ជាតិ
ប្តូរតំណែងអភិបាលខេត្តពោធិ៍សាត់ដោយសារ លោក ជាវ តាយ ត្រូវការពេលសម្រាកព្យាបាល
17, Nov 2022 , 2:10 pm        
រូបភាព
បើគ្មានការប្រែប្រួលទេ នាថ្ងៃចន្ទខាងមុខ លោក ខូយ រីដា (ស្តាំ) នឹងចូលកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ
បើគ្មានការប្រែប្រួលទេ នាថ្ងៃចន្ទខាងមុខ លោក ខូយ រីដា (ស្តាំ) នឹងចូលកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ
ដោយ: រួបរួម
បើគ្មានការប្រែប្រួលទេ នាថ្ងៃចន្ទខាងមុខ លោក ខូយ រីដា នឹងចូលកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ។ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់បែបនេះទៅកាន់អ្នកសារព័ត៌មាននាព្រឹកថ្ងៃព្រហស្បតិ៍ ក្រោយកិច្ចប្រជុំលើកទី៥ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ)។

 
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា សម្តេច ស ខេង បានសរសេរលិខិតស្នើសុំគោលការណ៍ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើការតែងតាំងមុខតំណែងលោក ជាវ តាយ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយលោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបង ឡើងជាអភិបាលខេត្តពោធិ៍សាត់។
 
នៅថ្ងៃដដែល សម្តេច ហ៊ុន សែន បានចុះហត្ថលេខា ដោយចំណារយល់ព្រម តាមសំណើររបស់សម្តេច ស ខេង។
 
«បើមិនមានការប្រែប្រួលអ្វីទេ ខ្ញុំនឹងទៅប្រកាសពិធីប្តូរអភិបាលខេត្តពោធិ៍សាត់»។ សម្តេច ស ខេង បានបញ្ជាក់ យ៉ាងដូច្នេះ ដោយអះអាងថា លោក ជាវ តាយ ក្នុងតំណែងជាអភិបាលខេត្តពោធិ៍សាត់ មិនមានកំហុសអ្វីនោះឡើយ។
 
សម្តេចបានបន្ថែមថា៖ «គាត់ត្រូវការពេលវេលាដើម្បីសម្រាកព្យាបាល ខ្លួនគាត់ និងក្រុមគ្រួសារគាត់ចង់បានអ៊ីចឹង យើងក៏គោរពទៅតាមសំណូមពររបស់គាត់»។
 
លោក ជាវ តាយ បានឡើងកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ កាលពីខែតុលា ជំនួសលោក ម៉ៅ ធនិន ស្របពេលដែលលោក ម៉ៅ ធនិន ផ្លាស់ទៅកាន់តំណែងជាអភិបាលខេត្តកំពត វិញ។
 
នារយៈពេលប៉ុន្មានខែចុងក្រោយនេះ គេមិនឃើញមានវត្តមានលោក ជាវ តាយ ជាសាធារណឡើយ ហើយបើតាមព័ត៌មានពីទំព័រហ្វេសប៊ុកផ្លូវការរបស់ខេត្ត លោកអភិបាលរង ចេង ឡៃ បានកាន់ការងារជាអភិបាលខេត្តស្តីទី។
 
សម្រាប់សមាសភាព លោក ខូយ រីដា វិញ លោកក៏ធ្លាប់កាន់តំណែងជាអភិបាលរងខេត្តពោធិ៍សាត់ផងដែរ មុននឹងទៅកាន់តំណែងដដែលនៅខេត្តបាត់ដំបង កាលពីខែមិនា។ កាលណោះ លោកចូលកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបងជំនួសលោក យឹម សៀប ដែលត្រូវផ្ទេរទៅជាអគ្គលេខាធិការរងនៃអគ្គលេខាធិការក្រសួងមហាផ្ទៃ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com