ជាតិ
ក្រសួងកសិកម្ម កំពុងដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ នៅបាត់ដំបង និងបន្ទាយមានជ័យ
16, Nov 2022 , 3:08 pm        
រូបភាព
 (រូបតំណាង) មន្ត្រីចុះពិនិត្យ រោងម៉ាស៊ីនកិនស្រូវមួយកន្លែង ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តកាកែវ នាពេលកន្លងមក។​ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
(រូបតំណាង) មន្ត្រីចុះពិនិត្យ រោងម៉ាស៊ីនកិនស្រូវមួយកន្លែង ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តកាកែវ នាពេលកន្លងមក។​ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
ភ្នំពេញ៖ បច្ចុប្បន្នតម្លៃស្រូវនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កំពុងធ្លាក់ថ្លៃ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ចាប់ពីខែវិច្ឆិកា ដល់ពាក់កណ្ដាលខែធ្នូ​ ជារដូវកាលប្រមូលផលស្រូវរដូវវស្សារបស់កសិករ បណ្ដាលឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងប៉ះពាល់ដល់ថ្លៃស្រូវ ដូចឆ្នាំមុនៗ។



ជុំវិញបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសថា ក្រសួងបានចាត់ក្រុមការងារដើម្បីចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយសមស្រប ទៅនឹងកន្លែងដល់កសិករ។ ចំពោះកសិករដែលមានមូលដ្ឋានក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដែលជួបបញ្ហា អាចទាក់ទងដោយផ្ទាល់ទៅកាន់ក្រុមការងារក្រសួង ដើម្បីដោះស្រាយបញ្ហា​នេះ។


 សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ 
 
ជាមួយគ្នានេះ ក្រសួងក៏បានច្រានចោល ការបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមមួយចំនួន​ ដែលថាក្រសួងមិនបានអើពើរកដំណោះស្រាយជូនកសិករ។ ក្រសួងក៏បានអំពាវនាវ ឱ្យពលរដ្ឋក្នុងបណ្ដាញសង្គម​បញ្ឈប់បង្ហោះព័ត៌មានមិនពិត ដែលបង្កការបារម្ភដល់កសិករមិនទាន់ប្រមូលផល ឱ្យប្រញាប់ប្រមូលស្រូវរបស់ពួកគេ ទាំងមិនទាន់គ្រប់គុណភាពដើម្បីលក់បណ្ដាលឱ្យស្រូវធ្លាក់ចុះថែមទៀត។
 
គួរជម្រាបផងដែរថា យោងតាមតម្លៃស្រូវសើម ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សហព័ន្ធស្រូវអង្គរកម្ពុជា ក្នុងខេត្តបាត់ដំបង ស្រុកបាណន់ តម្លៃស្រូវសើមប្រភេទផ្ការំដួលមានតម្លៃចន្លោះពី១ ១០០រៀល ដល់ ១ ១៧០រៀល, ស្រុកមោងឫស្សី និង ស្រុកបរវេល ចន្លោះពី ១ ១០០រៀល ដល់ ១ ១២០រៀល។ ចំណែកតម្លៃស្រូវសើម សែនក្រអូបក្នុងស្រុកទាំងបី ចន្លោះពី១០៨០រៀល ដល់ ១១១០រៀល និង តម្លៃចន្លោះពី ៨៤០រៀល ដល់ ៨៦០រៀល សម្រាប់ប្រភេទស្រូវសើម OM។
 
ចំពោះតម្លៃស្រូវផ្សេងៗ ក្នុងស្រុកមោងឫស្សី ចន្លោះពី៩៥០រៀល ដល់ ១ ០០០រៀល, ស្រុកបរវេល ចន្លោះពី៩៩០រៀល ដល់ ១ ០១០រៀល។ រីឯខេត្តបន្ទាយមានជ័យ ស្រុកភ្នំស្រុកតម្លៃស្រូវសើម ប្រភេទស្រូវផ្ការំដួលចន្លោះពី ១ ១០០រៀល ដល់ ១ ១២០រៀល, ស្រូវសែនក្រអូបចន្លោះពី ១ ០៨០រៀល ដល់ ១ ១១០, ស្រូវ OM ចន្លោះពី៨៦០រៀល​ ដល់ ៨៨០រៀល៕
 
សម្គាល់ ៖ ពលរដ្ឋមានបញ្ហាថ្លៃស្រូវ ទាក់ទងទៅលេខ ០៩៥ ៩៥១ ១១១​ សម្រាប់អ្នករស់នៅខេត្តបាត់ដំបង និង ០១២ ៨៣៨ ៩៣៧ សម្រាប់ខេត្តបន្ទាយមានជ័យ។
 
 

Tag:
 ThmeyThmey25
  ស្រូវធ្លាក់ថ្លៃ
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com