កីឡាជាតិ
ជាតិ
គ្រូ និងមន្ត្រីក្លិបនៅលីគកំពូលកម្ពុជា ប្រតិកម្មនឹងការអនុវត្តតេស្ត 30-15 IFT របស់លោក Honda
16, Nov 2022 , 2:40 pm        
រូបភាព
ការហ្វឹកហាត់របស់ Nick Taylor ជាមួយក្រុមជម្រើសជាតិផ្សេងទៀត។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ការហ្វឹកហាត់របស់ Nick Taylor ជាមួយក្រុមជម្រើសជាតិផ្សេងទៀត។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
គ្រូបង្វឹក មន្ត្រីក្លិប និងអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា ភាគច្រើនប្រតិកម្ម បន្ទាប់ពីលោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បន្តអនុវត្តតេស្ដ 30-15 IFT ដើម្បីជ្រើសរើសកីឡាករ ទៅកាន់ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022។ តើដើម្បីឲ្យជម្រើសជាតិកម្ពុជា មានលទ្ធផលល្អ ត្រូវពឹងផ្អែកលើតេស្ដនេះ តែមួយមុខ ឬយ៉ាងណា?



លោក សាប៊ូន វិនតា នាយកផ្នែកអភិវឌ្ឍយុវជនក្លិបបឹងកេត បង្ហាញពីការយល់ឃើញរបស់ខ្លួនថា តេស្ដ30-15 IFT មិនអាចបញ្ជាក់ពីសមត្ថភាពរបស់កីឡាករ បាន១០០ភាគរយទេ។ ការធ្វើបែបនេះ គ្រាន់តែជាតេស្ដលើកម្លាំងកាយសម្បទាប៉ុណ្ណោះ។ នាយករូបនេះ បានបង្ហោះសារទាំងការតាំងចិត្ត ថានឹងជួបការរិះគន់មកវិញចំពោះការយល់ឃើញរបស់ខ្លួនបែបណាមកវិញ។

ការហ្វឹកហាត់ របស់ Nick Taylor ជាមួយក្រុមជម្រើសជាតិផ្សេងទៀត។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

«កីឡាករ មានតែកម្លាំង ​ប៉ុន្តែ ខ្វះខាតគុណភាពបច្ចេកទេសល្អ នឹងក្លាយជាក្រុមសម្រាប់តែរត់តាមដេញបាល់គេតែប៉ុណ្ណោះ។ កីឡាករ ដែលមានកម្លាំង និងគុណភាពបច្ចេកទេសល្អ នឹងក្លាយជាក្រុម ដែលមានប្រសិទ្ធភាពខ្ពស់ នៃការគ្រប់គ្រងបាល់បានល្អ ប៉ុន្តែក៏មិនទាន់គ្រប់គ្រាន់ប្រសិនគុណភាពនៃការរៀបចំកលល្បិចក្រុម របស់គ្រូបង្វឹកមិនទាន់បានល្អ។ កីឡាករ មានកម្លាំង និងគុណភាពបច្ចេកទេសល្អ និងបទពិសោធន៍លេងក្នុងការប្រកួតបានច្រើន ហើយមានការរៀបចំក្រុម និងផែនការច្បាស់លាស់ នៃកលល្បិចលេងរបស់ក្រុមការងារគ្រូបង្វឹកនោះគឺជាក្រុមមួយ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការឈ្នះការប្រកួតមួយបាល់។»។ លោក សាប៊ូន វិនតា បានបង្ហោះដូច្នេះ។ 
 
ក្រោយបង្ហោះសារនេះរួច អ្នកគាំទ្រជាច្រើន បានយល់ស្របទៅនិងការយលឃើញនេះ ហើយខ្លះទៀត បានបន្ថែមថា សមត្ថភាព និងបច្ចេកទេស ត្រូវតែដើរព្រមគ្នាជាមួយ និងកាយសម្បទា។
 
ដោយឡែក លោក Conor Nestor គ្រូបង្វឹកព្រះខ័ន្ធរាជស្វាយរៀង ហាក់បីដូចជាចាត់ទុកតេស្ដមួយនេះ មិនល្អគ្រប់គ្រាន់សម្រាប់ជ្រើសក្រុមជម្រើសជាតិទេ។ គ្រូបង្វឹករូបនេះ បានសរសេរពន្យល់ជាសំណេរ លើសារបង្ហោះរបស់លោក ភា សុភក្ដ្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ថា ក្រុមជម្រើសជាតិកម្ពុជា តែងតែធ្វើបានល្អនៅតង់ទី២ ហើយតង់ទី១វិញ ដូចជាមិនមានទម្រង់ល្អប៉ុន្មានទេ បើប្រៀបធៀបគ្នា។ 
 
