អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីម្ដងទៀត
16, Nov 2022 , 3:40 pm        
រូបភាព
លោក ដូណាល់ ត្រាំ ប្រកាសឈរឈ្មោះសម្រាប់ឆ្នាំ២០២៤។ រូបថត AFP
លោក ដូណាល់ ត្រាំ ប្រកាសឈរឈ្មោះសម្រាប់ឆ្នាំ២០២៤។ រូបថត AFP
ដោយ:
អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ប្រកាសថានឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀតនៅឆ្នាំ២០២៤ បើទោះប្រឈមនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មជាច្រើនក្ដី។

 
មួយសប្តាហ៍ក្រោយបោះឆ្នោតសភាអាម៉េរិក ពីភូមិគ្រឹះ Mar-a-Lago នៅរដ្ឋ Florida លោក ដូណាល់ ត្រាំ ប្រកាសឈរឈ្មោះជាប្រធានាធិបតីអាម៉េរិកជាលើកទីបី។ ក្នុងសុន្ទរកថាផ្សាយផ្ទាល់លើទូរទស្សន៍អាម៉េរិកទៅកាន់អ្នកគាំទ្ររាប់រយនាក់ លោក ត្រាំ បញ្ជាក់ថា លោកឈរឈ្មោះម្តងទៀតនេះ ​ដោយសារពិភពលោកមិនទាន់ឃើញពីភាពអស្ចារ្យពិតប្រាកដនៃប្រទេសជាតិនេះនៅឡើយទេ។
 
«ដើម្បីធ្វើឱ្យអាម៉េរិកអាស្ចារ្យម្តងទៀត នៅយប់នេះខ្ញុំប្រកាសពីបេក្ខភាពរបស់ខ្ញុំជាប្រធានាធិបតីអាម៉េរិក»។ លោក ត្រាំ ថ្លែងបែបនេះទៅកាន់អ្នកគាំទ្រដោយបន្ថែមថា យើងទាំងអស់គ្នានឹងយកអាម៉េរិកជាធំម្តងទៀត ហើយធានាមិនឱ្យលោក បៃឌិន ជាប់ឆ្នោត៤ឆ្នាំទៀតឡើយ។
 
មុនសេចក្តីប្រកាសនេះបន្តិច ប្រធានាធិបតីអាម៉េរិកទី៤៥រូបនេះបានបញ្ជូនឯកសារបញ្ជាក់ពីបេក្ខភាពរបស់លោកដែលហៅថា Donald J Trump for President 2024 ទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតសហព័ន្ធអាម៉េរិក។ 
 
ប្រធានាធិបតីបច្ចុប្បន្នអាម៉េរិក ចូ បៃដិន ដែលប្រជែងឈ្នះលោក ត្រាំ កាលពីការបោះឆ្នោតឆ្នាំ២០២០ ក៏ប្រកាសថានឹងឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទីពីរដែរ តែនឹងបញ្ជាក់នៅដើមឆ្នាំ២០២៣។ 
 
សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីអាម៉េរិកតែម្នាក់គត់ក្នុងប្រវត្តិសាស្រ្តដែលត្រូវបានរដ្ឋសភាបោះឆ្នោតដកចេញពីតំណែងពីរដង។ លោក ត្រាំ វ័យ ៧៦ ឆ្នាំ ក៏កំពុងប្រឈមនឹងការស៊ើបអង្កេត និងពាក្យបណ្តឹងជាច្រើនក្នុងរដ្ឋជាច្រើនទូទាំងអាម៉េរិកផងដែរ។ 
 
ក្នុងនោះរួមមានការលួចលាក់ឯកសារសម្ងាត់ជាតិ បន្ទាប់ពីលោកចុះចេញពីតំណែងកាលពីខែមករា ឆ្នាំ២០២១។ បន្ថែមពីលើនេះ លោកក៏ស្ថិតក្រោមការស៊ើបអង្កេតពីរករណីផ្សេងគ្នានៅរដ្ឋ New York ដែលមួយជាបណ្តឹងស៊ីវិល និងមួយទៀតជាបណ្តឹងព្រហ្មទណ្ឌពាក់ព័ន្ធនឹងការក្លែងបន្លំ ក៏ដូចជាសំណុំរឿងគេចពន្ធរបស់ក្រុមហ៊ុនត្រាំ (Trump Organization)។ នៅរដ្ឋ Georgia វិញ លោកត្រាំកំពុងស្ថិតក្រោមការស៊ើបអង្កេតពីតួនាទីរបស់លោកក្នុងការប៉ុនប៉ងមិនទទួលយកលទ្ធផលបោះឆ្នោតឆ្នាំ២០២០៕
 
 
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com