អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បោះឆ្នោតអាម៉េរិក៖ បក្សសាធារណរដ្ឋដណ្ដើមបានរដ្ឋសភា រីឯបក្សប្រជាធិបតេយ្យគ្រប់គ្រងព្រឹទ្ធសភា
17, Nov 2022 , 10:29 pm        
រូបភាព
លោក Kevin McCarthy ប្រធានសំឡេងភាគតិចបច្ចុប្បន្ន នឹងក្លាយជាប្រធានរដ្ឋសភាអាម៉េរិកជំនួសលោកស្រី ណាន់ស៊ី ផេឡូស៊ី បន្ទាប់់ពីបក្សសាធារណរដ្ឋគ្រប់គ្រងរដ្ឋសភាវិញ។ រូបថត AFP
លោក Kevin McCarthy ប្រធានសំឡេងភាគតិចបច្ចុប្បន្ន នឹងក្លាយជាប្រធានរដ្ឋសភាអាម៉េរិកជំនួសលោកស្រី ណាន់ស៊ី ផេឡូស៊ី បន្ទាប់់ពីបក្សសាធារណរដ្ឋគ្រប់គ្រងរដ្ឋសភាវិញ។ រូបថត AFP
ដោយ:
ជាមួយជ័យជម្នះនៅរដ្ឋ California បក្សសាធារណរដ្ឋប្រជែងបានកៅអីនៅរដ្ឋសភា២១៨ ដែលគ្រប់គ្រាន់សម្រាប់គ្រប់គ្រងសភាជាន់ទាប។ ទន្ទឹមនេះ បក្សប្រជាធិបតេយ្យបន្តកាន់កាប់ព្រឹទ្ធសភាបន្ទាប់ពីឈ្នះកៅអីនៅរដ្ឋ Nevada កាលពីសប្តាហ៍មុន។

 
ជាងមួយសប្តាហ៍ក្រោយបោះឆ្នោតសភាអាម៉េរិក បក្សប្រជាធិបតេយ្យដែលមានលោក ចូ បៃឌិន ដឹកនាំសេតវិមាន និងគ្រប់គ្រងសភាទាំងពីររបស់អាម៉េរិកពីរឆ្នាំកន្លងមកនេះ បានបាត់បង់ការគ្រប់គ្រងនៅរដ្ឋសភា ដោយធ្លាក់ទៅលើដៃបក្សសាធារណរដ្ឋវិញម្តង។ សភាអាម៉េរិកអាណត្តិទី១១៨ នឹងចាប់ផ្តើមពីខែមករា​ ឆ្នាំ២០២៣។
 
លទ្ធផលចុងក្រោយនេះត្រូវបានបង្ហាញឡើង បន្ទាប់ពីលោក Mike Garcia ដែលតំណាងបក្សសាធារណរដ្ឋនៅថ្ងៃទី១៦ ខែវិច្ឆិកា ត្រូវបានប្រកាសជាប់ជាសមាជិករដ្ឋសភាម្តងទៀតតំណាងឱ្យរដ្ឋ California។ ជាមួយជ័យជម្នះនេះ បក្សសាធារណរដ្ឋប្រជែងបាន២១៨ កៅអីល្មមដើម្បីក្តោបក្តាប់រដ្ឋសភា ហើយនេះនឹងផ្តល់អំណាចដល់បក្សសាធារណរដ្ឋកំណត់របៀបវារៈ និងបើកការស៊ើបអង្កេតប្រឆាំងរដ្ឋបាលលោក​ បៃឌិន។ 
 
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លោក Kevin McCarthy ទទួលបានការតែងតាំងពីបក្សសាធារណរដ្ឋឱ្យក្លាយជាប្រធានតំណាងរដ្ឋសភាចាប់ពីខែមករាស្នងពីលោកស្រី ណាន់ស៊ី ផេឡូស៊ី ដែលតំណាងបក្សប្រជាធិបតេយ្យ។ 
 
«បក្សសាធារណរដ្ឋបានឈ្នះសភាតំណាងប្រជាជនជាផ្លូវការ! ប្រជាជនអាម៉េរិកត្រៀមជាស្រេចសម្រាប់ទិសដៅថ្មី ហើយរដ្ឋសភាដែលមានបក្សសាធារណរដ្ឋដឹកនាំត្រៀមជាស្រេចដើម្បីធ្វើការ»។ លោក McCarthy បង្ហោះសារបែបនេះលើបណ្តាញសង្គម Twitter ។ 
 
បើទោះជាប្រធានតំណាងសំឡេងភាគតិចនៅរដ្ឋសភារូបនេះទទួលបានញញួរពីប្រធានតំណាងរដ្ឋសភាអាម៉េរិកបច្ចុប្បន្នក៏ដោយ បក្សលោកនឹងប្រឈមការលំបាកក្នុងការដឹកនាំ។ នេះដោយសារតែបក្សសាធារណរដ្ឋប្រជែងបានសំឡេងភាគច្រើនតិចបំផុតក្នុងការបោះឆ្នោតសភា។ ប្រសិនបើបាត់បង់មួយ ឬពីរសំឡេងនៃសំឡេងភាគច្រើននេះ លោក McCarthy នឹងពិបាកក្នុងការរក្សាសំឡេងភាគច្រើនសម្រេចលើការបោះឆ្នោតសំណើច្បាប់ណាមួយ។ 
 
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ក៏បានអបអរបក្សសាធារណរដ្ឋដែលប្រជែងបានអាសនៈភាគច្រើននៅរដ្ឋសភាផងដែរ។
 
«ខ្ញុំសូមអបអរសាទរមេដឹកនាំបក្សសាធារណរដ្ឋលោក McCarthy ដែលឈ្នះសំឡេងភាគច្រើននៅរដ្ឋសភា ហើយខ្ញុំត្រៀមជាស្រេចក្នុងការធ្វើការជាមួយសមាជិកសភាដែលមកពីបក្សសាធារណរដ្ឋ»។ លោក បៃដិន បញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានដោយបន្ថែមថា លោកនឹងធ្វើការជាមួយគ្រប់គ្នាមិនថាសមាជិកសាធារណរដ្ឋ ឬប្រជាធិបតេយ្យទេដើម្បីប្រយោជន៍ប្រជាជនអាម៉េរិក៕
 
 
 
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com