ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
អគ្គនាយកក្រុមហ៊ុន ADI ៖ កត្តា៥ មានតួនាទីសំខាន់ក្នុងការពង្រឹងគុណភាពជំនាញស្ថាបត្យកម្ម
17, Nov 2022 , 9:29 am        
រូបភាព
លោក តាំង សុចិត្តវិទូ  សាស្រ្តាចារ្យផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យល័យភូមិន្ទវិចិត្តសិល្បៈ និងជាអគ្គនាយកក្រុមហ៊ុន ADI
លោក តាំង សុចិត្តវិទូ សាស្រ្តាចារ្យផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យល័យភូមិន្ទវិចិត្តសិល្បៈ និងជាអគ្គនាយកក្រុមហ៊ុន ADI
ដោយ៖ សុង សុធាវី    
 
 ភ្នំពេញ៖ បច្ចុប្បន្ន ដើម្បីពង្រឹងជំនាញស្ថាបត្យកម្មនៅកម្ពុជា ឱ្យមានប្រសិទ្ធភាព វាត្រូវមានកត្តារួមផ្សំចំនួន៥ រួមមាន កត្តាធនធានមនុស្ស, ធនធានហិរញ្ញវត្ថុ ,ហេដ្ឋារចនាសម្ព័នផ្គត់ផ្គង់គ្រប់គ្រាន់, កម្មវិធីអប់រំដែលមានស្តង់ដារ និងចុងក្រោយ ការចូលរួមពីគ្រប់ភាគីក្នុងសង្គម។ នេះបើតាមអតីតនិស្សិតពីសហរដ្ឋអាម៉េរិក ផ្នែកស្ថាបត្យកម្ម  លោក តាំង សុចិត្តវិទូ ប្រាប់សារព័ត៌មានថ្មីៗ ។



 លោក តាំង សុចិត្តវិទូ   ក្នុងបទសម្ភាសជាមួយកម្មវិធី  «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ
 
ដើម្បីកាន់តែលម្អិតពីខ្លឹមសារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង វាគ្មិន លោក តាំង សុចិត្តវិទូ សាស្រ្តាចារ្យផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖




 
កញ្ញា សុង សុធាវី៖ លោក សុចិត្តវិទូ គឺជាអ្នកជំនាញផ្នែកស្ថាបត្យកម្មដ៏លេចធ្លោមួយរូប ហើយលោកក៏ជាសាស្រ្តាចារ្យលើជំនាញនេះផងដែរ តើធ្វើដូចម្តេច ដើម្បីឱ្យយុវជនជំនាន់ថ្មីយើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងក្នុងតំបន់អាស៊ាន ហើយគួរតែមានការអប់រំស្តង់ដារបែណាដែរ? 
 
លោក តាំង សុចិត្តវិទូ៖ កម្មវិធីស្តង់ដារនៅក្នុងវិស័យអប់រំទូទៅ ថ្មីៗនេះ រាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំបានជំរុញការរៀបចំនូវកម្មវិធីស្តង់ដារជាតិ ពិសេសកម្មវិធីសិក្សាកំរិតឧត្តមសិក្សា។ បរិញ្ញាបត្រ អនុបណ្ឌិត និង បណ្ឌិត ហ្នឹង ដែលជំរុញឱ្យមានកត្តា៥សំខាន់។ ទី១ យើងត្រូវការធនធានមនុស្ស ដែលសំដៅលើថ្នាក់ដឹកនាំនៃវិទ្យាស្ថាន ហើយបណ្តុះបណ្តាលជំនាញស្ថាបត្យកម្ម ក៏ដូចជាសាស្រ្តាចារ្យ គ្រូ មានសមត្ថភាពខ្ពស់។ យើងត្រូវការធនធានមនុស្សទាំងនោះ ដែលជាអ្នកមានទស្សនៈវិស័យវែងឆ្ងាយ មានបទពិសោធន៍ពីជំនាញច្បាស់លាស់ មានការយល់ដឹងពីសង្គមបានទូលំទូលាយ ទាំងសង្គមមនុស្សនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ ទី២ យើងត្រូវការធនធានហិរញ្ញវត្ថុសមរម្យ ដើម្បីឱ្យគាត់មានលទ្ធភាពយកមកអភិវឌ្ឍន៍ កែលម្អហេដ្ឋារចនាសម្ព័នក្នុងវិស័យអប់រំជំនាញស្ថាបត្យកម្ម។ ទី៣ យើងត្រូវការហេដ្ឋារចនាសម្ព័ន ដូចជាសំណង់ អគារ ថ្នាក់រៀន និងសម្ភារៈសិក្សាស្តង់ដារត្រឹមត្រូវគ្រប់គ្រាន់ ដើម្បីពង្រឹងលើជំនាញនេះឱ្យមានភាពប្រសើរ។ ទី៤ យើងត្រូវការកម្មវិធីអប់រំជំនាញស្ថាបត្តកម្មហ្នឹងស្តង់ដារ គ្រប់កំរិតសិក្សាឱ្យមានស្តង់ដារជាតិរួមគ្នាមួយ។ និងទី៥ គឺជាការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ក្នុងការលើកទឹកចិត្ត ផ្តល់ឱកាស និងផ្តល់ការប្រឹក្សាដល់យុវជនលើផ្នែកនេះ   ពីរាជរដ្ឋាភិបាល ផ្នែកឯកជន និង ក្រុមគ្រួសារ។ អ៊ីចឹងកត្តាទាំង៥ហ្នឹង គឺជារឿងចាំបាច់ដែលត្រូវតែពង្រឹងឱ្យមានគុណភាពខ្ពស់  សម្រាប់យុជនលើផ្នែកនេះ ដើម្បីគុណភាព គុណតម្លៃ ដូចដែលដូនតាយើងបានធ្វើកាលពីជាងមួយពាន់ឆ្នាំមុនរួចមកហើយ។ 
 
