កីឡាអន្តរជាតិ
អន្តរជាតិ
សមាជិកក្រុមព័រទុយហ្កាល់ម្នាក់ថា ការចាប់ដៃដ៏ឆ្គងរវាង Ronaldo និង Fernandes ជាការលេងសើច
× ការចាប់ដៃដោយភាពឆ្គាំឆ្គងររវាងខ្សែប្រយុទ្ធ Cristiano Ronaldo និងខ្សែបម្រើ Bruno Fernandes ជារឿងលេងសើចតែប៉ុណ្ណោះសម្រាប់មិត្តរួមក្រុមទាំងក្រុមជម្រើសជាតិព័រទុយហ្កាល់ និង Manchester United ទាំងពីររូប។ នេះបើតាម Joao Mario សមាជិកក្រុមព័រទុយហ្កាល់ដែលបានរួមដំណើរជាមួយគ្នាទៅកាន់ World Cup នៅកាតា។
រឿងដ៏គួរឱ្យចាប់អារម្មណ៍មួយរវាងដៃគូមិត្តរួមក្រុម Man Utd ទាំងពីរកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ត្រូវចាប់បានដោយកាមេរ៉ា ហើយវាបានក្លាយជារឿងដ៏គួរឱ្យរសើបមួយនៅលើបណ្តាញសង្គមអ៊ិនធឺណិត។ ឃ្លីបវីដេអូមួយនោះនៅពេលដែល Fernandes បានដើរមកដល់បន្ទប់ផ្លាស់សម្លៀកបំពាក់នៃកន្លែងហ្វឹកហាត់ Ronaldo បានលើកដៃបំណងជាការចាប់ដៃស្វាគមន៍មិត្តរួមក្រុម Fernandes ប៉ុន្តែ Fernandes ធ្វើដូចមិនសូវចាប់អារម្មណ៍ ហើយខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំបានបង្ហាញទឹកមុខហួសចិត្ត។
វីដេអូដ៏គួរឱ្យចាប់អារម្មណ៍នៃការចាប់ដៃនេះ គឺបានកើតឡើងក្រោយពេល Ronaldo បានធ្វើកិច្ចសម្ភាសន៍ក្នុងកម្មវិធី Piers Morgan Uncensored ហើយតារាឆ្នើមរូបនេះបាននិយាយរិះគន់ទៅកាន់ក្លិប Manchester United ព្រមទាំងរិះគន់លោក Erik ten Hag ថាបានក្បត់លើរូបគេ និងចង់កម្ចាត់គេចេញពីក្លិប។
ទោះជាបែបនេះក្តីមិត្តរួមក្រុមរបស់កីឡាករទាំងពីរដែលដើរតួរនៅត្រង់តំបន់បម្រើគឺកីឡាករ Joao Mario បាននិយាយប្រាប់អ្នកកាសែតក្នុងទីក្រុង Lisbon ថារឿងនោះគ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ។
«ខ្ញុំបានស្ថិតនៅទីនោះហើយបានឃើញគ្រប់យ៉ាង វាពិតជារឿងដ៏គួរឱ្យអស់សំណើចខ្លាំងណាស់ ដែលត្រូវមកដោះស្រាយហើយវាខុសពីការគិតនៅខាងក្រៅ។ វាគ្រាន់តែជារឿងលេងសើចរវាងពួកគេ ព្រោះ Fernandes មកកាន់កន្លែងហ្វឹកហាត់យឺតចុងក្រោយគេ។ ស្របពេលនោះ Ronaldo បានសួរគេថា គេឯងជិះទូកមកហ្វឹកហាត់ឬ ហើយពួកគេគ្មានទំនាស់អ្វីនឹងគ្នាឡើយខ្ញុំឃើញជារៀងរាល់ថ្ងៃហើយ។»។ Joao Mario បាននិយាយលាយឡំជាមួយសំណើចបែបនេះទៅអ្នកកាសែត។
ព័រទុយហ្គាល់សម្រាប់ការប្រកួត World Cup 2022 នៅប្រទេសកាតា ជាក្រុមស្ថិតនៅក្នុងពូល H ដែលរួមមានក្រុមហ្គាណា អ៊ុយរូហ្គាយ និងកូរ៉េខាងត្បូង៕
Tag:
Cristiano Ronaldo
World Cup
© រក្សាសិទ្ធិដោយ thmeythmey.com