«ខ្ញុំ គាំទ្រគ្រប់យុទ្ធសាស្ដ្រ នៃការយកមកអនុវត្តដើម្បីស្ដង់ដារ។ ការតេស្ដពិតប្រាកដ គឺសង្កេតមើលការប្រកួត ហើយនេះធ្វើនៅកីឡដ្ឋាន។ ដូច្នេះ អ្នកអាចវាយតម្លៃ ពីអាកប្បកិរិយា និងភាពវៃឆ្លាយនៃការប្រកួត របស់កីឡាករ។ តង់ទី២ ក្រុមជម្រើសជាតិ តែងបង្ហាញទម្រង់លេងល្អជាងតង់ទី១ ដែលការបង្ហាញបែបនេះ អស់រយៈពេល ២ឆ្នាំហើយ។»។
 
ដោយឡែក លោក ភា សុភក្ដ្រា ហាក់បីដូចជាមិនពេញចិត្តនិងការរិះគន់ របស់គ្រូបង្វឹក និងមន្ត្រីតាមក្លិបមួយចំនួន ចំពោះបញ្ហានេះទេ ដោយគ្រូជំនួយរូបនេះ យល់ឃើញថា អ្នកទាំងនោះ ដូចជាមិនសូវយល់ពីនីតិវិធី នៃការអភិវឌ្ឍសមត្ថភាពកីឡាករ និងក្រុមជម្រើសជាតិ។ 
 
លោក សុភក្ត្រា និយាយដូច្នេះថា៖« អ្នកគាំទ្រ ត្រូវការពេលវេលាដើម្បីយល់ តែគ្រូខ្លះ ហេតុអីនៅតែមិនយល់ពីនីតីវិធីនៃការអភិវឌ្ឍសមត្ថភាពក្រុម ទៅធ្វើឲ្យអ្នកគាំទ្រ យល់ច្រឡំថាខ្ញុំយកអ្នករត់ប្រណាំងមកលេងបាល់។»។ 
 
គ្រូជំនួយរូបនេះ បានបង្ហោះសារទៀតថា តេស្ដ 30-15 IFT គ្រាន់តែជាធាត់ផ្សំ ក្នុងការតេស្ដក្រុមជម្រើសជាតិប៉ុណ្ណោះ។ នោះ ប្រហែលជាមានន័យថា ដើម្បីឲ្យក្រុមជម្រើសជាតិកម្ពុជា អាចឈានដល់កម្រិតមួយខ្លាំង គឺត្រូវការធាតុផ្សំច្រើន ដូចជាបច្ចេកទេស យុទ្ធសាស្ដ្រប្រកួត និងបញ្ញាស្មារតីផងដែរ។ 
 
«30-15 IFT​ មិនមែនជាទេវតាបាល់ទាត់ជប់លទ្ឋផលឈ្នះទេ តែវាជាធាតុផ្សំនៃគុណផលក្រុម និងកីឡា​។»។ លោក ភា សុភ័ក្ដ្រា បាននិយាយដូច្នេះ។
 
ដោយឡែក អ្នកគាំទ្រ មួយចំនួនហាក់បីដូចជាមិនគាំទ្រទេ ចំពោះការតេស្ដបែបនេះ ក្រោយពេលឃើញកីឡាករ មួយចំនួន ដែលតែងមានវត្តមានក្នុងក្រុមជម្រើសជាតិ ត្រូវបានធ្លាក់ ខណៈកីឡាករខ្លះទៀត តែងស្ថិតនៅកៅអីបម្រុងក្នុងពេលប្រកួតឲ្យក្លិប បែជាមានវត្តមានប្រកួតឲ្យជម្រើសជាតិទៅវិញ។ ជាជាក់ស្ដែង តើកីឡាករទាំងនោះ អាចលេងឲ្យក្រុមជម្រើសជាតិបានទេ បើពួកគេមិនមានបទពិសោធន៍ និងបច្ចេកទេសគ្រប់គ្រានផង?៕
 
តើមូលហេតុអ្វី បានជាលោក Keisuke Honda យកតេស្ដនេះ មកអនុវត្តក្នុងក្រុមជម្រើសជាតិ? សូមចូលមើលអត្ថបទ ទាក់ទងពីមុន។
 
 

Tag:
 បាល់ទាត់
  30-15 IFT
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com