កញ្ញា សុង សុធាវី៖ លោក សាស្រ្តាចារ្យ យើងឃើញថាតួអង្គដ៏សំខាន់មួយគឺ និស្សិតខ្លួនឯងផ្ទាល់ តើពួកគាត់គួរត្រៀមខ្លួនដូចម្តេច ដើម្បីទទួលបានឱកាសការងារល្អ ទាំងនៅក្នុងប្រទេស និងលើឆាកអាស៊ាន?
 
លោក តាំង សុចិត្តវិទូ៖ បាទ សំណួរនេះសំខាន់ណាស់ សម្រាប់និស្សិត ដែលកំពុងតែចូលរួមជាមួយជំនាញស្ថាបត្យកម្ម។ ជំនាញស្ថាបត្យកម្ម ទាមទារឱ្យនិស្សិតដែលរៀនជំនាញនេះ ត្រូវមានការតាំងចិត្តខ្ពស់ ម៉ត់ចត់ច្បាស់លាស់ ត្រូវមានភាពម្ចាស់ការយល់ពីទិសដៅទៅអនាគតរបស់ខ្លួនច្បាស់លាស់ ហើយត្រូវមានក្តីស្រឡាញ់ជាធំ មិនមែនគ្រាន់លឺគេថារៀនទៅរកលុយបានច្រើនហើយចេះតែទៅតាមគេទេ។ សម្រាប់ខ្ញុំផ្ទាល់ ជំនាញនេះទាមទារភាពអំណត់ ការគិតខ្ពស់ ភាពស្រមើស្រមៃ ត្រូវការធនធានថវិកា ពេលវេលា ទាំងកម្លាំងកាយ ចិត្ត គំនិតប្រាជ្ញា ។ល។ អ៊ីចឹង ទាមទារឱ្យពួកគាត់មានការតាំងចិត្តខ្លាំងណាស់ ដើម្បីសន្សំដើមទុន សម្រាប់អនាគតខ្លួន ៣០ ឬ ៥០ ឆ្នាំនៅពេលខាងមុខ ថាយើងចង់ក្លាយជាស្ថាបត្យករប្រភេទណានៅក្នុងសង្គម និងចូលរួមជួយសង្គមបែបណាតាមរយៈស្នាដៃខ្លួន? កាលណាគាត់មិនមានការតាំងចិត្ត និងទិសដៅច្បាស់លាស់ ដូចចាក់ទឹកលើក្បាលទា។ អ៊ីចឹងការសិក្សារៀនសូតដោយលំបាកជិត៥ឆ្នាំហ្នឹង នឹងផ្តល់ផលផ្លែឱ្យគាត់នៅពេលខាងមុខ ស្របតាមការខិតខំប្រឹងរបស់ពួកគាត់រៀងខ្លួន។ អ្វីដែលរឹតតែចាំបាច់នោះគឺ ផ្នត់គំនិត ឧត្តមគតិ  ទស្សនៈវែងឆ្ងាយរបស់បុគ្គលហ្នឹង ដែលហ៊ានដាក់ចិត្ត កាយពិតប្រាកដ នោះទើបអាចក្លាយជាស្ថាបត្យករដែលមានសក្តានុពលខ្ពស់ទៅអនាគត៕
 
 

Tag:
 បទសម្ភាសវិស័យសំណង់
© រក្សាសិទ្ធិដោយ thmeythmey.com