ជាតិ
លោក ថោង ខុន ស្នើឱ្យវិស័យទេសចរណ៍ឯកជន ជួយលើកកម្ពស់ម្ហូបខ្មែរ
17, Nov 2022 , 7:59 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្លែងក្នុងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ(រូបភាពពី សមាគមសណ្ឋាគារកម្ពុជា)
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្លែងក្នុងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ(រូបភាពពី សមាគមសណ្ឋាគារកម្ពុជា)
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ ស្នើឱ្យវិស័យឯកជន និងភាគីពាក់ព័ន្ធអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ លើកស្ទួយវិស័យទេសចរណ៍។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សង្ឃឹមភាគីពាក់ព័ន្ធទាំងអស់ ផ្សព្វផ្សាយម្ហូបខ្មែរ ដើម្បីជាអត្តសញ្ញាណសម្រាប់ទាក់ទាញទេសចរណ៍។

 
«កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» ជាផ្នែកមួយនៃផែនការរបស់ក្រសួងទេសចរណ៍សម្រាប់ស្ដារវិស័យទេសចរណ៍ឡើងវិញ។ ស្ថិតក្នុងការពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ នៅថ្ងៃទី១៦ ខែវិច្ឆិកា លោក ថោង ខុន បានលើកឡើងពីគោលដៅសំខាន់មួយចំនួន ដើម្បីពង្រឹងវិស័យទេសចរណ៍នៅកម្ពុជាឱ្យមានភាពប្រសើរជាងមុន។ ក្នុងនោះវិស័យទេសចរណ៍ និងភាគីទាំងអស់ត្រូវបន្តសហការជាមួយក្រសួងទេសចរណ៍ ចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយម្ហូបខ្មែរ ក៏ដូចជាលក្ខណៈពិសេសនៃមុខម្ហូបនីមួយៗ។ ជាពិសេស ការចេញយុទ្ធនាការ «កម្ពុជា ជាគោលដៅទេសចរណ៍ម្ហូបអាហារ»។
 

ម្ចាស់អាជីវកម្ម និងភាគីពាក់ព័ន្ធ ចូលរួមក្នុងពិពរណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ((រូបភាពពី សមាគមសណ្ឋាគារកម្ពុជា)
 
រដ្ឋមន្រ្តីរូបនេះ បញ្ជាក់ថា៖ «ខ្ញុំស្នើឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធបន្ត ចូលរួមអនុវត្តផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាបាននូវកិត្តិនាម “កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពនិងបៃតង” និងអាចសម្រេចបាននូវគោល ដៅដូចបានកំណត់ក្នុងផែនទីចង្អុលផ្លូវ។»
 
យ៉ាងណាមិញក្រោយវិបត្តិជំងឺកូវីដ-១៩ គ្រប់អាជីវកម្ម និងឧស្សាហកម្មទេសចរណ៍ ត្រូវពង្រឹងសមត្ថភាព គុណភាពសេវាកម្ម ដែលតម្រូវឱ្យភាពប្រកួតប្រជែងខ្ពស់ និងការវិវឌ្ឍនៃទីផ្សារ ទេសចរណ៍។ ម្យ៉ាងវិញទៀត ភាគីដែលពាក់ព័ន្ធទាំងអស់ ត្រូវគិតគូរលើការរៀបចំប្រព័ន្ធកក់ទុកជាមុន បរិស្ថាន សុវត្ថិភាពសុខភាពសាធារណៈ។ ការប្រើប្រាស់បច្ចេកវិទ្យាជាដំណោះស្រាយតាម គន្លងប្រក្រតីភាពថ្មី ឆ្លើយតបនឹងការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នវានុវត្តន៍ និងការកែច្នៃប្រើប្រាស់ឡើងវិញ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤.០ ផងដែរ។ 
 
សូមបន្ថែមដែរថា  គ្រប់ភាគីពាក់ព័ន្ធត្រូវផ្សព្វផ្សាយបន្តទាំងកម្មវិធីពិព័រណ៍នា និងគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ និងមានភាពទាក់ទាញ។ លើសពីនេះ គឺការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិមកពីគ្រប់ទិសទី។ ជាពិសេស ការស្នើចូលរួមទាំងអស់គ្នាផ្សព្វផ្សាយកម្ពុជាសម្រាប់ព្រឹត្តិការណ៍ SEA GAME ២០២៣ ខាងមុខនេះ៕
 
 

Tag:
 ThmeyThmey25
  ទេសចរណ៍
 លោក ថោង ខុន
  ផែនទីចង្អុលផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com