កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo សារភាពថាហៀបនឹងចូលរួមជាមួយ Man City តែ Ferguson ឃាត់
17, Nov 2022 , 11:49 am        
រូបភាព
Cristiano Ronaldo សារភាពថាហៀបនឹងចូលរួមជាមួយក្រុមគូប្រជែងក្នុងទីក្រុងតែមួយ ​Manchester City កាលពីរដូវកាលមុន តែត្រូវបាន Sir ​Alex Ferguson រារាំង និងបញ្ចុះបញ្ចូលរូបគេត្រឡប់ទៅ Manchester United វិញ។ នេះបើតាមសម្តី Ronaldo ដែលត្រូវបានផ្សាយដោយកម្មវិធី Piers Morgan Uncensored នៅថ្ងៃទី១៦ វិច្ឆិកា។



ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ បានឱ្យដឹងថាគេត្រូវបានលោក Ferguson ជំរុញឱ្យចូលរួមក្រុមបិសាចក្រហមជាលើកទី២ នៅទឹកដី Old Trafford បន្ទាប់ពីគេចាកចេញពីក្រុម Juventus របស់អ៊ីតាលីកាលពីខែសីហា ឆ្នាំ ២០២១។ Ronaldo វិលទៅ Old Trafford ជាមួយកិច្ចសន្យា ២រដូវកាល ជាទីកន្លែងដែលរូបគេឈ្នះពានរង្វាន់ចំនួន ៨នៅអង់គ្លេសពីឆ្នាំ ២០០៣-២០០៩។
 
«ប្រសើរណាស់និយាយដោយភាពស្មោះត្រង់ វាគឺពិតជាជិតខ្លាំងមែនទែន ដែលកាលនោះ Guardiola បានព្យាយាមជជែកជាមួយខ្ញុំ ខ្ញុំអាចនិយាយបានថាពួកគេបានព្យាយាមខ្លាំងដើម្បីយកខ្ញុំ។ តែប្រវត្តិសាស្ត្រគឺខ្ញុំជាមនុស្សរបស់ Man United ពេលនោះបេះដូង និងអារម្មណ៍បានធ្វើឱ្យខ្ញុំផ្លាស់ប្តូរចិត្ត ពិតណាស់ព្រោះតែ Sir Alex Ferguson បាននិយាយមកខ្ញុំពិតជារឿងដ៏ភ្ញាក់ផ្អើលពេលនោះ ខ្ញុំក៏សម្រេចវិលមកជាលើកទីពីរ។»។ នេះបើតាមសម្តីរបស់ Ronaldo។ 
 
កិច្ចសម្ភាសន៍ Ronaldo ក្នុងកម្មវិធីដែលដឹកនាំដោយលោក Piers Morgan ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់បាននិយាយរិះគន់ចំៗទៅក្លិប Man United ថាបានក្បត់រូបគេ ហើយព្យាយាមកម្ចាត់គេចេញពីក្រុម។ ម្ចាស់ពាន Ballon d’Or ៥សម័យបានបង្ហើបថា ក្រុមបិសាចក្រហមមិនដែលគាំទ្រ រូបគេឡើយ នៅពេលកូនស្រីរបស់គេត្រូវបានយកទៅមន្ទីពេទ្យកាលពីខែ កក្កដា ដែលធ្វើឱ្យរូបគេខកខានចូលរួមក្រុមពេលការប្រកួតត្រៀមរដូវកាល។
 
ក្រោយតែពី Ronaldo បានបង្ហាញអារម្មណ៍រិះគន់ទៅ Man United មិនបានប៉ុន្មានក្រុមបិសាចក្រហមក៏បានចេញសេចក្តីថ្លែងការណ៍ថានឹងឆ្លើយតបលើបញ្ហាដែលបានកើតឡើង ក្រោយរកឃើញមូលហេតុពេញលេញ។ កាលពីពេលថ្មីៗនេះខ្សែការពារ ​Raphael Varane បាននិយាយថាក្រុមទាំងមូលកំពុងរងការប៉ះពាល់ក្រោយការនិយាយរបស់ Ronaldo ក្នុងកិច្ចសម្ភាសន៍នោះមក៕
 
 

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com