ជាតិ
សេដ្ឋកិច្ច
១០ខែ ពន្ធដារប្រមូលចំណូលជាតិបាន​១០៤ភាគរយ​
16, Nov 2022 , 7:59 pm        
រូបភាព
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
រយៈពេល១០ខែ អគ្គនាយកពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទចូលជាតិបាន ២ ៩៤៦លានដុល្លារអាម៉េរិក។​ ចំណូលនេះ ស្មើនឹង១០៤,៤៨ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។

 
បើតាមអគ្គនាយកដ្ឋានពន្ធដារ ចំណូលប្រមូលបាននេះ លើសផែនការរហូតដល់ ៤,៤៨ភាគរយ ខណៈច្បាប់កំណត់ឱ្យ​ប្រមូល​ចំណូលតែ ​​២ ៨១៩,៥៤​ លាន​ដុល្លារសម្រាប់ឆ្នាំ២០២២។
 
កន្លងមក ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានបង្ហាញនូវមោទកភាពភាពជាខ្លាំង ចំពោះការងាររបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា នៅចំពោះមុខលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។ 
 
សម្តេច មានប្រសាសន៍នៅក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ឆ្នាំ២០២២ កាលពីថ្ងៃទី៨វិច្ឆិកា យ៉ាងដូច្នេះ៖ « ឆ្នាំនេះ ជាឆ្នាំដែលយើងខ្ញុំមានមោទកភាពខ្លាំងណាស់ជាមួយនឹងប្រាក់ចំណូលកើនឡើង។ យើងខ្ញុំបានប្រមូលប្រាក់ចំណូលពន្ធតាមច្បាប់ថវិការបស់យើងត្រឹមតែជាង១០ខែប៉ុណ្ណោះ យើងខ្ញុំសម្រេចលើស១០០ភាគរយនសផែនការរួចស្រេចទៅហើយ»។ 
តាមរយៈលទ្ធផលនេះ សម្តេច ហ៊ុន សែន រំពឹងថា ការប្រមូលចំណូលផ្ទៃក្នុងរបស់កម្ពុជានឹងសម្រេចបានយ៉ាងតិច ១១៥ភាគរយ នៅដំណាច់ឆ្នាំ២០២២ សម្រាប់ទ្រទ្រង់ដល់ការចំណាយជាតិ ក្នុងការរ៉ាប់រងជីវភាពរបស់ប្រជាជន។ 
 
ដោយឡែក សម្រាប់ឆ្នាំ២០២៣ ច្បាប់បានកំណត់ឱ្យស្ថាប័នមួយនេះ ប្រមូលចំណូលឱ្យបាន ៣ ៥៧១,៧០លានដុល្លារ ដែលកើនដល់២៦,៧០ភាគរយ ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានប្តេជ្ញាចិត្តក្នុងការប្រមូលចំណូលពន្ធនេះ ឱ្យអស់ពីលទ្ធភាព។ 
 
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែ ឆ្នាំ២០២២ នាថ្ងៃទី១៥វិច្ឆិកា បានស្រង់សម្តី លោក គង់ វិបុល យ៉ាងដូច្នេះ៖ « ខ្ញុំនឹងខិតខំប្រឹងប្រែងពុះពារអនុវត្តភារកិច្ចប្រមូលចំណូល ដើម្បីជាការបន្តគាំទ្រដ៏ពេញទំហឹង ចំពោះការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល»។ 
 
ដើម្បីសម្រេចផែនការប្រមូលចំណូលផ្ទៃក្នុងនេះ លោក គង់ វិបុល បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ជាពិសេសពង្រឹងការអនុវត្តវិធានការវិក្កយបត្រ ចំពោះសហគ្រាសធំៗ ប៉ុន្តែជ្រកក្រោមឈ្មោះអ្នកជាប់ពន្ធតូច៕ 
 

Tag:
 ពន្ធដារ
  លោក គង់ វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com