ជាតិ
សេដ្ឋកិច្ច
ដើម្បីរួចផុតពីការផាកពិន័យ សូមប្រញាប់ទៅបង់ពន្ធលើរថយន្តឲ្យបានមុនថ្ងៃទី១ ខែធ្នូ! 
×![]()
សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ សម្រាប់អ្នកបង់ពន្ធលើមធ្យាបាយដឹកជញ្ជូនទំនិញ និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២។ ចំពោះអ្នកបង់ពន្ធ ក្រោយថ្ងៃទី៣០វិច្ឆិកា នឹងរងទោសទណ្ឌជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ បានកត់សម្គាល់ឃើញថា ម្ចាស់យានយន្តមួយចំនួន ពុំទាន់បំពេញកាតព្វកិច្ចបង់ពន្ធលើមធ្យាបាយដឹកជញ្ជូនទំនិញ និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំឡើយ ខណៈការប្រមូលពន្ធប្រភេទនេះ ត្រូវបិទបញ្ចប់ នៅចុងខែនេះ។
ដើម្បីចៀសវាងការរងទោសទណ្ឌ អគ្គនាយកដ្ឋានពន្ធដារបានរំឭកដល់ម្ចាស់យានជំនិះគ្រប់ភេទ ត្រូវរួសរាន់មកបង់ពន្ធប្រភេទនេះឱ្យបានមុនថ្ងៃទី១ ធ្នូ ឆ្នាំ២០២២។ នេះបើតាមការក្រើនរំឭកពីអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៥ វិច្ឆិកា។
ពន្ធដារ បានបញ្ជាក់ថា អ្នកមកបង់ពន្ធត្រូវភ្ជាប់អត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ម្ចាស់យានយន្តអាចបង់ពន្ធប្រភេទនេះ នៅតាមសាខាពន្ធដាររាជធានី-ខេត្ត និងធនាគារដៃគូនានា។
បើតាមអគ្គនាយកដ្ឋានពន្ធដារ ម្ចាស់យានយន្តដែលធា្លប់ប្រកាសបង់ពន្ធលើមធ្យាបាយដឹកជញ្ជូនទំនិញ និងយានជំនិះគ្រប់ប្រភេទនេះ គឺអាចបង់ពន្ធតាមរយៈកម្មវិធី GDT Taxpayer App ដោយទាញយកមកប្រើប្រាស់ពីApp Store ឬ Play Store។
ដោយឡែក យានយន្តដែលជាកម្មសសិទ្ធរបស់ស្ថានទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាល ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ(ពន្ធជាបន្ទុករដ្ឋ)។ ចំពោះក្រសួង-ស្ថាប័ន ឬអង្គភាព ដែលត្រូវទទួលបាន«លតាបត្រពន្ធ»លើមធ្យាបាយដឹកជញ្ជូនទំនិញ និងយានជំនិះគ្រប់ប្រភេទនេះ ត្រូវភ្ជាប់មកនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សម្រាប់យានយន្តជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប ពុំតម្រូវឱ្យបង់ពន្ធប្រភេទនេះទេ។
ពន្ធដារ បានបញ្ជាក់ថា ម្ចាស់យានយន្តអាចបង់ពន្ធលើមធ្យាបាយដឹកជញ្ជូនទំនិញ និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំនេះបាន លុះត្រាតែបំពេញកាតព្វកិច្ច និងអាករនាំចូលស្របតាមច្បាប់ និងបទបញ្ញាត្តិស្តីពីគយ រួមទាំងការចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ ឱ្យរួចរាល់ជាមុនសិន។
ក្នុងករណីខកខានមិនបានបង់ពន្ធប្រភេទនេះឱ្យទាន់ពេលវេលាទេ ម្ចាស់យានយន្តនឹងរងទោសតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរចរណ៍ និងកងអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលនេះ នៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២៕
© រក្សាសិទ្ធិដោយ thmeythmey.com