FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូអាហ្សង់ទីនថា Messi សប្បាយចិត្តក្នុងការលេងនៅ World Cup
17, Nov 2022 , 8:29 am        
រូបភាព
Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន មានភាពសប្បាយរីករាយ និងចង់លេងក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតាយ៉ាងខ្លាំង។ Messi ក៏បានចូលហ្វឹកហាត់ជាមួយអាហ្សង់ទីន សម្រាប់ការប្រកួតកម្តៅសាច់ដុំជាមួយអេម៊ីរ៉ាត់អារ៉ាប់រួមផងដែរ។ នេះបើតាមលោក Lionel Scaloni គ្រូបង្វឹកអាហ្សង់ទីន នៅថ្ងៃទី១៥ ខែវិច្ឆិកា។


​World Cup នៅប្រទេសកាតាលើកនេះក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងតែសម្លឹងស្វែងរកជ័យជម្នះពានរង្វាន់ពិភពលោកលើកទី៣ របស់ខ្លួន បើគិតចាប់តាំងពីឆ្នាំ ១៩៨៦ មក ហើយខ្សែប្រយុទ្ធដែលលេងឱ្យក្រុម ​Paris Saint Germain ត្រូវបានគេរំពឹងថានឹងលេងក្នុងតួនាទីដ៏សំខាន់នៃការប្រកួតពេលខាងមុខ។ អាហ្សង់ទីនទៅកាន់ World Cup ជាមួយកំណត់ត្រា ៣៥ប្រកួតមិនដែលចាញ់តាំងពីឆ្នាំ ២០១៨។
 
នាសន្និសីទកាសែតមុនការប្រកួតមិត្តភាពកម្តៅសាច់ដុំមកដល់លោក ​Scaloni បានបង្ហើបប្រាប់អ្នកកាសែតថាខ្សែប្រយុទ្ធដែលជាប្រធានក្រុមអាហ្សង់ទីនបានវិលចូលហ្វឹកហាត់វិញ ហើយរូបគេរីករាយនឹងចង់លេង​ World Cup ខ្លាំងណាស់។ 
 
«ខ្ញុំឃើញគាត់តែងតែចង់លេងនិងចង់រីករាយខ្លាំងក្នុងការប្រកួត World Cup។ គេដឹងថាត្រូវលេងបែបណានៅពេលដែលគេបានពាក់អាវក្រុមជម្រើសជាតិមួយនេះ ហើយពេលនេះគេបានចូលហ្វឹកហាត់វិញ ឃើញថាគេរីករាយជាមួយមិត្តរួមក្រុម»។ លោក Scaloni បាននិយាយបែបនេះ។
 
ដោយឡែកការប្រកួតមិត្តភាពទល់ក្រុមអេម៊ីរ៉ាត់អារ៉ាប់រួម ក្រុមអាហ្សង់ទីនហាក់បីដូចជួបបញ្ហាកីឡាករសំខាន់មួយចំនួន ដូចជាកីឡាករ Marcos Acuna រងរបួសកំភួនជើង នឹងខ្សែបម្រើ ​Giovani Lo Celso ដែលធ្លាប់ជួយអាហ្សង់ទីនឈ្នះ Copa America 2021 គ្មានវត្តមានជួយក្រុមសម្រាប់ World Cup ឡើយ។
 
ការប្រកួតមិត្តភាពនេះនឹងក្លាយជាការធ្វើតេស្តលើកចុងក្រោយសម្រាប់អាហ្សង់ទីនមុនពេលការប្រកួត World Cup ក្នុងជំនួបបើកឆាកទល់ក្រុម អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី២២ ខែវិច្ឆិកា មុនជួបប៉ូឡូញ និងម៉ិកស៊ិក៕
 

Tag:
 World Cup
  Lionel Messi
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com