អន្តរជាតិ
យោធាមីយ៉ាន់ម៉ា ដោះលែងទីប្រឹក្សាលោកស្រី ស៊ូជី, អ្នកថតវីដេអូជប៉ុន និងអតីតអ្នកការទូតអង់គ្លេស
17, Nov 2022 , 4:09 pm        
រូបភាព
លោក Sean Turnell ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ុងសាន ស៊ូជី។ រូបថត AFP
លោក Sean Turnell ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ុងសាន ស៊ូជី។ រូបថត AFP
ដោយ:
នៅថ្ងៃជ័យជម្នះជាតិមីយ៉ាន់ម៉ា របបសឹកនៅថ្ងៃទី១៧ ខែវិច្ឆិកា ដោះលែងអ្នកទោសជិតប្រាំមួយពាន់នាក់ដែលក្នុងនោះមានជនបរទេសបួននាក់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនានារបស់មីយ៉ាន់ម៉ា។

 
តាមការចេញផ្សាយរបស់ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV នៅថ្ងៃទី១៧ ខែវិច្ឆិកា សេដ្ឋវិទូអូស្រ្តាលី Sean Turnell ដែលជាទីប្រឹក្សាលោកស្រី អ៊ុងសាន ស៊ូជី, ផលិតករភាពយន្តឯកសារជប៉ុន Toru Kubota, អតីតអគ្គរាជទូតអង់គ្លេសប្រចាំមីយ៉ាន់ម៉ា Vicky Bowman និងជនជាតិអាម៉េរិក Kyaw Htay Oo ស្ថិតក្នុងចំណោមអ្នកទោស ៥ ៧៧៤ នាក់ដែលត្រូវបានដោះលែង។ 
 
ប៉ុន្តែស្ថានទូតអង់គ្លេសប្រចាំក្រុង Yangon បញ្ជាក់ថា លោកស្រី Bowman មិនទាន់ត្រូវបានដោះលែងចេញពីពន្ធនាគារនៅឡើយ ខណៈស្ថានទូតជប៉ុនប្រាប់ទីភ្នាក់ងារព័ត៌មាន​ AFP ថា ពួកគេត្រូវបានឱ្យដំណឹងថា លោក Kubota នឹងត្រូវបានដោះលែងនៅថ្ងៃនេះ។ បើតាមទូរទស្សន៍ Aljazeera មិនទាន់មានដំណឹងពីស្ថានទូតអូស្រ្តាលី និងអាម៉េរិកទេ។ 
 
ទាក់ទងរឿងនេះ ដោយយោងតាមក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ា ទីភ្នាក់ងារព័ត៌មាន Myanmar Now បញ្ជាក់ថា ការលើកលែងទោសធ្វើឡើង ដោយសារតែថ្ងៃនេះជាទិវាជ័យជម្នះជាតិមីយ៉ាន់ម៉ា។ 
 
មីយ៉ាន់ម៉ាធ្លាក់ចូលក្នុងភាពចលាចលតាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ការរើបម្រះប្រឆាំងរបបសឹកមីយ៉ាន់ម៉ា និងជម្លោះរវាងក្រុមប្រដាប់អាវុធផ្សេងៗនាំឱ្យមនុស្សជិត ២ ៥០០នាក់បាត់បង់ជីវិត និងមនុស្សជាង ១៦ ពាន់នាក់ត្រូវបានឃុំខ្លួនក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងរឿងនយោបាយ។ នេះបើតាមសមាគមជំនួយអ្នកទោសនយោបាយ។ តាមក្រុមសង្គមស៊ីវិលនេះ មកទល់ពេលនេះ មនុស្សប្រហែល ១៣ ពាន់នាក់នៅតែជាប់ឃុំខ្លួននៅឡើយ។ 
 
សូមបញ្ជាក់ថា ការណ៍ដែលយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសធ្វើឡើង បន្ទាប់ពីមេដឹកនាំអាស៊ានចេញសេចក្តីថ្លែងការណ៍រួមកាលពីសប្តាហ៍មុនទាមទារឱ្យយោធាមីយ៉ាន់ម៉ាអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំងប្រាំចំណុចតាមពេលកំណត់ជាក់លាក់ បើមិនដូច្នោះទេនឹងត្រូវផាត់ចេញពីកិច្ចប្រជុំរបស់ប្លុកអាស៊ានបន្តទៀត៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com