួតប្រជែងដ៏ខ្លាំងនេះនឹងធ្វើឱ្យរឿងមួយអាចកើតឡើង។»។ Messi បាននិយាយប្រាប់ទៅកាន់សហព័ន្ធបាល់ទាត់ទ្វីបអាម៉េរិកខាងត្បូង CONMEBOL បែបនេះ។
Messi បានអះអាងបន្ថែមថា អាហ្សង់ទីនបានដាក់ការក្តីរំពឹងលើពានរង្វាន់ World Cup ហើយក្រុមកីឡាករទាំងអស់គឺមានចិត្តចង់ឈ្នះ តែពួកគេកំពុងតែគិតអំពីជំហ៊ានដែលត្រូវដើរបន្តិចម្តងៗ។ មិនត្រឹមតែប៉ុណ្ណោះ Messi ក៏បានចាត់ទុកថាការប្រកួត World Cup គឺជារឿងដ៏ល្អដែលកីឡាករម្នាក់ៗនឹងត្រូវប្រឈមមុនការពិតក្រោយពេលការប្រកួតចប់ ហើយក៏នឹងអាចធ្វើឱ្យមានការយល់ចិត្តគ្នាកាន់តែខ្លាំងក្រោយពីរួមការប្រកួតលើទីលានរួច។
កាល World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល ម្ចាស់ពាន Ballon d'Or ៧សម័យ បានជួយអាហ្សង់ទីនឡើងដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែបានត្រឹមរងជើងឯក ក្រោយប្រកួតចាញ់ក្រុមអាល្លឺម៉ង់ ១-០។
ធ្វើដំណើរទៅ World Cup 2022 ប្រទេសកាតា អាហ្សង់ទីនក្នុងនាមជាក្រុមម្ចាស់ជើងឯក Copa America 2021 មានកំណត់ត្រាក្រុម ៣៥ប្រកួតមិនដែលចាញ់ឡើយ។
ប្រសិនបើការប្រកួតបាល់ទាត់ពិភពលោកខាងមុខជាព្រឹត្តិការណ៍ធំចុងក្រោយដែល Messi បង្ហាញខ្លួន នោះអាហ្សង់ទីននឹងធ្វើយ៉ាងណាប្រជែងពានរង្វាន់ឱ្យខាងតែបាន។ អាហ្សង់ទីនស្ថិតនៅពូល C ដោយត្រូវប្រកួតជាមួយក្រុម អារ៉ាប៊ីសាអូឌីត មុនប៉ះ ម៉ិកស៊ិក និងប៉ូឡូញ៕
Tag:
World Cup
Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com